ក្រុងប៉ោយប៉ែត ៖ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាហៅកាត់ស៊ារ៉ា មានគម្រោងធ្វើបាតុកម្មនៅថ្ងៃទី២២ ឧសភា នោះ ប៉ុន្តែគម្រោងនេះបានផ្អាកទៅវិញ ដោយសារអាជ្ញាធរក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យព្រមទទួលយកលក្ខខណ្ឌ៦ចំណុចរបស់សមាគម ។ យោងតាមសេចក្តីជូនដំណឹងមួយច្បាប់របស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាហៅកាត់ថា ស៊ារ៉ា ដែលមានទីតាំងនៅក្រុងប៉ោយប៉ែត ចុះថ្ងៃទី២ ឧសភា ២០១៣ បានជូនដំណឹងទៅសាលាខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងក្រុងប៉ោយប៉ែតថា សមាគមនឹងធ្វើបាតុកម្មដោយសន្តិវិធី និងដោយមានការចូលរួមពីកម្មករ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងអាជីវករសរុប៧០០នាក់ ដើម្បីទាមទារសិទ្ធិ និងលក្ខខណ្ឌការងារ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន៦ចំណុច ទៅឱ្យលោកអភិបាលខេត្ត និងរាជរដ្ឋាភិបាលជួយដោះស្រាយ ។
លក្ខខណ្ឌ៦ចំណុចដែលសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាឱ្យទាមទាររួមមាន៖
១-សុំឱ្យសមត្ថកិច្ចនគរបាល(នគរបាលអន្តោប្រវេសន៍)បញ្ឈប់ការជំរិតយកប្រាក់ពីប្រជាពលរដ្ឋដែលចូលធ្វើលិខិតបញ្ជាក់ដើម្បីធ្វើកាតចេញចូលផ្សារថៃ(ផ្សាររោងក្លឿ)
២-សំបុត្រសម្រាប់ចេញចូលផ្សារថៃ(ផ្សាររោងក្លឿ)មួយសន្លឹកអាចប្រើប្រាស់ចេញចូលបានមួយថ្ងៃសម្រាប់មនុស្សម្នាក់ ។
៣-មន្ត្រីដែលគ្មានសមត្ថកិច្ចប្រមូលពន្ធជូនរដ្ឋសូមឈប់ការទារយកប្រាក់ពីកម្មករអូសរទេះតទៅទៀត ។
៤-សូមមន្ត្រីមានសមត្ថកិច្ចបញ្ឈប់ការចាប់អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៊ី អាជីវករ ជំរិតទារប្រាក់តទៅទៀត ។
៥-អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ត្រូវតែមានសិទ្ធិហៅនិងដឹកភ្ញៀវបរទេសបានដោយគ្មានការរំខាន និងរារាំងពីសមត្ថកិច្ចនគរបាល ឬក្រុមហ៊ុនអ្នកមានលុយ ។
៦-សូមអាជ្ញាធរមានសមត្ថកិច្ចកុំអនុញ្ញាតឱ្យរថយន្តទេសចរណ៍ឬរថយន្តក្រុងចូលចតរង់ចាំដឹកភ្ញៀវទេសចរបរទេសនៅរង្វង់មូលប៉ោយប៉ែតតទៅ
ទៀត ។
បើតាមការជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ឌិន ពុទ្ធី ប្រធានសមាគមស៊ារ៉ា (CIERA) កាលពីរសៀលថ្ងៃទី២១ ឧសភា បានឱ្យដឹងថា សេចក្តីជូនដំណឹងសុំធ្វើបាតុកម្មនោះ ត្រូវបានផ្អាកវិញ ដោយសារកាលពីពេលថ្មីៗនេះសាលាក្រុងប៉ោយប៉ែតបានអញ្ជើញលោកទៅចូលរួមប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុង ហើយលោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុង ព្រមទទួលយកនូវសំណូមពរទាំង៦ចំណុចរបស់សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជារបស់លោក ទើបមានការផ្អាកសកម្មភាពធ្វើបាតុកម្មនេះ ។ ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងទាំង៦ចំណុចខាងលើមិនត្រូវបានអាជ្ញាធរអនុវត្តទេនោះ លោកនឹងជូនដំណឹងធ្វើបាតុកម្មសាជាថ្មីនាពេលខាងមុខទៀត ។
ជុំវិញបញ្ហាខាងលើនេះលោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី២១ ឧសភា ថា ក្រោយពីមានការជូនដំណឹងពីសមាគមខាងលើទៅសាលាខេត្ត និងសាលាក្រុងសុំធ្វើបាតុកម្មដោយសន្តិវិធីនោះមក អភិបាលខេត្តក៏បានចេញលិខិតមួយច្បាប់មកឱ្យលោកកោះប្រជុំសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រធានសមាគមនេះផងដែរ ដើម្បីរកចំណុចដោះស្រាយ ។ លោកអភិបាលក្រុងបន្តថា ក្នុងពេលប្រជុំ ថ្វីដ្បិតតែអវត្តមានស្ថាប័នប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្តី ក៏លោកបានជូនដំណឹងឱ្យអនុវត្តតាមស្មារតីនៃអង្គប្រជុំនោះដែរ។ ជាមួយគ្នានេះ លោកក៏បានទទួលព័ត៌មានថាខាងប៉ូលិសអន្តោប្រវេសន៍បានជូនដំណឹងទៅសាលាខេត្តផងដែរ ទើបខាងសមាគមស៊ារ៉ាព្រមបញ្ឈប់សកម្មភាពធ្វើបាតុកម្មនេះ ៕
ចែករំលែកព័តមាននេះ