រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្មាស ពណ៌ខ្មៅ ចេញពីផ្ទះ ស្រាប់តែទៅបុកបង្កាន់ដៃស្ពាន៧មករា ដួលសន្លប់របួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែសមត្ថកិច្ច អត់ឃើញមានម៉ូតូនៅកន្លែងកើតហេតុទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២ មិថុនា នៅខាងកើតគល់ស្ពានអាកាស៧មករា តាមមហាវិថីកម្ពុជា ក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង ហ៊ន ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមការអះអាងពីស្ត្រីជាប្រពន្ធឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ជិះម៉ូតូស្មាស ពណ៌ខ្មៅ ចេញពីផ្ទះ បន្ទាប់មកស្រាប់តែមានមនុស្សទូរស័ព្ទប្រាប់ថា ប្តីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ឮតាមសមត្ថកិច្ច ក៏ដូចជាក្រុមរថយន្តសង្គ្រោះដែលទៅដឹកជនរងគ្រោះ យកទៅព្យាបាលឱ្យដឹងថា នៅកន្លែងកើតហេតុមានស្នាមអូស និងបំណែកបែកបាក់របស់ម៉ូតូ ប៉ុន្តែមិនឃើញមានម៉ូតូនៅកន្លែងកើតហេតុទេ ឃើញតែជនរងគ្រោះដួលសន្លប់ស្តូកស្តឹង ក្នុងថ្លុកឈាមតែប៉ុណ្ណោះ ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឱ្យដួលសន្លប់ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូទៅបាត់ ៕
ចែករំលែកព័តមាននេះ