ខេត្តកណ្តាល ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលបានធ្វើសកម្មភាពឆបោកយកម៉ូតូស៊េរីទំនើបមួយគ្រឿងពីមិត្តភក្តិ កាលពីចុងខែមុន ហើយគេចខ្លួនបាត់រហូត ពេលនេះត្រូវបានម្ចាស់ប្រទះឃើញ ក៏ប្តឹងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលឱ្យចាប់ខ្លួន ។ ហេតុការណ៍ឆបោកម៉ូតូនេះកើតឡើងកាលពីថ្ងៃទី២៦ ឧសភា កន្លង ទៅនៅជិតផ្ទះសំណាក់សុខុមស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ។
ជនសង្ស័យឈ្មោះ បូ រិទ្ធី ហៅហុក អាយុ២០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ បូណារិន ហៅប៉ោង អាយុ២៣ឆ្នាំ ត្រូវជាបង ស្នាក់នៅជាមួយគ្នា ។ ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-2127 ជាកម្មសិទ្ធិរបស់យុវជនឈ្មោះ ស្រស់ សុខហៀង អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅលេងក្រុមជនសង្ស័យនៅផ្ទះសំណាក់សុខុម ហើយពេលនោះជនសង្ស័យទាំងពីរនាក់បានខ្ចីម៉ូតូជិះដោយប្រាប់ថា យកទូរស័ព្ទទៅបញ្ចាំមួួយភ្លែត ហើយក៏យកទៅបាត់រហូតតែម្តង ។ ពេលនោះ ជនរងគ្រោះបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញទេ រហូតដល់ថ្ងៃទី៣១ ឧសភា ទើបប្រទះឃើញជននោះ ក៏ប្តឹងឱ្យប៉ូលិសឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។ក្រោយពេលចាប់ខ្លួន មិនបានឃើញម៉ូតូទេ ដោយជននោះបានលក់បាត់ទៅហើយ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ