ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​បណ្តែត​លើ​ទឹកនឹង​ត្រូវ​ផ្លាស់​ទី ទៅ​រស់នៅ​លើ​ដី​បម្រុង​ទុក​របស់​អាជ្ញាធរ​ខេត្ត

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​កំពង់ឆ្នាំង ក៏​ដូច​ជា​យោង​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ទូ​ទាំង​ខេត្តកំពង់ឆ្នាំង ឲ្យ​ទៅ​រស់នៅ​លើ​ដីគោក…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​កំពង់ឆ្នាំង ក៏​ដូច​ជា​យោង​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ទូ​ទាំង​ខេត្តកំពង់ឆ្នាំង ឲ្យ​ទៅ​រស់នៅ​លើ​ដីគោក ដែល​កំណត់​ទុក​ដោយ​អាជ្ញាធរ​ខេត្ត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នេះ​តទៅ ដើម្បី​ក្នុង​ទន្លេ​មាន បរិស្ថាន​ល្អ គ្មាន​អ្នក​រស់នៅ​លើ​ទឹក​ទៀត​នោះ​ទេ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត កំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បាន​មាន​ប្រសាសន៍​ថា​៖

អាជ្ញាធរ​ខេត្ត​នឹង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង ពី​ផែនការ​ខាងលើ​នេះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ទូ​ទាំង​ខេត្ត ដើម្បី​ចូលរួម​អនុវត្ត ផែនការ​៥​ឆ្នាំ​របស់​ខេត្ត​គឺ​ពី​ឆ្នាំ​២០១៥ ដល់​២០១៩ ឲ្យ​ទទួល​បាន​ជោគជ័យ​។ ក្នុង​នោះ​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ទាំងអស់ រួម​មាន​ចំណុច​ចុង​កោះ ក្នុង​ក្រុង​កំពង់ឆ្នាំង ,​ឃុំ​ឆ្នុកទ្រូ ក្នុងស្រុក​បរិបូរណ៍​, ឃុំ​កោះ​ថ្កូវ និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​, ឃុំ​សែ​ប និង​ឃុំ​តា​ជេស ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​កំពង់លែង​ផង​ដែរ​។

អ្នក​រស់នៅ​ទាំងនោះ ត្រូវ​បន្លាស់​ទី​ទៅ​រស់នៅ​លើ​ទីតាំង​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។ យ៉ាងនេះ​ក្តី លោក​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​នឹង​ចាប់ផ្តើម​ជា​ជំហាន​ៗ ដោយ​ចាប់ពី​ក្រុង​កំពង់ឆ្នាំង​មុនគេ និង​បន្ទាប់​ឃុំ​កោះ​ថ្កូវ ឃុំ​ពាម​ឆ្កោក ដែល​អាច​អូស​តាម​បណ្តោយ​ទឹកទន្លេ ហើយ​ជំហាន​បន្ទាប់ ឃុំ​ឆ្នុកទ្រូ​ជាដើម​។ តាម​ផែនការ​របស់​សាលាខេត្ត ការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ គឺ​ធ្វើ​ក្នុង​ឆ្នាំ​២០១៩​នោះ​ទេ ប​ន្តែ​ដោយសារ​ស្ថានភាព​អំណោយផល ទឹកទន្លេ​ឆ្នាំ​នេះ​ឡើង​ខ្ពស់ យើង​អាច​អូស​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ​មក​នៅ​ទីតាំង​ដែល​បាន​រៀបចំ​ទុក ហើយ​នៅ​ពេល​ទឹក​ស្រក​ពួក​គាត់​រស់នៅ​ទីនោះ​តែ​ម្តង​។

សូម​បញ្ជាក់​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង មាន​ប្រមាណ​ជាង​៣​ពាន់​គ្រួសារ ក្នុង​នោះ​នៅ​ក្រុង​កំពង់ឆ្នាំង មាន​ជាង​១​ពាន់​គ្រួសារ និង​នៅ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គី​រី រួម​នឹង​កំពង់លែង មាន​ប្រមា​ន​ជាង​២​ពាន់​គ្រួសារ​។ ប្រជាពលរដ្ឋ​ទាំងនោះ នឹង​ត្រូវ​ឲ្យ​មក​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដែល​អាជ្ញាធរ​ខេត្ត​នឹង​ស្នើ​សុំ​កាត់​ដី​អនុប្រយោគ ដី​ព្រៃ​លិច​ទឹក ពី​រាជរដ្ឋាភិបាល មាន​ទំហំ​ប្រមាណ​ជាង​៤០​ហិ​កតា​។

គណៈកម្មការ​រៀបចំ​អូស​ផ្ទះ​បណ្តែត​ទឹក ក្នុង​ផែនការ​នេះ​មាន​ចំនួន​៦​ក្រុម ក្នុង​១​ក្រុម​ដឹកនាំ​ដោយ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត និង​គណៈកម្មការ​៥​ក្រុម​ទៀត គឺ​ដឹកនាំ​ដោយ​លោកស្នងការ​នគ​បា​រល​ខេត្ត ជា​ប្រធាន និង​អភិបាលស្រុក​ពាក់​ព​ន្ធ័​ជា​អនុប្រធាន នៅ​ក្នុង​ការ​ផ្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំង​អស់នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ