5លើកហើយ ចាប់អត់ទាន់បានផង… គាស់ទូដែកសម្រេចទៀត
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ករណីចោរលួចចូលគាស់ទូដែក លួចលុយរោងចក្រ បានកើតមានច្រើនលើកមកហើយ ខណៈសមត្ថិកច្ច នៅតែមិនទាន់បំបែកបានមួយករណីផង ស្រាប់តែលើកនេះ រោងចក្រមួយត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណមួយក្រុម ធ្វើសកម្មភាពកាត់របងលួសចូលទៅគាស់ទូដែក យកលុយរួចគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពទៀត តែចំនួនទឹកប្រាក់ក្នុងទូដែកលួចទៅនោះមិនដឹងមានប៉ុន្មាននោះទេ ។

ក្រុមកម្មករបាននិយាយឲ្យដឹងថា ក្រុមចោរបានកាត់របងលួសចូលទៅក្នុងរោងចក្រខាងលើមានគ្នាមិនតិចនោះទេ ហើយក្រុមចោរអាចធ្វើសកម្មភាពចន្លោះពីម៉ោង១ទៅម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ តុលា ។ តាមពាក្យលេចឮថាចោរយកអស់រាប់លានដុល្លារ ។
មានការសង្ស័យថា ករណីនេះបើខ្មោចក្នុងមិនឲ្យដៃទេ ខ្មោចព្រៃម៉េចហ៊ានដល់ម្លឹង ។ ពាក់ពន្ធ័នឹងការលើកឡើងរបស់កម្មករខាងលើ អ្នកព័ត៌មានយើងបានទាក់ទងទៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាហែង ដែលលោកស្ថិតនៅក្នុងរោងចក្រ ស្រាប់តែបែរជាបានប្រាប់អ្នកព័ត៌មានថា រកទីតាំងមិនទាន់ឃើញទៅវិញ។

រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងពីលទ្ឋផលស្រាវជ្រាវនៅឡើយទេ ខណៈសមត្ថកិច្ចទាំង២ហាក់បី ដូចជាមានចេតនាលាក់រឿងនេះមិនចង់ឲ្យបែកធ្លាយ ទោះបីពាងប្រហុកបែកខ្ទេចទៅហើយក្តីនៅតែខំលាក់។
មហាជននិយាយថា បើសិនជាបាត់លុយរាប់លានដុល្លារពិតប្រាកដមែននោះច្បាស់ជាក្រុមសន្តិសុខឯកជនវ័ណ្ឌកជាក់ជាមិនខានឡើយ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលកើតមានករណីបែបនេះ ។ ក្នុងអំឡុងឆ្នាំ២០១៨ ចាប់ពីខែសីហា រហូតមកដល់ខែតុលា ឆ្នាំ២០១៨នេះ កើតមានករណីចោរគាស់ទូដែកលួចលុយរោងចក្រនេះមាន៥ករណីមកហើយ គឺនៅស្រុកសំរោងទង៣ករណី និងស្រុកគងពិសី២ករណី ៕

ចែករំលែកព័តមាននេះ