ខេត្តបាត់ដំបង ៖ ថៅកែហាង«ស៊ីធីកាហ្វេ»ដែលល្បីខាងប្រើប្រាស់អាវុធបាញ់បោះសេរី ហើយគ្មានទោសពៃរ៍ និងសម្បូរទៅដោយមន្រ្តីធំៗក្នុងខេត្តមួយចំនួនជាខ្នងបង្អែកផងនោះ បានត្រូវកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣១ ឧសភា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្ត គ្រាដែលជននេះកំពុងសម្ងំនៅក្នុងអាហារដ្ឋានរបស់ខ្លួន ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
មន្រ្តីសាលាដំបូងខេត្តប្រាប់ថា ពិរុទ្ធជនឈ្មោះហ៊ុយ ហេង អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះទូន មីនា អាយុ២៤ឆ្នាំ ជាថៅកែហាង«ស៊ីធីកាហ្វេ»រស់នៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ជនដែលមានប្រវត្តិដ៏អាស្រូវម្នាក់នេះ ត្រូវកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់ខ្លួនដោយគ្មានវត្តមានសមត្ថកិច្ចដែនដីចូលរួមសហការទេ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែម សារិន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកគឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ។ មន្រ្តីដដែលបញ្ជាក់ថា ចៅក្រមស៊ើបសួរលោកគឹម ម៉េង បានចេញដីកាលេខ២១៩ ចុះថ្ងៃទី៩ ឧសភា ឆ្នាំ២០១៣ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះហ៊ុយ ហេង ក្រោមបទចោទប្រកាន់«ប្រើប្រាស់អាវុធខុសច្បាប់» និងមួយករណីទៀតគឺ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» ។
លោកឧត្តមសេនីយ៍ត្រីកែម សារិន មានប្រសាសន៍ថា លោកអគ្គស្នងការនគរបាលជាតិ និងលោកប្រធាននាយកដ្ឋានបានបញ្ជាភ្លាមៗ ឲ្យលោកដឹកនាំកម្លាំងចុះប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានកិច្ចសហការផ្ទាល់ពីលោកគឹម ម៉េង ចៅក្រមសាលាដំបូងខេត្តផង គ្រាដែលជននេះកំពុងស្ថិតនៅក្នុងអាហារដ្ឋានរបស់ខ្លួន ។ ចំណែកចៅក្រមស៊ើបសួរសាលាដំបូងខេត្តលោកគឹម ម៉េង បានប្រាប់អ្នកសារព័ត៌មានថា ជនឈ្មោះហ៊ុយ ហេង នេះ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ«ប្រើប្រាស់អាវុធខុសច្បាប់» ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី១១ មីនា ឆ្នាំ២០១៣ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានដើមបណ្ដឹងឈ្មោះជ្រិន ជំនោរ ភេទប្រុសអាយុ៣៤ឆ្នាំ ។
សំណុំរឿងនេះស្ថិតក្នុងដៃរបស់លោកដែលកំពុងបើកការស៊ើបអង្កេត ។ រីឯសំណុំរឿងមួយទៀតគឺពាក់ព័ន្ធនឹងការ«បំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» ប្រព្រឹត្តនៅរសៀលថ្ងៃទី២៩ ឧសភា នៅក្នុងបរិវេណហាងរបស់ជនសង្ស័យយីហោ«ស៊ីធីកាហ្វេ» ដែលមានដើមបណ្ដឹងឈ្មោះងួន កែវមុនី ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្រ្តីអនុរក្សពន្ធនាគារខេត្តបាត់ដំបង ប៉ុន្តែសំណុំរឿងនេះមិនទាន់ដល់ដៃចៅក្រមនៅឡើយទេ ។ រីឯដើមបណ្ដឹងឈ្មោះជ្រិន ជំនោរ បានប្រាប់កោះសន្តិភាពថា ឈ្មោះ ហ៊ុយ ហេង នេះបានប្រើប្រាស់អាវុធខ្លីម៉ាកឡុកបាញ់រះគ្មានប្រណីចំនួន១២គ្រាប់ទៅលើជញ្ជាំង និងកញ្ចក់ភោជនីយដ្ឋានរបស់គាត់យីហោ «វិមានរៀម»។
ជននេះបានបាញ់ពីម្ខាងរបងខាងកើតភោជនីយដ្ឋានរបស់គាត់ដោយគ្មានរឿងអ្វីសោះ គ្រាដែលគាត់កំពុងធ្វើការងារនៅក្បែរបង្អួច ដែលទំនងជាស្រវឹងស្រាផង តែសំណាងល្អគ្រាប់កាំភ្លើងមិនបានធ្វើឲ្យគាត់រងរបួសទេ គ្រាន់តែទម្លុះកញ្ចក់បង្អូច និងជញ្ជាំង ដែលមានស្លាកស្នាមចំនួន១២គ្រាប់ ។
ចំណែកលោកឈ្មោះងួន កែវមុនី ក៏បានប្រាប់ដែរថា ឈ្មោះហ៊ុយ ហេង បានវាយបំផ្លាញរថយន្តរបស់គាត់ គ្រាដែលគាត់និងមិត្តភក្ដិបើកទៅផឹកស៊ីក្នុងហាង«ស៊ីធីកាហ្វេ»របស់ជននេះ ។ ពេលចូលផឹកស៊ីគាត់បានបើករថយន្តទៅចតពីក្រោយរថយន្តមួយគ្រឿងទៀតដែលមានម្ចាស់ឈ្មោះចាន់ សុភា ហៅបារាំង ជាពួកមិត្តភក្តិរបស់ម្ចាស់ហាង ។
បន្តិចក្រោយមកស្រាប់តែឈ្មោះបារាំង ចេញពីផឹកបើករថយន្តថយក្រោយមិនកើតឈ្មោះហ៊ុយ ហេង និងឈ្មោះបារាំងនេះបានស្រែកជេរឡូឡា រកមុខម្ចាស់រថយន្ត ខណៈឮដូច្នេះខ្លួនចេញមកសួរនាំក៏ត្រូវឈ្មោះហ៊ុយ ហេង ជាម្ចាស់ហាងមកវាយគាត់ និងវាយបំផ្លាញរថយន្តគាត់ទៀតធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ សំណុំរឿងខាងលើនេះ តាមប្រភពពីសមត្ថកិច្ចមួយចំនួន និងភាគីរងគ្រោះឲ្យដឹងថា ជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ចគ្រប់ស្ថាប័ន តែហាក់ដូចជាគ្មានលទ្ធផលទេ គឺមានតែការបង្ខំឲ្យជនរងគ្រោះធ្វើការសម្របសម្រួលក្រៅប្រព័ន្ធច្បាប់តែប៉ុណ្ណោះ ព្រោះជនសង្ស័យឈ្មោះហ៊ុយ ហេង នេះមានខ្នងបង្អែកជាមន្រ្តីធំៗមួយចំនួនក្នុងខេត្ត ។
ប្រភពដដែលឲ្យដឹងដែរថា ឈ្មោះហ៊ុយ ហេង នេះជាមន្រ្តីយោធាទិញឈ្មោះគេ តែគេមិនបានប្រាប់ពីអង្គភាពទេ ។ ពិរុទ្ធជនហ៊ុយ ហេង ក្រៅពីមានមុខរបរបើកហាងផឹកស៊ី បើកដេប៉ូលក់ឈើ និងបើកសិប្បកម្មកែច្នៃឈើក៏ត្រូវគេសង្ស័យថា ជាឈ្មួញរត់ពន្ធឈើគ្រញូងដ៏ធំ ជាមួយបក្សពួកប៉ុន្មាននាក់ទៀតក្នុងខេត្តបាត់ដំបង ដែលជាសមាសភាពយោធាស៊ីឈ្មោះគេដូចគ្នា ។ ក្រុមនេះហាក់ដូចជាលេចធ្លោជាងគេក្នុងការប្រើប្រាស់អាវុធបាញ់បោះសេរីជាញឹកញាប់នាពេលកន្លងមក តែគ្មានស្ថាប័នសមត្ថកិច្ចណាមួយហ៊ានចាត់វិធានការទេ ព្រោះតែក្រុមនេះពូកែលួងលោម ។
ការចាប់ខ្លួនថៅកែហាង«ស៊ីធីកាហ្វេ»នេះធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសសមត្ថកិច្ចដែនដី ។ ប៉ុន្តែអ្វីដែលនាំឲ្យមានការងឿងឆ្ងល់នោះគឺ ត្រង់ថាហេតុអ្វីបានជាកិច្ចប្រតិបត្តិការនេះគ្មានវត្តមានសមត្ថកិច្ចដែនដី បែរជាមានតែកម្លាំងមកពីនាយកដ្ឋានទៅវិញ? តាមប្រភពព័ត៌មានថា សមត្ថកិច្ចដែនដីចាប់ថៅកែហាង«ស៊ីធីកាហ្វេ»មិនជាប់ទេ ព្រោះបុរសនេះសម្បូរខ្លាញ់រអិលខ្លាំងពេក ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលជាងនេះគឺនៅពេលជនរងគ្រោះទាំង២នាក់ ផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បាននិយាយអរគុណសម្ដេចតេជោហ៊ុន សែន និងមន្រ្តីតុលាការជាន់ខ្ពស់មួយចំនួននៅរាជធានីភ្នំពេញដែលបានជួយអន្តរាគមន៍ក្នុងរឿងនេះ ខណៈសមត្ថកិច្ច គ្រប់ស្ថាប័នក្នុងខេត្តមិនអើពើ ។
លោកគឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត មានប្រសាសន៍បញ្ជាក់ដែរថា ក្នុងសំណុំរឿងនេះពិតជាមានការអន្តរាគមន៍ពីថ្នាក់លើមែន ហើយលោកកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដែលបានបំបែកសំណុំរឿងនេះដោយជោគជ័យ ។ លោកបន្ថែមថាសំណុំរឿងកន្លងមកដែលជនសង្ស័យខាងលើនេះធ្លាប់បង្កតាមលោកដឹងខ្លះៗគឺមាន៤ករណី តែលោកទើបទទួលបានតែ១ករណីខាងលើតែប៉ុណ្ណោះ រីឯប៉ុន្មានរឿងទៀតស្ងាត់ឈឹងមិនឃើញដល់ដៃចៅក្រមឡើយ ។ ទោះជាយ៉ាងនេះក្ដីលោកចៅក្រមបញ្ជាក់ថា លោកបានសម្រេចចេញដីកាឃុំខ្លួនថៅកែហាង«ស៊ីធីកាហ្វេ»រូបនេះក្នុងពន្ធនាគារហើយ ខណៈដែលលោកបានដឹកនាំកម្លាំងចុះឆែកឆេរលំនៅឋានរបស់ជននេះនៅព្រឹកថ្ងៃ
ដដែល តែមិនបានរកឃើញភស្ដុតាងអ្វីជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ ៕
ចែករំលែកព័តមាននេះ