ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ពង្រីក​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ​​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ពង្រីក​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នកដំណើរ ព្រមទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ​នៃ​អាកាសយានដ្ឋាន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ពង្រីក​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នកដំណើរ ព្រមទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ​នៃ​អាកាសយានដ្ឋាន​កម្ពុជា លោក​ពេជ្រ សុ​ប៉ុន​តារា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ថា បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​កង​កេង ក្រុងព្រះសីហនុ​មាន​ប្រវែង​ផ្លូវ​រត់​២.៥០០​ម៉ែត្រ ប៉ុន្តែ​យើង​នឹង​ពង្រីក​រហូត​ដល់​៣.៥០០​ម៉ែត្រ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ លោក​បញ្ជាក់​ថា ៖« ការ​ពង្រីក​នេះ នឹង​ចាប់ផ្តើម​នៅ​ខែមីនា និង​បញ្ចប់​នៅ​ខែតុលា »​។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចុះ​ចត​ជា​ប្រចាំ​ចំនួន​៧​ក្រុមហ៊ុន និង​មានការ​ហោះហើរ​ជា​លក្ខណៈ​ជួល​ប្រចាំ​ថ្ងៃជា​ច្រើន​ទៀត »​។
លោក​បន្ថែម​ថា ៖« យើង​រំពឹង​ថា​ព្រ​លាន​យន្តហោះ​កងកេង ក្រុងព្រះសីហនុ នឹង​ទទួល​បាន​ភ្ញៀវ​ឆ្លងកាត់​ប្រមាណ​៧០​ម៉ឺន​នាក់​នៅ​ឆ្នាំ​នេះ »​។

លោក ពេជ្រ សុ​ប៉ុន​តារា បាន​ឲ្យ​ដឹង​ទៀត​ថា ទំហំ​ព្រ​លាន​យន្ដហោះ​កងកេង​បច្ចុប្បន្ន ទាំង​ប្រវែង និង​សមត្ថភាព​ចុះ​ចត​យន្តហោះ គឺ​មាន​ទំហំ​ប៉ុនគ្នា​នឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ប៉ុន្តែ​នៅ​ពេល​ពង្រីក​ចប់​នៅ​ឆ្នាំ​២០១៩ ផ្លូវរ​ត់របស់​ព្រ​លាន​យន្ដហោះ​នេះ​គឺ​មាន​ទំហំ​ដូច​គ្នា​នឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​នេះ ។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន អាច​ទទួល​ការ​ចុះ​ចត​របស់​យន្តហោះ​ប្រភេទ​Boing៧៤៧-៨០០ ដែល​ជា​ប្រភេទ​យន្តហោះ អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង​៤០០​នាក់ ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លោក​ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​វិនិយោគ​ជា​បន្តបន្ទាប់ លោក​គិត​ថា​ព្រ​លាន​យន្តហោះ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប មាន​ទំហំ​សម​ស្រប​នឹង​ចំនួន​អ្នកដំណើរ​ឆ្លងកាត់ ប៉ុន្តែ​ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សី​ហនុមាន​ទំហំ​កន្លែង​ទទួលភ្ញៀវ​នៅ​តូច​នៅឡើយ ដែល​រាជរដ្ឋា​ភិបាល​​គួរ​វិនិយោគ​បន្ថែម​លើ​ផ្នែក​នេះ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នកដំណើរ​កើន​ឡើង​ជា​ប្រចាំ ។

លោក​បន្ត​ថា ៖« ប្រសិនជា​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ​ពង្រីក​បន្ថែម​ទៀត វា​ជា​ការ​ប្រសើរ​ជា​ជាង​ខ្វះ​កន្លែង​ចុះ​ចត​ទើប​យើង​ពង្រីក​វា​ជា​ការ​លំបាក​មួយ »​។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា កន្លង​មក​បាន​ទទួល​ស្គាល់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ​ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារ​គោលនយោបាយ​បើកចំហ​ជើង​មេឃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​អាកាស​ចរណ៍​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាម​ផ្លូវអាកាស​បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក និង​ផ្លូវទឹក ។

លោក​បញ្ជាក់​ថា ៖« ការ​ពង្រីក​ព្រ​លាន​បន្ថែម​ទៀត នឹង​ធ្វើ​ឲ្យ​ព្រ​លាន​នេះ​ក្លាយជា​ព្រ​លាន​យន្តហោះ​ធំ​មួយ​នៅ​ក្នុង​ប្រទេស »​។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​​ចរ​ស៊ី​វិល លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ពង្រីក​ពង្រីក​ព្រ​លាន​យន្ដហោះ​បន្ថែម​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​ដាក់​ចេញ​តាំងពី​៥​ឆ្នាំ​កន្លង​មកនេះ ។ ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០១៧ ខេត្ត​ព្រះ​ស៊ី​ហ​នុ​បាន​ក្លាយ​តំបន់​មាត់សមុទ្រ​ដ៏​មាន​ប្រជាប្រិយភាព​មួយ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« ការងារ​សំខាន់​ដែល​ត្រូវធ្វើ​នៅ​ពេល​នេះ នឹង​ពង្រីក​ឲ្យ​បាន​៨០% ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ពង្រីក​តំបន់ Check In កន្លែង​រង​ចាំ និង​តំបន់​ត្រួតពិនិត្យ ព្រមទាំង​មារ​ការ​បន្ថែម​សម្ភារ​ថ្មី​ផ្សេង​ទៀត ដូច​ជា​ប្រព័ន្ធ​ដាក់​អី​វាន់​ជាដើម »​។

យោង​របាយការណ៍៍​ក្រសួងទេសចរណ៍ បង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៥៣​ម៉ឺន​នាក់ ស្មើនឹង​១៤,៩%​ នៃ​ចំនួន​សរុប ពោល​គឺ​កើនឡើង​៣៦,៦% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ