ខេត្តប៉ៃលិន ៖ ឪពុកមាសាច់ថ្លៃដែលធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើក្មួយប្រុសអាយុ១១ឆ្នាំ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តប៉ៃលិន បញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី០១ មិថុនា ២០១៣ នេះហើយ ។
ឪពុកមាអគតិនោះឈ្មោះពេជ្រ វណ្ណថា អាយុ៣២ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅភូមិអូរតាពុក សង្កាត់ទូលល្វា ក្រុងប៉ៃលិន ចំណែកប្រពន្ធត្រូវបានដោះលែងវិញ ព្រោះមិនបានប្រព្រឹត្តអំពើព្រៃផ្សៃនេះទេ ។ គួរបញ្ជាក់ថា កុមារារងគ្រោះឈ្មោះ វ៉ិត ម៉េងលៀង អាយុ១១ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល មានឪពុកឈ្មោះ វ៉ិត អាយុ៣១ឆ្នាំ ជាកសិករ និងម្ដាយឈ្មោះ យីម អាយុ៣៣ឆ្នាំ ។
កុមារារងគ្រោះមានបងប្អូន៣នាក់ រូបគេជាកូនទី១ រងការធ្វើទារុណកម្មពីឪពុកមាសាច់ថ្លៃយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយចាប់គាបនឹងដង្កាប់ វាយនឹងខ្សែភ្លើង វាយនឹងកែងព្យួរខោអាវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យរងរបួសជាំពេញខ្លួន ជាំកំប៉េះគូទ ជាំសាច់ភ្លៅ និងជាំដោះទាំងសងខាង ស្ទើរឡប់សតិទៅហើយ ៕
ចែករំលែកព័តមាននេះ