បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជាង​1​ពាន់​អគារ


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​បាន​កើនឡើង​៩២​អគារ ដែល​ធ្វើ​ឲ្យ​ចំនួន​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង​១​ពាន់​អគារ គិត​ចាប់ពី​ឆ្នាំ​២០០៥​មក ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

លោក ឡៅ​ទិព្វ សីហា រដ្ឋលេខាធិការ​ក្រសួង​នេះ​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​នៅ​ក្រុងភ្នំពេញ បាន​កើនឡើង​ប្រមាណ​៩២​អគារ ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ​២០០៥​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​សំណង់​​រហូត​ដល់​ចំនួន​១.០៨៨​អគារ ។ ដូច្នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា វិស័យ​សំណង់​នៅ​តែ​មាន​សុខភាព​ល្អ​រឹង​មាំ បើ​ទោះបី​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​នេះ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​ធ្លាក់​ចុះ​បន្ដិច​ក្ដី ។

លោក​រដ្ឋ​លេខា​បញ្ជាក់​ថា ៖« ស្ថានភាព​ទីផ្សារ​វិស័យ​សំណង់ គឺ​មាន​ភាពល្អ​ប្រសើរ​ពិសេស​ទីផ្សារ​ដីធ្លី និង​អគារ​ខ្ពស់​ៗ​។ វិស័យ​នេះ​នៅ​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពលរដ្ឋ​កម្ពុជា »​។

លោក​បញ្ជាក់​ថា ៖« វិស័យ​នេះ​បាន​និង​កំពុង​ផ្តល់​ការងារ និង​បទ​ពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​ដល់​អ្នកជំនាញ​នៅ​កម្ពុជា​បាន​មួយ​កម្រិត​ធំ»។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna investment បាន​ថ្លែង​ថា សំណង់​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​ភ្នំពេញ​សព្វថ្ងៃ​បាន​ចូលរួម​ចំណែក​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​ទិញ​លក់​នៅ​ក្នុង​វិស័យ​អ​លន​ទ្រព្យ ។

លោក វ៉ា វី​រៈ អ្នកជំនាញ​អចលនទ្រព្យ​រូប​នេះ បាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​នៃ​សំណង់​អគារ​ខ្ពស់​ៗ វា​ចូលរួម​បង្ហាញ​ពី​សក្តានុពល​ក្នុង​ការ​នៃ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ អីចឹង​នៅ​កម្ពុជា​ក៏​ដូច្នេះ​ដែរ ។

លោក​បញ្ជាក់​ថា ៖« មួយ​រយៈ​ចុង​ក្រោយ​នេះ កម្ពុជា​មាន​អគារ​ខ្ពស់​ៗ​កើនឡើង​ច្រើន ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំនឿ​ទុកចិត្ត ក៏​ដូច​បង្ហាញ​ពី​ការ​ទិញ​លក់​ក្នុង​វិស័យ​អចលន​ទ្រព្យ​មាន​សកម្ម​ល្អ​។ លើស​ពី​នេះ ក៏​បង្ហាញ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​ផង​ដែរ »​។

លោក​លើក​ឡើង​ថា ៖« បន្ទាប់​ពី​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ហើយ លទ្ធផល​យើង​គ្រប់​គ្នា​ឃើញ គ្មាន​សភាពការណ៍​អ្វី​ខុស​ប្លែក ហើយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​ដូច​ជា ធនាគារពិភពលោក និង IMF ជាដើម បាន​វាយតម្លៃ​រួច​ហើយ​ថា នៅ​ឆ្នាំ​២០១៨​នេះ ក៏​ដូច​ជា​នៅ​ឆ្នាំ​បន្ទាប់ នឹង​ស្ថិត​ក្នុង​រង្វង់​៧% ។

លោក​មាន​សុទិដ្ឋិនិយម​ថា ៖« បើ​យើង​មើល​ពី​ឆ្នាំ​នេះ​ទៅ​ឆ្នាំ​បន្ទាប់ គឺ​ស្ថានភាព​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ព្រោះ​គម្រោង​នានា​បាន​និង​កំពុង​បន្តស​សកម្មភាព​សាងសង់​ជា​ធម្មតា »​។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប​២.៥៤១​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​១០,៧៩​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន​ស្មាន​ជាង​៤.៨២០​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​១៤% បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ការ​ផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន​២.៥២២​គម្រោង លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​៩,១៤​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ជាង​៥.៦៣៦​លាន​ដុល្លារ ។

បើ​ទោះបីជា​ទំហំ​ទឹកប្រាក់​វិនិយោគ​ធ្លាក់​ចុះ​បន្ដិច​ក្ដី ប៉ុន្ដែ​បើ​ពិនិត្យ​មើល​ការ​ស្នើ​សុំ​គម្រោង​​សាងសង់ និង​ទំហំ​ផ្ទៃក្រឡា​សំណង់​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ គឺ​មានការ​កើនឡើង ដែល​ឆ្លុះ​បញ្ចាំង​ថា​វិស័យ​នេះ​នៅ​តែ​រឹង​មាំ​ដដែល ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ