ទីក្រុងបាងកក ៖ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែមុន ភ្នាក់ងារជាច្រើនកំពុងតែស្វែងរកគំនិតក្នុងការលើកតម្កើងតំបន់ទេសចរណ៍តាមឆ្នេរសមុទ្រនៅប៉ែកខាងត្បូងនៃប្រទេស ។
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Weerasak Kowsurat បាននិយាយថា គំនិតនេះបានក្លាយទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលមានឈ្មោះថា Thailand Riviera ដែលនឹងតភ្ជាប់តំបន់ទេសចរណ៍តាមឆ្នេរសមុទ្រដែលមានស្រាប់ក្នុងខេត្តចំនួន៤ និងណែនាំតំបន់ទេសចរណ៍ថ្មីៗដល់ភ្ញៀវទេសចរដើម្បីអាចរកប្រាក់ចំណូលពីវិស័យនេះបានកាន់តែច្រើនតាមតំបន់ដែលមិនសូវមានប្រជាប្រិយភាព ។
លោកបានឲ្យដឹងថា ជាដំបូងធនធានទឹកសាបក្នុងតំបន់តាមឆ្នេរសមុទ្រខាងលិច នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងល្អជាងមុនដើម្បីជៀសវាងជម្លោះរវាងវិស័យកសិកម្ម និងទេសចរណ៍ពេលដែលតម្រូវការទឹកសាបកើនឡើង ។
លោកបានឲ្យដឹងទៀតថា គម្រោងនេះត្រូវបានច្នៃឡើងជាការអភិវឌ្ឍវិស័យទេសចរណ៍ដោយចីរភាពដោយពឹងផ្អែកខ្លាំងលើការធ្វើដំណើរតាមរថយន្ត និងរថភ្លើង ដូច្នេះការអភិវឌ្ឍផ្នែកដឹកជញ្ជូនគឺជាកត្តាដ៏សំខាន់ ។
លោក Phaibul Ruangyuwanon ប្រធានការិយាល័យផ្លូវជនបទ Prachuap Khiri Khan បានឲ្យដឹងថា នាយកដ្ឋានផ្លូវជនបទបានសិក្សាពីទីតាំងក្នុងការសាងសង់ផ្លូវតូចមួយតាមឆ្នេរសមុទ្រខាងលិចដែលនឹងមានកន្លែងមានទេសភាពស្រស់ស្អាតគ្រប់គ្រាន់ រួមទាំងផ្លូវកង់ថែមទៀត ។
យ៉ាងណាក្តី អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ប្រទេសថៃ លោក Vason Kittukul បានឲ្យដឹងថា ដើម្បីសម្រេចគោលដៅនេះបាន រដ្ឋាភិបាលនិងភ្នាក់ងារដែលពាក់ព័ន្ធត្រូវតែតភ្ជាប់ Hua Hin នឹង Cha-am ក្នុងផ្នែកសមត្ថភាព និងគុណភាពវិស័យទេសចរណ៍ ៕
ចែករំលែកព័តមាននេះ