ខេត្តកែប ៖ រថយន្តបែនមួយគ្រឿងដឹកគ្រឿងចក្របើកបរនៅលើផ្លូវជាតិលេខ៣៣ បត់ចូលទៅចម្ការបីភ្នំវល្លិ៍ ស្រាប់តែទាក់ខ្សែភ្លើងធ្លាក់មកទាក់កព្រះនារាយណ៍ដៃ១០ បណ្ដាលអោយរលំបាក់កកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ តុលា នៅចំណុចភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកសោម សារឿន នាយរងផ្នែកនគរបាលយុត្តិធរស្រុកដំណាក់ចង្អើរបាននិយាយប្រាប់អោយដឹងថា ព្រះនារាយណ៍ដៃ១០ដែលផ្ដើមកសាងដាក់លើផ្លូវចូលទៅចម្ការបីភ្នំវល្លិ៍រនេះជាអំណោយរបស់លោកហាស់ សារ៉េត អភិបាលខេត្តកែប ដែលបានកសាងឡើងកាលពីឆ្នាំ២០១២ តែពេលនេះព្រះនារាយណ៍ដៃ១០ដែលឈរបែរមុខមកផ្លូវជាតិលេខ៣៣នោះ ត្រូវបានរថយន្តដឹកគ្រឿងចក្របើកទាក់ខ្សែភ្លើងធ្លាក់មកទាក់កព្រះនារាយណ៍ បណ្ដាលអោយរលំបាក់កទាំងព្រឹកព្រលឹម។
លោកសោម សារឿន បានប្រាប់បន្តថា បន្ទាប់ពីកើតហេតុ លោកអធិការបញ្ជាអោយកងនគរបាលឃាត់ទាំងរថយន្តបង្កហេតុ និងអ្នកបើកបរដែលនៅស្រុកកំពង់ត្រាចទុកជាបណ្ដោះអាសន្នសិន រង់ចាំការដោះស្រាយនៅពេលក្រោយ ។
ចំណែកចរន្តអគ្គិសនីដែលដាច់ដោយសាររថយន្តបើកទាក់ខ្សែភ្លើងខាងលើនោះក៏ត្រូវបានជំនាញចុះមកតភ្ជាប់ចរន្តឡើងវិញភ្លាមៗផងដែរ ៕



ចែករំលែកព័តមាននេះ