រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បង្កើនការសាងសង់មន្ទីរពេទ្យបង្អែកនៅតាមជនបទដាច់ស្រយាល ។
ការជម្រុញរបស់សម្តេចតេជោយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៤ ទិវាកុមារអន្តរជាតិថ្ងៃ០១មិថុនា ក្រោមប្រធានបទ ”អភិវឌ្ឍន៏កុមារ ជាគ្រឹះនៃការអភិវឌ្ឍជាតិ” និង ខួបលើកទី១២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ថ្ងៃ១២ មិថុនា ក្រោមប្រធានបទ ”បញ្ឍប់ពលកម្មកុមារបម្រើតាមផ្ទះ” នាព្រឹកថ្ងៃទី០១ មិថុនា ២០១៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវគិតគូរឡើងវិញពីការកសាងមណ្ឌលសុខភាពនៅតំបន់ដែលរាជរដ្ឋាភិបាលបានប្រគល់ដីថ្មីដល់ប្រជាជន និងឲ្យក្រសួងសុខាភិបាលគិតគូរឡើងវិញដែរ អំពីស្តង់ដារនៃការបង្កើតមន្ទីរពេទ្យបង្អែកនៅតាមស្រុក ព្រោះការបង្កើតមន្ទីរពេទ្យបង្អែកកន្លងមក ផ្អែកទៅចំនួនប្រជាជននិងការរស់នៅតាមទីប្រជុំជន ប៉ុន្តែបច្ចុប្បន្ននេះស្ថានភាពបានប្រែប្រួលហើយ ៕
ចែករំលែកព័តមាននេះ