ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ទេយ្យទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ហាក់​ថមថយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​រដូវ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​តែង​គោរព​ប្រណិប័តន៍ និង​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់ បាន​នាំ​គ្នា​ធ្វើ​ចង្ហាន់ និង​ទិញ​គ្រឿង​ឧបភោគបរិភោគ…

រាជធានី​ភ្នំពេញ ៖ ខណៈ​រដូវ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​តែង​គោរព​ប្រណិប័តន៍ និង​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់ បាន​នាំ​គ្នា​ធ្វើ​ចង្ហាន់ និង​ទិញ​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ទេយ្យទាន​នានា ទៅ​កាន់​វត្ត​អារាម​ដែល​នៅ​ជិត​លំនៅ​ឋាន​គ្រប់​ៗ​គ្នា ។

ក្នុង​នោះ គេ​សង្កេត​ឃើញ​នៅ​តាម​ផ្សារ ហាង​លក់​គ្រឿងទេស និង​គ្រឿង​ទេយ្យទាន​នានា​ពោរពេញ​ដោយ​មនុស្ស​ម្នាក់​ទៅ​ទិញ​ផលិតផល​តាម​សេចក្ដី​តម្រូវការ​ផង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្ដី បើ​តាម​អាជីវករ​លក់​គ្រឿង​ទេយ្យទាន​មួយ​ចំនួន​បាន​និយាយ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ការ​លក់​គ្រឿង​សម្ភារ​សម្រាប់​ប្រគេន​ព្រះសង្ឃ ដូច​ជា សាដក និង​ត្រៃ ជាដើម​នោះ ហាក់​មានការ​ថមថយ​ជាង​ឆ្នាំ​មុន​បន្ដិច ។

អ្នកស្រី រនៈ សុ​ថា ម្ចាស់​ហាង​រនៈ​សុ​ថា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ការ​លក់​សម្ភារ​ថ្វាយ​ព្រះសង្ឃ ដូច​ជា​សាដក​ជាដើម​នោះ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ៗ ។ តួយ៉ាង​មក​ដល់​ថ្ងៃ​បិណ្ឌ​ទី​៨​នេះ អ្នកស្រី​ទើប​លក់​បាន​ប្រហែល​៣០​ប្រអប់​ប៉ុណ្ណោះ ។ អ្នកស្រី​បន្ដ​ថា ៖« កាលពី​ឆ្នាំ​មុន ចប់​មួយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខ្ញុំ​អាច​លក់​បាន​ប្រហែល​១០០​ប្រអប់ តែ​នៅ​ឆ្នាំ​នេះ​វិញ​មិន​រំពឹង​នោះ​ទេ ព្រោះ​មក​ដល់​ថ្ងៃ​បិណ្ឌ​ទី​៨​ហើយ ខ្ញុំ​ទើបតែ​លក់​បាន​២០​ទៅ​៣០​ប្រអប់​ប៉ុណ្ណោះ »​។ អ្នកស្រី​បញ្ជាក់​ថា ៖« ការ​ថយ​ចុះ​នេះ មិនមែន​មាន​ន័យ​ថា ពលរដ្ឋ​មិន​នាំ​គ្នា​ទៅ​វត្ត​នោះ​ទេ តែ​ដោយសារ​កំណើន​នៃ​ហាង​លក់​កើនឡើង​ច្រើន »​។ អ្នកស្រី​ថា ៖« សូ​ម្បី​តែ​នៅ​ក្បែរ​វត្ត​អារាម​មួយ​ចំនួន និង​តាម​ផ្លូវ​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​ភ្នំពេញ ក៏​មាន​ហាង​លក់​ដែរ អីចឹង​ហើយ​ទើបបាន​ជាទី​ផ្សារ​ត្រូវ​ចែករំលែក​គ្នា ហើយ​អតិថិជន​មិន​នៅ​ប្រមូលផ្ដុំ​តែ​មួយ​កន្លែង » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកស្រី ឌួ​ង ស្រី​នាង អាជីវករ​លក់​គ្រឿង​សក្ការៈបូជា និង​គ្រឿង​ទេយ្យទាន​សម្រាប់​ព្រះសង្ឃ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រាល់​ឆ្នាំ អ្នកស្រី​លក់​សាដក​បាន​ប្រមាណ​១០០​ថាស ហើយ​សាដក​ប្រអប់​បាន​ពី​៥០​ទៅ​៦០ តែ​ឆ្នាំ​នេះ​ចូល​ដល់​ថ្ងៃ​បិណ្ឌ​ទី​៨​ហើយ អ្នកស្រី​ទើបតែ​លក់​បាន​ជាង​៤០​ថាស និង​សាដក​ប្រអប់​បាន​ជាង​១០​ប៉ុណ្ណោះ ។ អ្នកស្រី​បន្ដ​ថា ៖« ការ​លក់​ឆ្នាំ​នេះ ពិតជា​មានការ​ថយ​ចុះ ដោយសារ​ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​គេ​លក់​ច្រើន​នៅ​តាម​ដងផ្លូវ និង​ក្បែរ​វត្ត​អារាម​មួយ​ចំនួន​ក៏​មាន​អ្នក​វេច​ខ្ចប់​លក់​ដែរ​។ អីចឹង​ហើយ​បានជា​អតិថិជន​មាន​ជម្រើស​ច្រើន »​។

បើ​តាម​អ្នកស្រី ឌួ​ង ស្រី​នាង ទោះជា​ឆ្នាំ​នេះ​ការ​លក់​ថមថយ​បន្តិច​ក្តី ប៉ុន្តែ​តម្លៃ​មិន​ឡើងថ្លៃ​នោះ​ទេ ពោល​គឺ​ដូច​ឆ្នាំ​មុន​ៗ​ដដែល ។ អ្នកស្រី​ថា ៖« តម្លៃ​សាដក គឺ​ទៅ​តាម​ការ​វេច​ខ្ចប់​សម្ភារ និង​ទំហំ គឺ​មាន​ចន្លោះ​ចាប់ពី​១៥.០០០​រៀល រហូត​ដល់​៦​ម៉ឺន​រៀល​ក៏​មាន​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ