ទីក្រុងប៉េកាំង៖ ក្រុមឆបោកជនជាតិចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅប្រទេសភូមាដើម្បីអូសទាញមនុស្សពីប្រទេសនានានៅទ្វីបអាស៊ីជាពិសេស រួមទាំងបណ្ដាប្រទេសដទៃនៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន (ដោយយោងតាមរបាយការណ៍របស់ UN) ដើម្បីបម្រើការនៅក្នុងអំពើឆបោកតាមអនឡាញ។ សូមជម្រាបថាអំពើឆបោកសំខាន់ៗមាន២។
ទី១ ឆបោកបែបប្រពៃណី ឬឆបោកតាមទម្លាប់ចាស់ដែលមានជាយូរមកហើយ និងទី២ ឆបោកតាមបច្ចេកវិទ្យាទំនើបដូចជាតាមឆេត (chat), តេឡេក្រាម, ហ្វេសប៊ុក ឬបណ្ដាញសង្គមដទៃទៀត។ អំពើឆបោកតាមអនឡាញមានលក្ខណៈសាហាវជាងព្រោះអាចអូសទាញមនុស្សដែលស្ថិតនៅទីឆ្ងាយមកចូលទៅក្នុងអន្ទាក់របស់ពួកគេ និងបម្រើមហិច្ឆតារបស់ពួកគេ។
ថ្មីៗនេះ ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានបូកសរុបរបាយការណ៍ថាគិតត្រឹមចុងឆ្នាំ២០២៤ ពួកឧក្រិដ្ឋជនចិនដែលជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងយកប្រទេសភូមាធ្វើជាទីតាំងប្រតិបត្តិការរបស់ពួកគេត្រូវអាជ្ញាធរប្រទេសទាំង២សហការគ្នាចាប់ខ្លួនបានជាង៥ម៉ឺន ៣ពាន់នាក់។ ឧក្រិដ្ឋជនល្បីៗចំនួនបួនក្រុមដែលបើកប្រតិបត្តិការនៅប្រទេសភូមាភាគខាងជើងត្រូវសមត្ថកិច្ចកម្ទេចចោលអស់ហើយ។
ក្រៅពីនេះ បណ្ដាញឆបោកតាមអនឡាញដ៏ធំដែលស្ថិតនៅកៀកនឹងព្រំដែនចិន-ភូមាត្រូវប្រទេសទាំង២សហការគ្នាកម្ទេចអស់រលីងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រីសាងមីង អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈចិនថ្លែងថាចាប់តាំងពីចិនបញ្ជូនកម្លាំងពិសេសដើម្បីចាត់ការអំពើឆបោកតាមអនឡាញកាលពីខែកក្កដា ឆ្នាំ២០២៣ ក្រសួងបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសហការគ្នាបង្ក្រាបបទល្មើសនៅខេត្តយុនណាន សឺជាំង និងតំបន់ដទៃទៀត។
ទោះជាបង្ក្រាបបានច្រើនបែបនេះក្ដី ក្រសួងទទួលស្គាល់ថាសភាពការណ៍មានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាខ្លាំងដូច្នេះមិនងាយកាត់ផ្ដាច់ឫសគល់របស់ពួកគេទាំងស្រុងទេ។ ក្រសួងសង្កេតឃើញថាអំពើឆបោកនៅតែមានកម្រិតខ្ពស់ដដែល ជនរងគ្រោះដែលដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចក៏មានចំនួនច្រើន។ បណ្ដាញឆបោកបើកប្រតិបត្តិការឆ្លងដែនមានរចនាសម្ព័ន្ធគ្រប់គ្រងហ្មត់ចត់ និងប្រើប្រាស់អំពើហិង្សាវាយដំច្រំធាក់ដើម្បីត្រួតត្រាបុគ្គលិកថ្នាក់ក្រោមឱ្យធ្វើតាមបញ្ជារបស់ពួកគេ៕
ចែករំលែកព័តមាននេះ