រាជធានីភ្នំពេញ ៖ លោក ឌុច សុខសារិន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ តែអនុវត្តទោសចាប់ពីថ្ងៃឃុំខ្លួន រហូតដល់ថ្ងៃដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ទោសសល់ព្យួរ ។
ជនជាប់ចោទ៣នាក់ គឺលោកស្រី លឹម មុនី , លោកនី សុខា និងលោកនី ចរិយា បានបង្ហាញខ្លួនពេលប្រកាសសាលក្រម តែជនជាប់ចោទលោកណៃ វ៉ង់ដា និងលោកយឺ សុខសាន មិនបានចូលរួមស្តាប់ព្រមទាំងសាក្សីសំខាន់នាងខុម ចាន់តាទី ហៅស្រីមុំ ក៏មិនមានវត្តមានដែរ ។ ទោះបីយ៉ាងក្តីគេបានដឹងថា សំណុំរឿងនេះកើតចេញពីដើមចោទឈ្មោះខុម ចាន់តាទី ហៅស្រីមុំ អតីតអ្នកកាត់សក់បុរសនារីបានប្តឹងជនជាប់ចោទសង្ស័យបទសូកប៉ាន់សាក្សី និងសំគំនិតសូកប៉ាន់សាក្សី តែនាងមិនបានបង្ហាញមុខក្នុងនីតិវិធីសួរដេញដោលតទល់ និងសវនាការទេស ។
នៅពេលសវនាការក្រុមមន្ត្រីអាដហុក៤នាក់ បានឆ្លើយបំភ្លឺស្រដៀងគ្នាថា ពួកគេបានស្គាល់នាង ខុម ចាន់ទតារាទី ហៅស្រីមុំ នៅថ្ងៃទី០៩ មិនា ឆ្នាំ២០១៦ នៅពេលដែលម្ដាយ និងបងប្អូនរបស់នាងបានមកដល់ស្នាក់ការសមាគមអាដ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យអាដហុកជួយរកយុត្តិធម៌ និងភាពស្អាតស្អំរបស់កូនស្រីឈ្មោះស្រីមុំ ក្រោយពីបែកធ្លាយខ្សែអាត់សម្លេងរវាងលោកកឹម សុខា និងស្រីមុំ ។ តុលាការបានលើកឡើងថា បន្ទាប់មកលោក ណៃ រ៉ង់ដា និងលោក យី សុខសាន បានបើករថយន្តទៅទទួលស្រីមុំ នៅម្ដុំរោងចក្រដំបូលខៀវ ក្បែរកាណាឌីយ៉ា ផ្លូវវេងស្រេង ។ ពេលនាំមកដល់ស្នាក់ការអាដហុកពួកគេក៏បានធ្វើកំណត់ហេតុ និងសម្ភាសស្រីមុំ និងថតវីដេអូទុកជាឯកសារ ។
ចំពោះមុខតុលាការក្រុមជនជាប់ចោទបានឆ្លើយទៀតថា នៅមុនដំបូងស្រីមុំមានអារម្មណ៍ភ័យខ្លាចមិនហ៊ានចូលមកក្រសួងមហាផ្ទៃតាមការកោះហៅ របស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅថ្ងៃទី០៧ មិនាទេ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានប្ដឹងមកក្រសួងមហាផ្ទៃ ទើបនៅថ្ងៃទី០៩ មិនា ឆ្នាំ២០១៦ ម្ដាយ និងបងប្អូននាងមកប្ដឹងនៅអាដហុក ។
ក្រោយពីបានមកដល់អាដហុកហើយ សមាគមបានពិគ្រោះយោបល់គ្នា ក្នុងការផ្ដល់សេវាមេធាវីឲ្យស្រីមុំ ដើម្បីនាងបានទទួលជំនួយស្មារតីផ្លូវច្បាប់ ហើយសមាគមក៏បានផ្ដល់ឲ្យនាងនូវថវិកាឧបត្ថម្ភអាហារក្នុងមួយថ្ងៃ៧ដុល្លារ និងការស្នាក់នៅ១ថ្ងៃ៧ដុល្លារ រហូតដល់ថ្ងៃនាងត្រូវចូលមកឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ មេសា ឆ្នាំ២០១៦ ដែលសរុបជាទឹកប្រាក់អស់ចំនួន២០៤ដុល្លារ ។ ចំណែកលោក នី ចរិយា មន្ត្រីគ.ជ.ប បានឆ្លើយបដិសេធថា រូបលោកមិនបានប្រព្រឹត្តអំពើសមគំនិតសូកប៉ាន់សាក្សីនោះទេ ។
តំណាងអយ្យការលោក សេង ហៀង ធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទប្រកាន់ទៅលើមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) នៅដដែល ។ ចំណែកមេធាវីចំនួន៥រូបដែលការពារសិទ្ធិឲ្យជនជាប់ចោទមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានធ្វើសេចក្តីសន្និដ្ឋានដោះបន្ទុកឲ្យកូនក្តី ហើយក៏សុំពរឲ្យលោកចៅក្រមសម្រេចលើលែងបទចោទប្រកាន់លើកូនក្តីរបស់លោកនឹងសុំឲ្យមានសេរីភាពចាប់ពីពេលនេះតទៅ ៕
ចែករំលែកព័តមាននេះ