ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ដំបូង​នៃ​ការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក បាន​ជាង​១០០​ខ្នង​ផ្ទះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ដំបូង ត្រូវ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត កំពង់ឆ្នាំង​ឲ្យ​ទៅ​កាន់​ចំណុច​ដីគោក​ដែល​រៀបចំ​បម្រុង​ទុក​ដោយ​អាជ្ញាធរ​ខេត្ត គឺ​បាន​ចំនួន​ជាង ១០០​ខ្នង​ផ្ទះ​ទូ​ទាំង​ខេត្ត​។…

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ដំបូង ត្រូវ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត កំពង់ឆ្នាំង​ឲ្យ​ទៅ​កាន់​ចំណុច​ដីគោក​ដែល​រៀបចំ​បម្រុង​ទុក​ដោយ​អាជ្ញាធរ​ខេត្ត គឺ​បាន​ចំនួន​ជាង ១០០​ខ្នង​ផ្ទះ​ទូ​ទាំង​ខេត្ត​។ អាជ្ញាធរ​ខេត្ត​សំណូម​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហ​ការណ៍​ទាន់​ឱកាស​ទឹកទន្លេ កំពុង​នៅ​ខ្ពស់​។ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ក្នុង​ពេល​កំពុង តែ​រៀបចំ​ការ​អូស​ផ្ទះ​បណ្ដែត​ទឹក មាន​ប្រសាសន៍​ថា​៖ ការ​រៀបចំ​ផ្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក គឺ​ចង់​ឲ្យ​មាន បរិស្ថាន​ទឹក​ល្អ​ព្រោះ​កន្លង​មក ដោយសារ​ការ​រស់នៅ​លើ​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ដូច​ជា​ការ បន្ទោ​របង់ ការ​ចោល​សំរាម​ធ្វើ​ឲ្យ​ទឹក​កខ្វក់ ហើយ​យើង​នាំ​គ្នា​បូមទឹក​ទាំងនោះ​យក​ទៅ​បរិភោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជាដើម​។

បញ្ហា​មួយទៀត​អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ច្រាំង​ទន្លេ​ឲ្យ​ក្លាយជា​តំបន់ ទេសចរណ៍ ដូច​ជា​ការ​រៀបចំ​បែ​ចិញ្ចឹម​ត្រី ធ្វើ​សួនផ្កា​ជាដើម​។ ហេតុនេះ​ហើយ អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ផ្លាស់​ទី​ទៅ​កាន់​ទីកន្លែង​ដែល​បាន​រៀបចំ​បម្រុង​ទុក ដែល​តាម​ការប្រមាណ​ពី​ដំបូង​ឡើយ មាន​ចំនួន​ជាង ៧០​ហិ​កតា ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង មាន​ត្រឹមតែ​ប្រមា​៣៥​ហិ​កតា​តែ​ប៉ុណ្ណោះ​។ នៅ​ទីតាំង​ថ្មី​អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ធ្វើ​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក ដាក់​ប្រព័ន្ធ​ទឹក​ស្អាត ដាក់​ភ្លើងអគ្គិសនី មាន​សាលារៀន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ថ្ងៃ​ដំបូង​ដែល​ចាប់ផ្ដើម​អនុវត្ត​ទូ​ទាំង​ខេត្ត ការ​អូស​ផ្ទះ ផ្លាស់​ទី​នៅ​៦​គោលដៅ​មានស្រុក​ជល​គិរី ស្រុក​កំពង់ត្រឡាច និង​ស្រុក​បរិបូរណ៍​បាន​ចំនួន​១១៥​ខ្នង​ផ្ទះ ។ ការ​ផ្លាស់​ទៅ​តាម​គោលដៅ​នេះ គឺ​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ថា​៖ ពួក​គាត់​ទៅ​នៅ កន្លែង​ណា សុំ​ផ្លាស់​ទី​ឡើងគោក​នោះ​។ ប៉ុន្តែ​បើ​តាម​ផែនការ គឺ​ពួក​គាត់​ត្រូវ​មក​តាំង ទៅ​កន្លែង​តែ​មួយ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​លោក សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​សូម​ចូលរួម​សហការ​គ្នា​ដើម្បី​អូស​ផ្ទះ​បណ្ដែត​ទឹក ទាន់​ទឹកទន្លេ​នៅ​កំពុង​ខ្ពស់ ងាយស្រួល​ក្នុង​ការ ការ​អូស​ផ្ទះ​បណ្តែត​ទឹក​នេះ ម្យ៉ាង​វិញ​ទៅ​បើ​យើង​រុះរើ​ពេល​ខែប្រាំង​នឹង​នាំ​ឲ្យ​ខូចខាត និង​ចំណាយ​ថវិកា​ច្រើន​។

ជា​ចុង​ក្រោយ អភិបាលរង​ខេត្ត​ក៏​បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ ពី​សំណាក់​បងប្អូន​ខ្លះ​ដែរ ព្រោះ​ការ​ផ្លាស់​ទី​ទៅ​កន្លែង​ថ្មី អាច​មានការ​យឺតយ៉ាវ​ក្នុង​ដាក់​ចរន្ត​អគ្គី​ស​នី និង​ប្រ​ព័​ន្ឋ​ទឹក​ស្អាត​ជាដើម​។ សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​ប​ណ្តែ​ទឹក​មាន​ចំនួន ២.៣៩៥​គ្រួសារ មាន​ចំនួន​មនុស្ស ១០.០៨៧​នាក់ ហើយ​ថ្ងៃ​ដំបូង​នៃ​ការ​អូស​ផ្ទះ​បណ្ដែត​ទឹក ទូ​ទាំង​ខេត្ត​បាន​ចំនួន​១១៥​ខ្នង​ផ្ទះ ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន ៧​ខ្នង​ផ្ទះ ឃុំ​តា​ជេស​បាន​ចំនួន ២០​ខ្នង​ផ្ទះ​,​ព្រែក​រាំង ២៥​ខ្នង​ផ្ទះ​,​បរិបូរណ៍​១០​ខ្នង​ផ្ទះ ,​កំពង់ត្រឡាច​បាន​៤៤​ខ្នង​ផ្ទះ និង​ស្រុក​ជល​គី​រី បាន​ចំនួន​៣​ខ្នង​ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ