ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​និង​សន្តិភាព ​​ជំនឿ​ខ្វះ​​ការ​​ពិចារ​ណា​​​ពី​ខាងក្រៅ​​​នឹង​នាំ​មក​នូវ​​គ្រោះ​ថ្នាក់​​ដល់​សង្គម​​ជាតិ

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ ​​ក្រុម​ប្រឹក្សា​យុវជន​​អាស៊ី​ សហការ​ជាមួយ​​សហ​​ភាព​​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បានរៀបចំ​ប្រារព្ធ​បើ​ក​វេទិកា​យុវ​ជន​អាស៊ី​​ឆ្នាំ​​២០១៣ ក្រោម​ប្រធាន​បទ​«​យុវ​ជន​និង សន្តិ​​ភាព​​៖ ការ​ពង្រឹង​សន្តិ​ភាព​​ ស្ថិរ​​ភាព​ និងការ​អភិ​វឌ្ឍ​​​តាម​រយ​ៈ​ការ​អប់រំ » ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​​ប្តេជ្ញា​ចិត្ត​ទាំង​អស់​គ្នា​​ចំពោះ​តួនាទី​យ៉ាង​​សំខាន់​របស់​យុវ​ជន ​ក្នុង​ការ​កសាង​វប្ប​ធម៌​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​នៅ​ទូ​

​រាជ​ធានី​ភ្នំពេញ ​៖ ​​ក្រុម​ប្រឹក្សា​យុវជន​​អាស៊ី​ សហការ​ជាមួយ​​សហ​​ភាព​​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បានរៀបចំ​ប្រារព្ធ​បើ​ក​វេទិកា​យុវ​ជន​អាស៊ី​​ឆ្នាំ​​២០១៣ ក្រោម​ប្រធាន​បទ​«​យុវ​ជន​និង សន្តិ​​ភាព​​៖ ការ​ពង្រឹង​សន្តិ​ភាព​​ ស្ថិរ​​ភាព​ និងការ​អភិ​វឌ្ឍ​​​តាម​រយ​ៈ​ការ​អប់រំ » ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​​ប្តេជ្ញា​ចិត្ត​ទាំង​អស់​គ្នា​​ចំពោះ​តួនាទី​យ៉ាង​​សំខាន់​របស់​យុវ​ជន ​ក្នុង​ការ​កសាង​វប្ប​ធម៌​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​នៅ​ទូ​ទាំង​ពិភពលោក ។ ​

វេ​ទិកា​យុវ​ជន​អាស៊ី​​ឆ្នាំ​២០១៣ ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​៣១​​​ឧសភា ​នៅ​សណ្ឋាគារ​អាំង​ទែ​​រកុង​​ទី​ណង់​តាល់ ​ដោយ​មានការ​អញ្ជើញ​ចូល​​រួម​​ពី​​គណៈប្រតិ​ភូ​យុវ​ជន​មក​ពី​​២៤​ប្រទេស​នៅ​លើ​​ពិភពលោក​ និង​សមា​ជិក​ក្រុម​ប្រឹក្សា​យុវ​ជន​អាស៊ី​ ដូ​ច​ជា​ម៉ា​ឡេ​​ស៊ី កម្ពុជា​ ចិន ​ប្រ៊ុយ​ណេ ​សាធារណ​រដ្ឋ​កូរ៉េ ​ម៉ុង​ហ្គោ​លី ​…​ជាដើម ​ដែល​ពិធី​នេះ​ប្រារព្ធ​​ធ្វើ​​ចាប​់ពី​ថ្ងៃទី​៣១ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​​មានប្រសាសន៍៍​បើក​វេទិកា​យុវ​ជន​អាស៊ី​ឆ្នាំ​២០១៣ នេះ ថា ​វេ​ទិកា​យុវ​ជន​អាស៊ី​នាថ្ងៃ​នេះ​​បាន​​ប្រារព្ធ​ឡើង ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​សង្គ្រាម​រាំ​ុំ​រ៉ៃ ​ការ​កាប់​សម្លាប់​រង្គាល​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ និង​ការ​បែកបាក់​ផ្ទៃ​ក្នុង​ជា​​ច្រើន​ទសវត្ស​ដែល​កើត​ចេញ​ពី​ការ​បញ្ជ្រាប​​និង​បំពាក់​ពីសំណាក់​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​មក​ក្នុងសង្គម​កម្ពុជា​នូវ​មនោគម​វិជ្ជា​នៃ​នយោ​បាយ​សង្គ្រាម​ត្រជាក់ ។

សម្តេច​តេជោ ​ហ៊ុន សែន ​​មា​នប្រសាសន៍​​បន្តថា ​ទម្រាំ​បាន​ទទួល​នូវ​សន្តិ​ភាព​ ការ​បង្រួប​បង្រួម​​ជាតិ ​និង​ភាព​សុខ​ដុម​រមនាពេញ​លេញ​ដូច​ពេលនេះ ​​ទឹក​ដី​​និង​ប្រជាជាតិ​ដ៏​កម្សត់​មួយ​នេះ​បាន​ឆ្លង​កាត់​នូវ​ការ​បាត​់​បង់​ ទុក​្ខ​វេទ​នា​ និង​សោក​នាដ​កម្ម​ដ៏​ធំ​ធេង​និង​ច្រើន​លើស​លប់​ ​ដែល​មិន​​អាច​នឹង​ពណ៌​នា​ឱ្យ​អស់​​សេចក្តីបាន ។ រហូត​មក​ដល់​ពេល​នេះ​ ថ្វី​ដ្បិត​ថា​ប្រទេស​និង​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្រេច​បាន​នូវសុខ​សន្តិ​ភាព​​ និង​ការ​បង្រួប​បង្រួម​ជាតិដ៏​ពេញ​លេញ​នៅ​ក្រោម​ដំបូល​រដ្ឋ​ធម្ម​នុញ្ញ​តែ​មួយ ​ព្រះ​មហា​ក្សត្រ​តែមួយ​អង្គ ​និង​​​​រាជ​រដ្ឋា​ភិបាល​តែមួ​យ​ក៏​ពិត​មែន​​​ ក៏​ប៉ុន្តែ​​ ប្រជា​ជាតិ​​យើង​នៅ​មិន​ទាន​់​អាច​ជម្នះ​រួច​​ផុត​​ទាំង​ស្រុង​​​នៅ​​ឡើ​យ​ទេ​ នូវ​ផល​វិបាក​​​អាក្រក់​នានា​​​ដែល​ជា​ស្លាក​ស្នាម​ និង​កាក​សំណល់​​​ទាំង​​ជា​រូប​វ័ន្ត​​​ ទាំង​ជាអ​​​រូបវ័ន្ត​​ នៃ​សង្គ្រាម​រ៉ាំរ៉ៃ​​​ និង​សោក​នាដ​កម្ម​ពី​អតីត​កាល​​ថ្មី​​ៗ​កន្លងមក​នេះ​ ។

​ដូច្នេះ​​បទ​ពិសោធន៍​​​នៃការ​កសាង​សន្ដិ​ភាព​​ក៏​ដូច​ជាការបង្រួម​បង្រួម​ជាតិ​​ និងផ្សះ​ផ្សា​​​ជាតិ​របស់​​​កម្ពុជា​ បាន​​​មក​ជា​មួយ​នឹង​​​ការ​បង់​ថ្លៃ​ខ្ពស់​​​ណាស់ ។​​ អាស្រ័យ​ហេតុនេះ​​​ ខ្ញុំ​សូម​​​វ​ាយ​តម្លៃ​ខ្ពស់​​ចំពោះ​ប្រធានបទ​​​​ដ៏មាន​​សារសំខាន់​​​​​នៃ​​វេទិកា​​យុវ​ជន​អាស៊ី​ឆ្នាំ​​២០១៣ ​​នេះ ​ដែល​ឆ្លុះ​បញ្ចាំង​​​ឱ្យ​ឃើញ​យ៉ាង​​​ប្រត្យក្ស​​អំពី​បទ​ពិសោធន៍​​​របស់​ប្រទេស​​​​​​​​​​​មួយ​ចំនួន​​​នៅ​ក្នុង​តំបន់​​​ដូច​ជា ​​ប្រទេស​កម្ពុជា​​​​ជា​ដើម​​ ​ហើយ​ក៏​ផ្សារ​ភ្ជាប់​​យ៉ាង​ស្អិត​​រមួត​​​ ទៅ​​នឹង​ចរន្តបច្ចុប្បន្ន​​​ភាព​របស់​ពិ​ភព​លោក​​​​​​​ដែល​ជា​កម្ម​វត្ថុ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​​​​ខ្ពស់​សម្រាប់​​​ស្រទាប់​យុវជន​​​ផង​ដែរ ។​

​​បន្ថែម​ពី​លើនេះ​​ ខ្ញុំ​មាន​មោទន​ភាព​​​ដោយ​ឃើញ​យុវជន​​​យុវនារី​​នៃ​បណ្ដា​ប្រទេស​អាស៊ី​​​​ជា​ច្រើន​កំពុង​តែ​រួម​គ្នា​​​ធ្វើ​សកម្ម​ភាព​​​យ៉ាងក្លៀវ​ក្លា​​​​ដើម្បី​គោល​​ដៅ​សន្ដិ​ភាព​​​ វឌ្ឍន​​ភាព​​​ និងវិបុល​ភាព​​​ទាំង​​សម្រាប់​សង្គមជាតិ​​របស់ខ្លួន​នីមួយ​ៗ​ ទាំង​សម្រាប់​តំបន់​​ និងសាកល​លោក​​​ដ៏ធំ​ទូ​លាយ ។ នេះគឺ​​ជាស្មារតី​​​ពិត​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​ និង​ភាព​ជា​ដៃ​គូ​​​ដែល​ត្រូវ​ចាក់​ឫស​គល់​​ក្នុង​ស្រទាប់​យុវជន​​ដែល​ជាកម្លាំង​​ស្នូល​ក្នុងការ​អភិ​វឌ្ឍ​​​​ប្រទេស​ជាតិនីមួយៗ​​​ក្នុង​ពេល​​អនាគត ។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​​​បាន​​​សម្តែង​នូវ​​ជំនឿជឿ​ជាក់​​ថា វេទិកា​​យុវជន​​​​អាស៊ី​​ឆ្នាំ​​២០១៣​នេះ​ បាន​សម្រេច​​​ជ្រើស​រើស​យក​​ប្រធាន​បទ​​គោល​​​ដ៏​​​​មាន​សារ​សំខាន់​​​គឺ​«យុវជន​​ និងសន្ដិភាព​​​៖ ការ​ពង្រឹង​​សន្ដិ​ភាព​​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​​តាម​រយៈ​ការ​អប់​រំ​​» មកធ្វើ​​ជា​កម្ម​វត្ថុ​នៃ​ការ​ពិ​ភាក្សា​​​ដោយ​​ក្រសោប​បញ្ចូល​​នូវ​អនុ​ប្រធាន​បទ​មួយ​ចំនួន​​រួម​មាន​​ ​១- ​​ការ​លះបង់​ដើម្បី​​​បាន​សន្ដិ​ភាព​​​មេរៀន និង​​២-​តួនាទី​​របស់យុវជន​ក្នុងការ​រក្សា​សន្ដិ​ភាព​​ និងស្ថិរ​ភាព​​​តាម​រយៈ​ការ​អប់រំ​​នៅ​ក្នុង​​បរិស្ថាន​​​នៃការ​ផ្លាស់ប្ដូរយ៉ាង​​​​​​ឆាប់​រហ័ស ។​

ទាក់ទិន​នឹង​ប្រធានបទ​ខាង​លើ​នេះ​ សម្តេច​តេជោ ហ៊ុន សែន​ គូសបញ្ជាក់​ថា​ ការជ្រើស​រើស​ប្រធានបទ​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ ចាំបាច់​ចំ​ពេល​​វេលា​​នៅ​ក្នុង​បរិការណ៍​ដែល​ពិភព​លោក​កំពុង​រងការ​គំរាម​ពី​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ចលនា​ និង​​សង្គ្រាម​ស៊ីវិល​នៅ​តាម​ប្រទេស និង​តំបន់​នានា​ជា​ច្រើន​ ។ ខ្ញុំ​សង្ឃឹម​ថា​ ការ​ចែក​រំលែក​នូវការ​ចង​ចាំ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​​ខ្ញុំ​ ពិត​ជា​អាច​ចូល​រួម​ចំណែក​បាន​មួយ​ផ្នែក​ផងដែរ​ដល់​ការ​ពិភាក្សា​របស់​អង្គវេទិកា​លើ​ប្រធានបទ​គោល​ និង​អនុប្រធាន​​បទ​ទី​១​ ស្តី​ពី​ការ​ដក​ស្រង់​មេរៀន​ពី​ការ​លះ​បង់​ដើម្បី​សន្តិ​ភាព ។​

ដោយ​ឡែក​សម្រាប់​ប្រធានបទ​ទី​២​ សម្តេច​តេជោ​ ហ៊ុន សែន​ បាន​បង្ហាញ​ថា​ បទ​ពិសោធន៍​ពី​បដិវត្តន៍​អារ៉ាប់​ថ្មីៗ​នេះ​ និង​សង្គ្រាម​ស៊ីវិល​ដែល​កំពុង​​តែ​កើត​ឡើង​នាពេល​បច្ចុប្បន្ន​នៅ​តាម​តំបន់​មួ​យចំនួន​ដែល​ពិបាក​​​រំពឹង​ថា​អាច​នឹង​ចប់​នា​ពេល​ណា​នោះ​ ​​នឹង​អាច​ជួយ​រំលឹក​ដាស់​តឿន​ដល់​យុវ​ជន​​គ្រប់​រូប​ឱ្យ​ចាំ​ជា​និច្ច​អំពី​កាតព្វ​កិច្ច​របស់​ខ្លួន​ និង​អំពី​សារ​សំខាន់​ក្នុងការ​រក្សា​ការពារ​នូវ​ដើម​ឈើ​សន្តិ​ភាព​ដែល​កំពុង​តែ​ផ្តល់​ផល​ដល់​យើង​ទាំងអស់​គ្នា​នាពេល​នេះ និង​ក្នុង​អនាគត ។​

សម្តេច​តេជោ​ ហ៊ុន សែន​ ក្រើន​រំលឹក​ថា​ ការ​លង់​អារម្មណ៍​ដោយ​មិន​បាន​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​វោហា​រ​សាស្ត្រ​ និង​ទិស​ស្លោក​នយោ​បាយ​ដែល​គ្មាន​ការទទួល​ខុស​ត្រូវ​ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​មក​នោះ​ អាច​នឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ដ៏​ធំធេង​ដល់​សង្គម​ជាតិ​ទាំង​មូល​សម្រាប់​រយៈ​កាលវែង​ទៅ​មុខ ។​

ប្រសិន​បើ​យុវជន​បន្ត​វេន​ជំនាន់​បច្ចុប្បន្ន​មិន​មាន​ជំហរ​រឹង​មាំ​​​ទេ​នោះ​​ ផ្លែ​ផ្កា​នៃសន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​ដែល​យុវជន​ជំនាន់​មុន​សម្រេច​បាន​នា​ពេល​កន្លង​មក​ អាចនឹង​ត្រូវ​រលាយ​បាត់​បង់​អស់​ទៅ​វិញ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉​ប្រិច​​ភ្នែក​ ហើយ​ប្រទេស​ជាតិ​នឹង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​អស្ថិរ​ភាព​ដូច​ជា​សង្គ្រាម​ស៊ីវិល​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ពិភព​អារ៉ាប់​ និង​អាហ្វ្រិក​ខាង​ជើង​ដូច្នេះ​ដែរ​ ។

លោក​ ហ៊ុន ម៉ានី​ ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ បាន​ថ្លែង​ថា​ វេទិកា​យុវ​ជន​អាស៊ី​​ឆ្នាំ​​២០១៣​ ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​វេលា​មួយ​ដែល​ប្រជា​ជន​ និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល​កំពុង​ទទួល​ផល​​​នៃ​សេចក្តី​សប្បាយ​រីក​រាយ​ សុខ​សន្តិ​ភាព​ពេញ​បរិបូរណ៍​ ស្ថិរ​ភាព​នយោ​បាយ​ និង​​​​វិបុល​ភាព​ផ្នែក​សេដ្ឋ​កិច្ច​ សង្គម​គ្រប់​វិស័យ​ និង​ជឿ​ជាក់​ថា​ លោក​ លោក​ស្រី​​ជា​ប្រតិភូ​បរ​ទេស​​​ដែល​ធ្លាប់​បាន​មក​ទស្សន​កិច្ច​រាជ​ធានី​ភ្នំពេញ​ កាល​​ពី​២០​ ឬ​១០​ឆ្នាំ​មុន​ លោក​ លោក​ស្រី​ ពិត​ជា​​នឹង​សង្កេត​ឃើញ​ថា​ រាជ​ធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​បាន​ប្រែ​មុខ​មាត់​ និង​រីក​ចម្រើន​លូត​លាស់​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ ។

សមិទ្ធ​ផល​ជាក់​ស្តែង​ដែល​មើល​ឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជា​លទ្ធ​ផល​ដែល​បាន​មក​ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​ពិសេស​នយោ​បាយ​ឈ្នះ-ឈ្នះ​ នៅ​ឆ្នាំ​១៩៩៨​ ដែល​សម្រេច​បាន​នូវ​ឯក​ភាព​ទឹក​ដី​កម្ពុជា​ បង្រួប​បង្រួម​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ​ និង​​សុខ​សន្តិ​ភាព​ពេញ​លេញ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ឆ្លង​កាត់​សង្គ្រាម​បំផ្លិច​បំផ្លាញ​ ភាព​ប្រទូស្ត​រា៉យ​ និង​អរិភាព​ជា​ច្រើន​ទសវត្សរ៍​ ។

លោក​​ហ៊ុ​ន មា៉នី បន្ត​ថា​ សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​ មិន​ត្រឹម​តែ​បាន​នាំ​មក​នូវ​សន្តិ​ភាព​ពេញ​លេញ​ជូន​ប្រជា​​ជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​លើក​តម្កើង​ និង​រំលេច​កិត្យា​នុភាព​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តាម​រយៈ​ការ​ចូល​រួម​ដោយ​ស្មើ​សិទ្ធិ​ និង​ស្មើ​ភាព​ជា​មួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ ចំពោះ​រាល់​កិច្ច​ការ​គ្រប់​វិស័យ​ទាំង​ក្នុង​កម្រិត​តំបន់​ និង​កម្រិត​អន្តរ​ជាតិ​ ដែល​យុវ​ជន​ជំនាន់​ក្រោយ​សូម​ចង​ចាំ​ និង​ថែរក្សា​ជា​និច្ច​នូវ​ស្នាដៃ​ដ៏​ឆ្នើម​ទាំង​នេះ​ ។

លោក​ ហ៊ុន ម៉ានី​ ថ្លែង​​ទៀត​ថា​  វេទិកា​យុវ​ជន​​អាស៊ី​​ឆ្នាំ២០១៣​ គឺ​ជា​វេទិកា​ចែក​​​រំលែក​ចំណេះ​​ដឹង​ និង​ផ្លាស់​ប្តូរ​ព័ត៌​មាន​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ នូវ​ប្រធាន​បទ​ដ៏​មាន​សារ​សំខាន់​ផ្សេងៗ​ជា​ច្រើន​ ។ នៅ​ឆ្នាំ​២០០៦ ក្រុម​ប្រឹក្សា​យុវ​ជន​អាស៊ី​បាន​រៀប​ចំ​វេទិកា​យុវ​ជន​អាស៊ី​ ដោយ​ជោគ​ជ័យ​នៅ​ទីក្រុង​បាតាំ​ នៃ​សាធា​រណ​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ ក្រោម​ប្រធាន​បទ​ «គោល​ដៅ​អភិវឌ្ឍ​​ន៍​សហស្ស​វត្សរ៍​ តើ​អនា​គត​សម្រេច​បាន​ឬទេ​ ? ។ ឆ្នាំ​២០០៧​ វេទិកា​យុវ​ជន​អាស៊ី​ ​​ប្រារព្ធ​បាន​ធ្វើ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ដោយ​បាន​លើក​ទឹក​ចិត្ត​ដល់​យុវ​ជន​ឱ្យ​ប្រកាន់​​យក​ស្មារតី​សហគ្រិន​ ​ក្រោម​ប្រធាន​បទ​ «អាស៊ី​ក្នុង​ដំណើរ​វិវត្តន៍​យុវ​ជន​ប្រកប​ដោយ​សហគ្រិន​ភាព​»។

ដោយ​ឡែក​ សម្រាប់​ឆ្នាំ​២០១៣​នេះ​ ក្រុម​ប្រឹក្សា​យុវ​ជន​អាស៊ី​ បាន​សម្រេច​រៀប​ចំ​វេទិកា​យុវ​ជន​អាស៊ី​​​ ក្រោម​ប្រធាន​បទ​ «យុវ​ជន​ និង​សន្តិ​ភាព ៖ ការ​ពង្រឹង​សន្តិ​ភាព​ ស្ថិរ​ភាព​ និង​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​អប់រំ​» ដែល​ដំណើរ​ការ​ទន្ទឹម​គ្នា​នឹង​សន្និ​បាត​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​យុវ​ជន​អាស៊ី​ នៅ​រាជ​ធានី​ភ្នំពេញ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ៕