ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តច្នៃរេចង្កូតបុកម៉ូតូបើកបរដោយស្ត្រីម្នាក់មានដឹកកូនតូច២នាក់ប៉ើងខ្ទាតធ្លាក់ទៅបាតស្ពានកម្ពស់៥ម៉ែត្រ បង្កឱ្យស្ត្រីអ្នកបើកបរម៉ូតូរបួសធ្ងន់បាក់ជើង និងបែកក្បាល ឯកូនតូច២នាក់ទៀតរបួសស្រាល ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ឧសភា ២០១៣ ត្រង់ចំណុចបង្កាន់នៃស្ពានអូជីក ភូមិចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ជនបង្កហេតុបានរត់គេចខ្លួនបាត់ ប៉ូលិសកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ឯស្ត្រីរងគ្រោះឈ្មោះប៊ិន ស្រីម៉ៅ អាយុ២៦ឆ្នាំ រស់នៅភូមិស្លែងពរ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង និងកុមារម្នាក់អាយុ១ខួប ឈ្មោះអាង រតនា ម្នាក់ទៀតឈ្មោះអាង រ៉ែនចិត្រា អាយុ៤ឆ្នាំ របួសស្រាល ត្រូវបានបញ្ជូននៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ពេលនេះមន្ត្រីមានសមត្ថកិច្ចកំពុងវាស់វែង ហើយស្ទូចយកគោយន្ត និងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង រង់ចាំការដោះស្រាយ៕
ចែករំលែកព័តមាននេះ