រាជធានីភ្នំពេញ ៖ ចោរ១ក្រុមបានធ្វើសកម្មភាពគាស់ព្រិលជញ្ជាំងរោងចក្រផលិតស្បែកជើងមួយកន្លែង នាវេលាយប់ ហើយចូលទៅរើកកាអីវ៉ាន់នៅក្នុងបន្ទប់ចំនួន៦ លួចបានលុយជាង៣ម៉ឺនដុល្លារ បន្ទាប់មកបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះព្រឹកឡើងទើបម្ចាស់ដឹង និងមានការភ្ញាក់ផ្អើល ហើយប្ដឹងនគរបាលឲ្យចុះទៅពិនិត្យមើល ព្រមទាំងធ្វើកំណត់ហេតុស្រាវជ្រាវ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងរោងចក្រផលិត ស្បែកជើងយីហោ «ផាណាវ៉េ» ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្រុម១ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមចោរលួចមិនត្រូវបានគេដឹងថា មានចំនួនប៉ុន្មាន នាក់នោះទេ ចំណែកជនរងគ្រោះដែលបានដាក់ពាក្យប្ដឹងសុំរអន្តរាគមន៍ពីកម្លាំងនគរបាលនោះ ឈ្មោះ លី ភីង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA-9498541 មុខរបរអ្នកគ្រប់គ្រង រោងចក្រស្បែងជើងខាងលើ និងស្នាក់នៅក្នុងរោងចក្រនោះ។
ទ្រព្យសម្បត្តិដែលបាត់បង់គឺ លុយចំនួន៣២,០០០ ដុល្លារ (បីម៉ឺនពីរពាន់ដុល្លាអាមេរិក) និង១០,០០០,០០០រៀល (ដប់លានរៀល)។ ដោយឡែកក្រុមចោរបាន បន្សល់ទុកស្លាកស្នាម ស្នាមគាស់ព្រិលជញ្ជាំង១ប្រឡោះ ខ្សែអង្រឹង១ខ្សែ,ខ្សែនីឡុង១ខ្សែ, ស្បែកជើងផ្ទាត់ ចំនួន៣គូ,កាបូបស្ពាយពណ៌ក្រហម១,ហើយក៏មានស្នាមរើកកាយអីវ៉ាន់នៅក្នុងបន្ទប់ចំនួន៦បន្ទប់ផងដែរ។ ពេលនេះនគរបាលប៉ុស្តិ៍ចោមចៅ២ និងនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងធ្វើការស្រាវជ្រាវលើករណីមួយនេះហើយ៕
ចែករំលែកព័តមាននេះ