ខេត្តកំពត ៖ វីឡាបែបកូនកាត់មួយនេះកំពុងតែសាងសង់ទាំងបំពានច្បាប់នៅលើប្រឡាយទឹក មួយកន្លែង ជាប់នឹងផ្លូវទីប្រជុំជន ស្ថិតក្នុងភូមិកណ្ដាញ់ក្នុង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រជាពលរដ្ឋនៅភូមិកណ្ដាញ់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ប្រជាពលរដ្ឋនៅភូមិ កណ្ដាញ់ ធ្លាប់ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាប្រចាំ លិចតាំងពីផ្លូវលំ ចេញពីផ្ទះ រហូតដល់ផ្លូវធំ ដោយសារតែគេនាំគ្នាចាក់ដីលុបប្រឡាយ និងផ្លូវទឹកនៅតាមលូ និងស្ពាន។
![Picture]()
ជាក់ស្ដែងផ្លូវទឹកមួយនេះ មានស្ពានមួយសម្រាប់ឲ្យទឹកហូរបែរជាគេសង់ផ្ទះបែបវីឡាកូនកាត់មួយយ៉ាងសង្ហាទៅវិញនៅលើផ្លូវទឹករបស់អ្នកភូមិ។ កន្លងមកឃើញមានអាជ្ញាធរខាងមូលដ្ឋានមកហាមដែរ តែក្រោយមកម្ចាស់អ្នកសាងសង់នេះ នៅតែបន្តធ្វើមកទល់សព្វថ្ងៃ។ លោក លី ងុន ជំទប់ទី១ ឃុំបន្ទាយមាស បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី១៧ តុលា ថា អ្នកសាងសង់ផ្ទះលើផ្លូវទឹកនេះ អាជ្ញាធរឃុំស្រុកបានទៅធ្វើការ ហាមឃាត់ដែរ តាំងពីចាប់ផ្ដើមចាក់គ្រឹះសសរបេតុងក្នុងទឹក។
![Picture]()
ប៉ុន្តែរួចពីឃាត់បាន២ ទៅ៣ថ្ងៃ បន្តធ្វើទៀត។ លោក លី ងុន មិហ៊ានទៅឃាត់អីទៀតទេ ព្រោះឃាត់ហើយគេនៅតែបន្តសាងសង់។ កាលពីពេលថ្មីៗនេះ អភិបាលខេត្តកំពត លោក ជាវ តាយ មានប្រសាសន៍ក្នុងពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងថា ការជន់លិចផលដំណាំ និងផ្ទះពលរដ្ឋនេះមិនមានទឹកជំនន់ទេ មកពីជំនន់ទឹកភ្លៀង ព្រោះអ្នកសង់ផ្ទះលើប្រឡាយទឹក និងអ្នកចាក់ដីលុបផ្លូវទឹក។ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តជំរុញឲ្យមន្ត្រីពាក់ពន្ធ័ពិនិត្យឡើងវិញ៕
ចែករំលែកព័តមាននេះ