ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបជាបន្តបន្ទាប់មក ជំនួញឈើគ្រញូងហាក់ដូចជាស្ងប់ស្ងាត់ តែតាមប្រភពព័ត៌មានថា ពេលនេះពួកឱកាសនិយមបាននិងកំពុងកាប់បំផ្លាញឈើធ្នង់នៅស្រុកថាឡាបរិវា៉ត់ នាំចេញទៅលក់ឱ្យឈ្មួញឯប្រទេសឡាវ ។
ជំនួញឈើដែលមិនចេះស្ងប់រលត់នេះនៅតែបន្តសកម្មភាពជាមួយការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃបណ្ដាលឱ្យផ្លូវដែលជាគម្រោងអភិវឌ្ឍន៍ជនបទមួយចំនួនរងការខូចខាតទ្រុឌទ្រោមក្រហេងក្រហូងរាប់សិបកន្លែង ។ តាមប្រភពព័ត៌មានពីភូមិឆ្វាំង ឃុំសំអាង បានឱ្យដឹងថា មានរថយន្តប្រភេទទួរីសសាំយ៉ុងដឹកឈើប្រភេទធ្នង់ជារៀងរាល់ថ្ងៃទៅទម្លាក់នៅចំណុចភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ដើម្បីបន្តដាក់តាមទូកឆ្លងចូលទៅលក់ឱ្យឈ្មួញជនជាតិឡាវ ។
ប្រភពព័ត៌មានបន្តថា ឈើប្រណីតទាំងនោះត្រូវឈ្មោះប្រុស ដែលជាកូនប្រុសថៅកែទូកដស្រុកថាឡាបរិវា៉ាត់ ទិញប្រេងសាំងយកទៅឱ្យប្រជាពលរដ្ឋនៅចំណុចភូមិឆ្វាំងចូលទៅកាប់ទន្ទ្រានក្នុងព្រៃស្រោងរួចដឹកមកទម្លាក់រាយប៉ាយតាមចិញ្ចើមថ្នល់រាប់សិបកំណាត់ បន្ទាប់មកទើបឈ្មោះប្រុសនោះយករថយន្តទៅដឹកបន្តចូលទៅមាត់ទន្លេភូមិព្រះរំកិល ។ រថយន្តទួរីស សាំយ៉ុងដែលដឹកឈើទាំងថ្ងៃទាំងយប់នោះ ពុំមានអ្នកណាមានបំណងឃាត់កាក់ឬចាប់អ្វីឡើយ ព្រោះរាល់ពេលនាំចេញត្រូវបង់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួនដោយក្នុងមួយរថយន្តចំនួន១០ម៉ឺនរៀល ។
ប្រភពព័ត៌មានដដែលបន្តថា បទល្មើសនោះមានភាពធូរលុងយ៉ាងខ្លាំងសម្រាប់ឈ្មួញដែលមានលុយយកទៅបង់ឱ្យមន្ត្រីខិលខូចនៅស្រុកថាឡាបរិវ៉ាត់ ចំណែកឯមន្ត្រីនៅក្នុងទីរួមខេត្តខ្លះដែលចង់ទៅចាប់គឺមានការពិបាកដោយសារត្រូវឆ្លងទឹក ។ ម្យ៉ាងទៀតទោះបីឆ្លងទៅដល់ហើយមានបំណងចង់កៀបរកលាភសក្ការក៏មិនទាន់ដែរព្រោះតែមានអ្នកសម្រាប់តាមឃ្លាំមើលងាយស្រួលយកឈើទាំងនោះលាក់ទុក ៕
ចែករំលែកព័តមាននេះ