រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជាមន្ត្រីនគរបាលផ្នែកខាងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ បានដកកាំភ្លើងខ្លីមួយដើមវាយទៅលើបុរសម្នាក់ទៀតបណ្តាលឱ្យបែកក្បាលឈាម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី២៣ តុលា ស្ថិតត្រង់ចំណុចខាងកើតផ្សារហេង លី(ប្រមាណ២០០ម៉ែត្រ) លើផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបន្តិចបន្តួចប៉ុណ្ណោះ ។
សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ភាគីទាំង២ (ប៉ូលិសនិងជនរងគ្រោះ) ទំនងជាស្រវឹងស្រាដូចគ្នា ។ ជនរងគ្រោះមានឈ្មោះ ហេង ទិក ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ បានរបួសក្បាលឈាម ។ ដោយឡែក មន្ត្រីប៉ូលិសដែលវាយនោះ មិនត្រូវបានស្គាល់ឈ្មោះទេ អាយុជាង៥០ឆ្នាំ គ្រាន់តែដឹងថា គាត់ជាមន្ត្រីនគរបាលខាងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ ។
ប្រភពពីកន្លែងកើតហេតុថា មុនពេលកើតហេតុ គេឃើញខាងមន្ត្រីប៉ូលិសនោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា (ភីស៊ីអ៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY-7117 ក្នុងស្ថានភាពស្រវឹង ។ ពេលនោះ ក៏បានឃើញមានម៉ូតូបើកដេញតាមពីក្រោយមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-3685 ដែលបើកបរដោយបុរសជាជនរងគ្រោះ ហើយម៉ូតូមានសភាពបែកក្បាំងផ្នែកខាងស្តាំ ។
ម៉ូតូទាំងពីរគ្រឿងបានបើកប្រដេញគ្នាតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅមកពីស្ពានអាកាស៧មករា ឆ្ពោះឡើងទៅស្តុបណូគា ។ លុះមកដល់ចំណុចកើតហេតុម៉ូតូទាំងពីរគ្រឿងបានឈប់ ចុះនិយាយគ្នា យ៉ាងតឹងសរសៃករៀងៗខ្លួន។ បន្ទាប់មក ស្រាប់ឃើញមន្ត្រីប៉ូលិសនោះ បានដកកាំភ្លើងខ្លីមួយដើមម៉ាក K54 ចេញពីចង្កេះ វាយទៅលើក្បាលរបស់ជនរងគ្រោះ បណ្តាលឱ្យបែកឈាមហូរស្រោចខ្លួន ហើយកើតការប្រតាយប្រតប់គ្នាឡើងតែម្តង ។
មួយសន្ទុះ ឃើញជនបង្កបានដកលុយចំនួន២០០ដុល្លារឱ្យទៅជនរងគ្រោះ រួចក៏ឡើងម៉ូតូជិះចេញទៅផ្ទះរបស់ខ្លួន នៅត្រង់ចំណុចផ្ទះអត់លេខ ផ្លូវ៣៧១សុលា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ ប្រជាពលរដ្ឋដែលឃើញក៏ទៅ រាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនជនបង្កដល់ផ្ទះយកទៅសាកសួរនាំនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បើតាមសម្តីជនរងគ្រោះរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចខាងក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនបង្កបានជិះម៉ូតូទៅបុកម៉ូតូគាត់ បណ្តាលឲ្យដួលបែកក្បាំង ។ ភ្លាមនោះជនបង្កខាងលើ មិនបានឈប់ដើម្បីធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើកម៉ូតូរត់គេចខ្លួន ។
គាត់ក៏បានលើកម៉ូតូជិះដេញតាមពីក្រោយរហូតមកចំណុចកើតហេតុខាងលើ ទើបជនបង្ករូបនោះព្រមឈប់ម៉ូតូ ។ បន្ទាប់មកគាត់ក៏បាននិយាយសម្របសម្រួលគ្នាដើម្បីឲ្យជនបង្កចេញសំណងថ្លៃការខូចខាតមកឲ្យរូបគាត់ តែពេលនោះស្រាប់តែជនបង្កបានដកកាំភ្លើងខ្លីទៅវាយក្បាលរូបគាត់បណ្តាលឲ្យបែក និងបំរុងបាញ់រូបគាត់ថែមទៀតផង តែគាត់ក៏ស្រវេស្រវាចាប់កាំភ្លើង លុះមួយសន្ទុះក្រោយមកជនបង្កក៏បានដកលុយចំនួន២០០ដុល្លារមកអោយគាត់ ហើយក៏ជិះម៉ូតូចេញទៅបាត់។
ទោះបីជាយ៉ាងណា កោះសន្តិភាពនៅមិនទាន់អាចទំនាក់ទំនងមន្ត្រីប៉ូលិសបង្កនោះនៅឡើយ ដោយបច្ចុប្បន្ន ជនរងគ្រោះនិងជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ន
នៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ