ខេត្ដប៉ៃលិន ៖ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ រងការធ្វើទារុណកម្មពីឪពុកមាសាច់ថ្លៃយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយចាប់គាបនឹងដង្កាប់ វាយនឹងខ្សែភ្លើង វាយនឹងកែងព្យួរខោអាវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យរងរបួសជាំពេញខ្លួន ជាំកំប៉េះគូទ ជាំសាច់ភ្លៅ និងជាំដោះទាំងសងខាង ស្ទើរឡប់សតិទៅហើយ ។ ការធ្វើទារុណកម្មដ៏ឃោរឃៅព្រៃផ្សៃបែបនេះ តែងធ្វើឱ្យអ្នកជិតខាងដែលលបមើលឃើញតែងនឹកអាណិតអាសូរ និងខ្លោចផ្សាក្នុងចិត្ដចំពោះកុមារារងគ្រោះយ៉ាងខ្លាំង រហូតអត់ទ្រាំពុំបាន ក៏រាយការណ៍ទៅប៉ូលិសបុ៉ស្ដិ៍រដ្ឋបាលសង្កាត់ទួលល្វា ដើម្បីរំដោះយកកុមារារងគ្រោះ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ។
ចំណែកឪពុកមាអគតិត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។ ហេតុការណ៍វាយដំទៅលើកុមារារងគ្រោះរូបនេះ ទើបបានដឹងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ឧសភា ស្ថិតនៅក្នុងផ្ទះឪពុកមាសាច់ថ្លៃ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ កុមារារងគ្រោះឈ្មោះ វិុត ម៉េងលៀង អាយុ១១ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល មានឪពុកឈ្មោះ វិុត អាយុ៣១ឆ្នាំ ជាកសិករ និងម្ដាយឈ្មោះ យីម អាយុ៣៣ឆ្នាំ ។ កុមារារងគ្រោះមានបងប្អូន៣នាក់ រូបគេជាកូនទី១ ។ ចំណែកជនអគតិឪពុកមាសាច់ថ្លៃឈ្មោះ ពេជ្រ វណ្ណថា អាយុ៣២ឆ្នាំ ជាជាងជួលជុលម៉ូតូ និងប្រពន្ធឈ្មោះ ឡុង មករា អាយុ២៧ឆ្នាំ ។
សូមបញ្ជាក់ថា មុនពេលកុមារកម្សត់នេះមករស់នៅជាមួយម្ដាយមីងបង្កើត និងឪពុកមា សាច់ថ្លៃមានចិត្ដសាហាវឃោរឃៅនេះ រូបគេបានត្រូវឪពុកគម្រក់ផឹកស្រាស្រវឹងវាយដំធ្វើបាបជារៀងរាល់ថ្ងៃដែរ នៅឯស្រុកកំណើតអស់រយៈពេលជាយូរថ្ងៃខែមកហើយ ។ ជួនកាលវាយនឹងអង្កត់អុស ពេលខ្លះទៀតវាយនឹងដំបងធំៗប៉ុនកដៃ ធ្វើឱ្យកុមារដ៏កម្សត់រូបនេះមានការភ័យខ្លាច និងពិបាករស់នៅជាមួយ ទើបដាច់ចិត្ដមករស់នៅជាមួយឪពុកមាសាច់ថ្លៃ និងម្ដាយមីងបង្កើត ។ ទោះជាបែបណា ជីវិតរបស់កុមារកម្សត់រូបនេះ ហាក់បីដូចជាចុះទឹកក្រពើឡើងលើខ្លា ពោលគឺតែងតែរងការធ្វើទារុណកម្មដ៏សាហាវព្រៃផ្សៃដដែល ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា កុមារារងគ្រោះបានមករស់នៅជាមួយម្ដាយមីង និងឪពុកមាក្នុងក្រុងប៉ៃលិន កាលពីថ្ងៃទី៣១ មេសា ឆ្នាំ២០១៣ ក្នុងគោលបំណងមកសុំរៀនជួសជុលម៉ូតូជាមួយ និងរត់គេចពីការវាយដំរបស់ឪពុកបង្កើតនៅឯស្រុកកំណើត ។ លុះមករស់នៅបានតែប្រហែលពីរបីថ្ងៃ ស្រាប់តែឪពុកមាចាប់ផ្ដើមវាយធ្វើបាបជារៀងរាល់ថ្ងៃនៅក្នុងផ្ទះ និងក្រោយផ្ទះដោយអត់ឱ្យអ្នកជិតខាងឃើញនោះឡើយ ។
ប្រភពបន្ដថា លុះឮសំឡេងក្មេងប្រុសដ៏គួរឱ្យអាណិតអាសូរនេះ ស្រែកយំអង្វរកុំឱ្យបន្ដវាយទៀត ទើបអ្នកជិតខាងលបមើល ស្រាប់តែឃើញឪពុកមាកំណាចយកខ្សែភ្លើងវាយទៅលើកុមារារងគ្រោះយ៉ាងចាស់ដៃ ។ ជួនកាលទៀតគេលបមើលឃើញយកដង្កាប់ធំទៅគាបសាច់ភ្លៅរបស់កុមារា បណ្ដាលឱ្យហើមជាំ និងរបួសស្ទើរសុះសាច់ស្រែកយំដោយការឈឺចាប់ពន់ប្រមាណ រហូតស្ទើរខ្សោះទឹកភ្នែក ។ នៅព្រឹកថ្ងៃកើតហេតុ អ្នកជិតខាងបានឮសំឡេងកុមារាកម្សត់ស្រែកយំយ៉ាងគ្រលួចគួរឱ្យអាណិត សុំអង្វរឪពុកមាកុំឱ្យបន្ដវាយរូបគេតទៅទៀត ។ ប៉ុន្ដែបុរសតិរច្ឆានរូបនោះអត់ព្រមស្ដាប់តាមទេ នៅតែបន្ដលើកដៃវាយទៅលើកុមារារងគ្រោះ វាយហើយវាយទៀត រហូតធ្វើឱ្យអ្នកជិតខាងដែលលួចឈរមើលនឹកអាណិតអាសូរកុមារ រហូតហូរទឹកភ្នែក ព្រោះតែក្ដុកក្ដួលអាណិត ដោយមិនដឹងខ្លួន ព្រោះក្មេងតូចប៉ុណ្ណេះ ត្រូវមនុស្សធំវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃតាមអំពើចិត្ដ ទើបទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចតែម្ដង ។
អ្នកជិតខាងម្នាក់ឱ្យដឹងថា ការវាយធ្វើបាបទៅលើកុមារារងគ្រោះបែបនេះ បានធ្វើជាច្រើនដងមកហើយ ។ មិនត្រឹមតែប្ដីទេ សូម្បីប្រពន្ធរបស់គេដែលជាម្ដាយមីងបង្កើតក៏ធ្លាប់វាយទៅលើក្មួយប្រុសរបស់ខ្លួនឯងដែរ ។ នេះហាក់បីដូចជាមិនចង់ឱ្យរូបគេរស់នៅជាមួយទាល់តែសោះ ជាពិសេស ពេលណាគេប្រើឱ្យធ្វើការងារអ្វីម្ដងៗ គឺតែងតែវាយដំដោយមិនដឹងមូលហេតុ ។ ប្រភពពីអ្នកជិតខាងចោទជាសំណួរថា តើជនប្រភេទនេះអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬទេ? ព្រោះថា ពួកគេបានរំលោភទៅលើសិទ្ធិទាំងបួនរបស់កុមារគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម ។
ប្រភពដដែលបន្ដថា ពេលកុមារារងគ្រោះមករស់នៅជាមួយគ្រួសារនេះ រូបគេអត់ដែលបានទទួលភាពកក់ក្ដៅទេ គឺធ្វើការងារជារៀងរាល់ថ្ងៃ អត់បានចូលរៀនទាល់តែសោះ គឺមានតែការវាយដំ និងស្ដីបន្ទោសពីម្ដាយមីង និងឪពុកមាចិត្ដតិរច្ឆាន ។ ជាក់ស្ដែងនៅពេលនេះ កុមារារងគ្រោះបានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ហើយមានប្រធានអង្គការអាហ្វីស៊ីប ចុះទៅមើលដល់មន្ទីរពេទ្យផងដែរ ដោយប្រាប់ថានឹងយកក្មេងប្រុសរងគ្រោះរូបនេះទៅដាក់នៅមណ្ឌល ដើម្បីឱ្យរូបគេគេចផុតពីការវាយធ្វើបាប និងមានឱសកាសបានចូលសាលារៀន ។
លោក ឈុន ឆឺយ អធិការក្រុងប៉ៃលិន ប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែលថា ពេលនេះរូបលោកកំពុងមានភារកិច្ចនៅកន្លែងផ្សេង តែសមត្ថកិច្ចខាងលោកបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធទៅស្នងការដ្ឋាននគរបាលខេត្ដរួចរាល់អស់ហើយ ដើម្បីឱ្យច្បាប់កាត់ទោសពួកគេសមនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ។ ក្នុងទិវាសិទ្ធិកុមារអន្ដរជាតិ ១ មិថុនា សូមជនទាំងឡាយណា ដែលកំពុងរំលោភទៅលើសិទ្ធិកុមារ គួរតែយកធម៌មេត្ដា ករុណានិងព្រហ្មវិហារធម៌មកប្រតិបត្ដិផង ។ពេលឃើញការធ្វើទារុណកម្មលើក្មេងប្រុសនេះ យើងក៏នឹកឃើញឧកញ៉ាវែង លីតិចឡា និងប្រពន្ធធ្វើបាបកូនចិញ្ចឹមយ៉ាងព្រៃផ្សៃដែរ ប៉ុន្ដែ…ស្ងាត់ឈឹង គឺជនបង្កកំពុងរស់នៅក្រៅច្បាប់នៅឡើយ ៕
ចែករំលែកព័តមាននេះ