អំពើឃាតកម្ម! រង់ចាំស្ទាក់តាមផ្លូវ… ៣នាក់ព្រួតគ្នាសម្លាប់ម្នាក់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមក្មេងៗចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ ក្រោយពីព្រួតគ្នាវាយទៅលើភាគីម្ខាងទៀត រហូតដល់ស្លាប់ម្នាក់នៅក្នុងជម្លោះដ៏ឃោរឃៅមួយ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ តុលា ២០១៨ នៅចំណុចភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ដែលសមត្ថកិច្ចអះអាងថា ជាអំពើឃាតកម្មដែលផ្ដើមចេញពីរឿងគំនុំ។



បើតាមសាក្សីនានាឲ្យដឹងថា ភាគីទាំង២ជាមនុស្សស្គាល់គ្នា និងធ្លាប់មានជម្លោះជាមួយគ្នាមុនពេលកើតហេតុលើកចុងក្រោយនេះ។ ហើយនៅថ្ងៃកើតហេតុ ភាគីទាំង២បានជួបប្រទះគ្នានៅកន្លែងផឹកស៊ីមួយ តែពួកគេមិនបានផឹកជាមួយគ្នាទេ គឺផឹកម្ខាងប្រឡាយម្នាក់។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត មានប្រសាសន៍ថា នេះជាអំពើឃាតកម្មដ៏ឃោឃៅដែលបង្កឡើងដោយក្រុមក្មេងទំនើង ដែលគេសង្ស័យអាចផ្ដើមចេញពីរឿងគំនុំចាស់ដែលភាគីទាំង២ ធ្លាប់មានជម្លោះជាមួយគ្នាកន្លងមក។

លោកជេត វណ្ណនី បានប្រាប់ថា ពេលនេះលោកស្នងការខេត្តបានបញ្ជាឲ្យបញ្ជូនជនដៃដល់ទាំង៣នាក់មកកាន់ស្នងការខេត្តប្រគល់ឲ្យការិយាល័យជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ