ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​រហ័ស​ជា​អំពើ​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​ទូទៅ​ពិតជា​ទទួល​បានការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​អំពី​ការ​ផ្ដល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ​អ្វី​ទាំងអស់ និង​ចំណាយពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ​គឺ​អាច​ខ្ចី​បាន​ប្រាក់​ចាប់ពី​៥០០​ដល់​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ពិភាក្សា​រួច ។ ការ​ឃោសនា​បែប​នេះ ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា​ចាត់​ទុក​ថា​ជា​អំពើ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​ទូទៅ​ពិតជា​ទទួល​បានការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​អំពី​ការ​ផ្ដល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ​អ្វី​ទាំងអស់ និង​ចំណាយពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ​គឺ​អាច​ខ្ចី​បាន​ប្រាក់​ចាប់ពី​៥០០​ដល់​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ពិភាក្សា​រួច ។

ការ​ឃោសនា​បែប​នេះ ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា​ចាត់​ទុក​ថា​ជា​អំពើ​ខុសច្បាប់ និង​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២ តុលា កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ផ្ញើ​សារ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ទូរ​សព្ទ័ ឃោសនា​ផ្តល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ នៅ​ភ្នំពេញ​ក៏​ដូច​ជា​នៅ​បណ្តា​រាជធានី ខេត្ត ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា គឺជា​អំពើ​ខុសច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ទាំងនោះ​មិន​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ផ្តល់​សេវា ប្រាក់​កម្ចី​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ឡើយ ។

ធនាគារជាតិ​បញ្ជាក់​ថា ៖« សាធារណជន​គប្បី​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​សេវាកម្ម​កម្ចី​ក្រៅផ្លូវការ​នេះ ហើយ​អាច​ប្រឈម​នឹង​ការ​ចាញ់បោក ល្បិច​កល​របស់​ឈ្មួញ​ចងការ​ប្រាក់ និង​ហានិភ័យ​ផ្សេង​ៗ​ជាយថាហេតុ »​។ ការ​ចេញ​សេចក្ដី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ពេល​នេះ ត្រូវ​បាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ស្វាគមន៍ និង​ស្នើ​ឲ្យ​មាន​ចំណាត់ការ​ណាមួយ​ផង​ដែរ ។

លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារជាតិ​បាន​និង​កំពុង​លើកកម្ពស់​ការ​យល់​ដឹង​ទាក់ទង​ការ​រកស៊ី​ក្រៅ​ប្រព័ន្ធ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ។ ពិសេស​ការ​រកស៊ី​ចងការ​ប្រាក់​ដែល​មិន​ស្ថិត​នៅ​ក្រោម​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ លោក​បញ្ជាក់​ថា ៖« មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​បាន​សហការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​ធនាគារជាតិ ដោយ​បាន​ផ្តល់​ជា​ព័ត៌មាន ឬ​សារ​ពាក់ព័ន្ធ​ចាំបាច់​នានា​ដែល​យើង​គិត​ថា​ផ្តល់​ជា​ដំណឹង និង​ស្នើ​សុំ​ចំណាត់ការ​ពី​ធនាគារជាតិ អំពី​អ្នក​រកស៊ី​នៅ​ក្រៅ​ប្រព័ន្ធ​ទាំង​អស់នេះ ដោយ​ខាង​សមាគម​មើលឃើញ​ផលវិបាក​អាច​កើត​មាន​ឡើង​ដល់​ពលរដ្ឋ ក៏​ដូច​ជា​គំរូ​ប្រកួតប្រជែង​មួយ​មិន​ស្មើភាព ចំពោះ​គ្រឹះស្ថាន​ដែល​គេ​ទទួល​បាន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ »​។ លោក​បន្ត​ថា ៖« ការ​រកស៊ី​ផ្តល់​ប្រាក់​កម្ចី​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ឬ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ហ្នឹង គឺ​គ្រឹះស្ថាន​ភាគច្រើន​លើសលប់ មិន​ទទួល​បានការ​អនុម័ត​ឱ្យធ្វើ​អាជីវកម្ម​ពិតប្រាកដ​ឡើយ ។ យើង​សង្ឃឹមថា អាជ្ញារ​ពាក់ព័ន្ធ​ចូលរួម​សហការ ពិសេស​លើកកម្ពស់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អតិថិជន ដើម្បី​ធានា​ថា ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​ដោយ​ច្បាប់ » ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​នេះ បើ​តាម​យុវជន ឆាយ លី បាន​លើក​ជា​ច​ម្ង​ល់​ថា ៖« លេខ​ទូរស័ព្ទ​របស់​ពលរដ្ឋ​សុទ្ធតែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​នីមួយ​ៗ ហេតុ​អ្វី​បានជា​លេខ​ទាំងនោះ​ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​វិញ ? ឬ​មួយ​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនទូរស័ព្ទ​ដែរ ? » ។ លោក​ថា ៖« បើ​បែប​នេះ​មែន​គឺ​ក្រុមហ៊ុនទូរស័ព្ទ​បាន​នឹង​កំពុង​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​របស់​អតិថិជន​យ៉ាង​ពិតប្រាកដ និង​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​នូវ​ទ​ង្វើ​ទាំងនេះ​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ