ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​តំបន់​ស្វាយ​ជ្រុំ​នឹង​ហក់​ឡើង​វិញ ខណៈ​រដ្ឋាភិបាល​គ្រោង​ស្ថាបនា​ស្ពាន

5 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ តំបន់​ស្វាយ​ជ្រុំ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ជា​តំបន់​ដែល​ស្ថិត​ក្នុង​ផែនការ​កាត់​បញ្ចូល​ក្នុង​ទីក្រុង ដើម្បី​អភិវឌ្ឍន៍​នៅ​ពេល​អនាគត ។ បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ តំបន់​ស្វាយ​ជ្រុំ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ជា​តំបន់​ដែល​ស្ថិត​ក្នុង​ផែនការ​កាត់​បញ្ចូល​ក្នុង​ទីក្រុង ដើម្បី​អភិវឌ្ឍន៍​នៅ​ពេល​អនាគត ។ បច្ចុប្បន្ន​នេះ សកម្មភាព​វិនិយោគ​នៅ​តំបន់​នេះ បាន​និង​កំពុង​ចាប់ផ្តើម​យ៉ាង​សកម្ម ខណៈ​រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ទៅ​កាន់​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិ​យោគ និង​ប្រជាជន​រស់នៅ​តាម​តំបន់​នេះ​កំពុង​ទទួល​បាន​ផលប្រយោជន៍ យ៉ាងច្រើន​ពី​ដី​ឡើងថ្លៃ ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តំបន់​នេះ​កំពុង​មាន​អនាគត​ល្អ ដោយសារ​ទី​តាំង​​នេះ មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​កៀក​រាជធានី​ភ្នំពេញ និង​មាន​បរិស្ថាន​ល្អ ព្រោះ​មាន​ទន្លេ​ចំនួន​ពីរ​អម​សងខាង ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​តំបន់​នេះ​មាន​សំណើម​ល្អ​។

លោក​បន្ត​ថា ដោយសារ​មាន​ដង​ទន្លេ និង​ជា​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ល្អ ពិសេស​គម្រោង​សាងសង់​ស្ពាន​ទៅ​តំបន់​នេះ ពិត​ជាស​សៃ​ឈាម​មួយ ដែល​រួមចំណែក​លើក​ស្ទួយ​ការ​អភិវឌ្ឍ​តំបន់​នេះ​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖« ក្រោយ​ពេល​រាជរដ្ឋាភិបាល​ភ្ជាប់​ស្ពាន​ទៅ​កាន់​តំបន់​នេះ នឹង​ធ្វើ​ឲ្យ​មាន​សក្តានុពល​ខ្លាំង​ឡើង ហើយ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​បន្ថែម​ទៀត »​។

លោក​ឧកញ៉ា​បាន​បន្ត​ថា តំបន់​ស្វាយ​ជ្រុំ​មាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​បើ​គិត​ពី​វិមាន​ឯករាជ្យ និង​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​វត្ត​ភ្នំ ដូច្នេះ​វា​ស្ថិត​នៅ​ចម្ងាយ​ជិត​ទី​ប្រជុំ​ជន​ក្រុង ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​តំបន់​នេះ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Focus Property លោក ប៉ូ អ៊ា​វ​គង់ បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ហាក់​ស្ងប់​បន្តិច​នា​ឆ្នាំ​នេះ ហើយ​សកម្មភាព​ទិញ​លក់​ក៏​មាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ បន្ទាប់​ពី​បាន​កញ្ជ្រោល​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៣​កន្លង​មក ព្រោះ​គម្រោង​សាងសង់​ស្ពាន​របស់​រដ្ឋាភិបាល មិន​ទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ប្រសិនជា​មាន​ស្ពាន​ភ្ជាប់​ទៅ​កាន់​តំបន់​នេះ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​បន្ថែម​ទៀត ព្រោះ​តំបន់​នេះ​មាន​បរិស្ថាន​ល្អ ដូច្នេះ​ការ​អភិវឌ្ឍ​តំបន់​នេះ​យឺត​ឬ​លឿន អាស្រ័យ​លើ​ពេលវេលា និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ។

លោក​បន្ត​ថា ៖« បរិយាកាស ភូមិសាស្ត្រ​តំបន់​នេះ​ពិតជា​ល្អ តែ​អ្វី​ដែល​ខ្វះខាត​នា​ពេល​នេះ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​មានការ​អភិវឌ្ឍ​បាន​គ្រប់គ្រាន់​នៅឡើយ »​។ លោក​ថា ៖« ពេល​នេះ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅប្រទេស​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ »​។

តើ​ការ​សាងសង់​ស្ពាន​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា ?

លោក ផែន វិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បដិសេធ​មិន​អត្ថាធិប្បាយ តែបើ​តាម​លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​កន្លង​មក​ថា កូរ៉េ​កំពុង​សិក្សា​គម្រោង​សាងសង់​ស្ពាន​ពី​តំបន់​ជ្រោយ​ចង្វា ទៅ​កាន់​ទឹកដី​ស្វាយ​ជ្រុំ​នេះ ជា​ស្ពាន​ចំណងដៃ​របស់​កូរ៉េ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ភាគី​កូរ៉េ​ជួយ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា​ខ្ញុំ​មិនដឹង​ថា​ការ​សិក្សា​នឹង​បញ្ចប់ និង​ការ​សាងសង់​ស្ពាន​នេះ នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ