ខេត្តកំពង់ចាម ៖ ទណ្ឌិតម្នាក់ឈ្មោះ វៀន វុធ ភេទប្រុស អាយុុ៣២ឆ្នាំ មានទីលំនៅភូមិប្រយាត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បានយកផ្លែឡាមមកអារ.ប៉ងធ្វើអត្តឃាតនៅក្នុងបន្ទប់ឃុំឃាំង ក្នុងមណ្ឌលកែប្រែទី៣ ត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីបញ្ចប់ជីវិតពីលើលោកនេះ ក៏ប៉ុន្តែត្រូវគេយកទៅសង្គ្រោះទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ ឧសភា ។
តាមមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ទណ្ឌិតឈ្មោះ វុធ ត្រូវបានបញ្ជូនមកពីខេត្តសៀមរាប នៅក្នុងអំឡុងខែមករា ២០១៣ ក្រោយពីតុលាការខេត្ត កាត់ឱ្យជាប់ទោសឧក្រិដ្ឋរហូតដល់ទៅរយៈពេល២២ឆ្នាំដាក់នៅមណ្ឌលកែប្រែទី៣ រួមជាមួយនឹងអ្នកទោសផ្សេងៗទៀតមានជាង១០០នាក់ ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងបន្តទៀតថា នៅម៉ោង១០យប់ថ្ងៃទី៣០ ឧសភា ទណ្ឌិតរូបនេះមិនដឹងជាបានផ្លែឡាមមកពីណានោះទេ ទើបគេយកមកអារ.ក ខ្លួនឯងដាច់ហូរឈាមរហាម ។
ជននេះបានអារ.ករយះប្រវែង១៤,៥សង់ទីមែ៉ត្រ ជម្រៅ២សង់ទីមែ៉ត្រ និងបង្កឱ្យមានការច្របូកច្របល់ដល់អ្នកទោស នៅក្នុងបន្ទប់ឃុំឃាំងជាមួយគ្នា ហើយស្រែកប្រាប់កម្លាំងអនុរក្សដែលយាមប្រចាំការឱ្យបានដឹងនិងចាក់សោទ្វារបើកចូលទៅជួយសង្គ្រោះ ទាំងប្រុងប្រយ័ត្នបំផុតដោយខ្លាចអ្នកទោសឯទៀតសម្រុករត់ចេញ ។ បន្ទាប់មក សមត្ថកិ្ចចបានលើកដាក់លើរថយន្ត រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ក្រោមពីមានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យនោះបានធ្វើឱ្យទណ្ឌិតឈ្មោះ វុធ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
ក្រុមគ្រូពេទ្យខេត្តបានឱ្យដឹងដែរថា នៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ឧសភា ទណ្ឌិតឈ្មោះ វុធ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ហើយក្រុមគ្រូពេទ្យបាននាំគ្នាជួយសង្គ្រោះ ។ លោក ជា សុវណ្ណា ប្រធានមណ្ឌលកែប្រែទី៣ ត្រពាំងផ្លុងបានប្រាប់តាមទូរស័ព្ទឱ្យដឹងដែរថា ទណ្ឌិតឈ្មោះ វុធ ត្រូវបានតុលាការខេត្ត សៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ទៅ២២ឆ្នាំ ពីបទមនុស្សឃាតដោយ ចេតនា ។ ជននេះមានស្រុកកំណើតនៅភូមិប្រយាត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
ចំពោះឡាមតូចមួយ ដែលទណ្ឌិតរូបនេះយកមកអារ.កនោះ គឺរើសបានពីកន្លែងកាត់សក់នៅក្នុងបរិវេណមណ្ឌលកែប្រែរួចគេយកមកលាក់ទុក ហើយការអារ.ក ប៉ងសម្លាប់ខ្លួននេះ ដោយសារតែមិនមានក្រុមសាច់ញាតិមកមើលរូបគេក្នុងពន្ធនាគារ ទើបសម្រេចចិត្តចង់ប្រល័យជីវិតខ្លួនឯងបែបនេះ ៕
ចែករំលែកព័តមាននេះ