យើងស្តាប់ព័ត៌មានពីការព្រួយបារម្ភ ការចេញរបាយការណ៍ ការវិភាគពីស្ថានភាពជីវភាពរបស់ប្រជាជនក្នុងប្រទេសកម្ពុជា តាមការបំភ្លៃមួលសភាពការណ៍ពិត នោះយើងនឹងអាចគិតថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នប្រហាក់ប្រហែលទៅនឹងស្ថានភាពប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ៧០ ជាពិសេសក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់ ប៉ុល ពត ដែលប្រជាជនកម្ពុជាពេលនោះគ្មានសិទ្ធិ គ្មានសេរីភាព ជាទាសករ រស់នៅក្នុងគុកឥតជញ្ជាំង មិនដឹងថ្ងៃណាដល់វេនខ្លួនត្រូវគេយកទៅសម្លាប់ ។ មួយថ្ងៃៗបន់ស្រន់ដង្ហោយរកអ្នកជួយសង្គ្រោះ ជួយស្រោចស្រង់ផុតពីទុក្ខវេទនា គ្មានអ្វីប្រៀបផ្ទឹមបាននោះ ។
តើប្រជាជនកម្ពុជាបច្ចុប្បន្ន ពិតជាគ្មានសិទ្ធិ គ្មានសេរីភាព មានទុក្ខវេទនា មានកម្រិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ ហើយត្រូវជួយសង្គ្រោះ ជួយស្រោចស្រង់មែនដែរឬទេ ?
បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែង យើងច្បាស់ជាឃើញថាខុសគ្នាដាច់ស្រឡះ ។ ក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងយកចិត្តទុកដាក់ចំពោះការគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាយន្តការការពារសិទ្ធិមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។
ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយបានធ្វើឱ្យវិស័យការពារជាតិ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ជាពិសេសវិស័យសុខុមាលភាពសង្គមកំពុងមានការអភិវឌ្ឍ និងការរីកចម្រើនជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានរឹងមាំនូវសន្តិសុខសុវត្ថិភាពសង្គម និងការបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្របន្តការគ្រប់គ្រងសេដ្ឋកិច្ច និងកំណើនរឹងមាំ ដោយចាត់ទុកថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម មានតួនាទីស្នូលក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។ ថាលពម និងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលដល់ការអភិវឌ្ឍរបស់វិស័យឯកជន ជាពិសេសជួយពង្រឹងនិងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលំទូលាយជាងមុន ។ វិស័យកសិកម្មដើរតួនាទីសំខាន់ក្នុងការជំរុញការផលិតក្នុងស្រុក និងការបង្កើតការងារដល់ប្រជាពលរដ្ឋ៨០% នៅទូទាំងប្រទេស ធានាបាននូវសន្តិសុខស្បៀង រក្សាលំនឹងសេដ្ឋកិច្ច ព្រមទាំងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ។ នេះជាមូលហេតុនាំឱ្យមានការទាក់ទាញអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះហើយ ទើបរដ្ឋាភិបាលបានសម្រេចចំណាយថវិកាចំនួនជាង៦.៣០០លានដុល្លារដើម្បីវិនិយោគសាធារណៈក្នុងផែនការ៣ឆ្នាំរំកិល គឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ និងចំណាយថវិកាចំនួនជាង៤.៣០០លានដុល្លារសម្រាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ។
មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ធារាសាស្ត្រ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គមកិច្ច ការការពារអធិបតេយ្យ និងបូរណភាពដែនដី ។ ការស្តារឡើងវិញនូវផ្លូវរថភ្លើងមានស្រាប់ និងគម្រោងសង់បន្ថែមផ្លូវរថភ្លើងថ្មីច្រើនខ្សែ រួមនឹងការកសាងកំពង់ផែទន្លេ សមុទ្រកន្លងមក នឹងធ្វើឱ្យមានការកាត់បន្ថយចំណាយនៃការដឹកជញ្ជូនទំនិញនៅក្នុងប្រទេស និងធ្វើឱ្យពាណិជ្ជកម្មនាំចេញ និងសកម្មភាពផលិតកើនឡើង ។ រីឯការកសាងប្រព័ន្ធស្រោចស្រពរហូតមកដល់ឆ្នាំ២០១០ លទ្ធភាពស្រោចស្រពបានចំនួន១.១២០.២៤៩ហិកតា បើប្រៀបធៀបឆ្នាំ១៩៦៧ លទ្ធភាពស្រោចស្រពបានត្រឹមតែចំនួន៧០.៦៧៥ហិកតាតែប៉ុណ្ណោះ ។
ក្នុងពេលបច្ចុប្បន្ន មានការកើនឡើងនូវការវិនិយោគរបស់ឯកជននៅទូទាំងប្រទេសកម្ពុជាឥតឈប់ឈរ ជាហេតុធ្វើឱ្យមានការងើបឡើងវិញនៃវិស័យឧស្សាហកម្មកាត់ដេរនាំចេញ វិស័យសំណង់អចលនទ្រព្យ កំណើនដ៏រឹងមាំនៃភ្ញៀវទេសចរ ការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យហិរញ្ញវត្ថុ និងដំណើរការល្អនៃវិស័យកសិកម្ម ពិសេសការផលិតនាំចេញកសិផលនៅទូទាំងប្រទេស ។
ការរីកចម្រើននៃសហគ្រាស ។ ឆ្នាំ២០១០ នៅកម្ពុជាមានសហគ្រាសជាង៥៣ម៉ឺនសហគ្រាសបានផ្តល់ការងារឱ្យប្រជាជនកម្ពុជាជិត២លាននាក់ មានចំណូលសរុបរបស់សហគ្រាសបានជាង១៤.០០០លានដុល្លារ ។ គិតពីថ្ងៃទី១ មករា ឆ្នាំ២០០៩ មកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ មានសហគ្រាសកើតថ្មីប្រមាណ១៨០.០០០សហគ្រាស ។ ទិន្នន័យនេះបង្ហាញពីសន្ទុះនៃការរីកចម្រើនយ៉ាងលឿននៃការវិនិយោគរបស់ឯកជន និងការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឆ្នាំ២០១២ ការវិនិយោគលើវិស័យកាត់ដេរនាំចេញមានការកើនឡើងរហូតដល់៧២៨រោងចក្រ ផ្តល់ការងារដល់កម្មករ-កម្មការិនីបានចំនួនជាង៦០ម៉ឺននាក់ ។ ក្នុងឆ្នាំ២០១២ កន្លងទៅ មិនមានរោងចក្រសហគ្រាសណាមួយបិទទ្វារដោយសារក្ស័យទុន ឬដោយសារការរកស៊ីមិនចំណេញនោះទេ ។ នេះជាលទ្ធផលវិជ្ជមានធ្វើឱ្យវិនិយោគិននៅប្រទេសជាច្រើនទៀតមានបំណងមកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុនរោងចក្រកាត់ដេររបស់ថៃជាច្រើនដែរ ដែលមានគម្រោងប្តូរទីតាំងមកវិនិយោគនៅកម្ពុជា ។ ដូចមានការលើកឡើងរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ គឺលោក Roongrote Benjamasuthin បានចាត់ទុកប្រទេសកម្ពុជាថា ជាទីកន្លែងជោគជ័យបំផុតក្នុងគម្រោងពាណិជ្ជកម្មរបស់ថៃ ។
កំណើនដ៏រឹងមាំនៃភ្ញៀវទេសចរ ជាអាទិភាពមួយដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការផ្តល់ឱកាសការងាររកប្រាក់ចំណូលដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ។ នៅឆ្នាំ២០១២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង៣,៥៨លាននាក់ និងទេសចរក្នុងស្រុកប្រមាណ៨,២លាននាក់បានបង្កើតការងារដល់ប្រជាជនកម្ពុជាដោយផ្ទាល់ប្រមាណ៣៥ម៉ឺននាក់ និងការងារដោយប្រយោលបានរាប់សិបម៉ឺននាក់បន្ថែមទៀត ។ថ្មីៗនេះ ឃើញមានការវិនិយោគបង្កើតរោងចក្រដំឡើងត្រាក់ទ័ររបស់វិនិយោគិនបេឡារុសនៅកម្ពុជា និងការវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្មដើម្បីបំពេញតម្រូវការក្នុងប្រទេសដោយតម្លៃសមរម្យ ។ ការវិនិយោគនេះនឹងជួយជំរុញវិស័យកសិកម្មឱ្យកាន់តែបោះជំហានទៅមុខទ្វេដង ក៏នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនាំត្រាក់ទ័រចេញទៅលក់នៅក្រៅប្រទេសនាចុងឆ្នាំ២០១៣ នេះដែរ ។
ពិសេសមួយទៀត គឺយុទ្ធនាការអនុវត្តនយោបាយចាស់ សកម្មភាពថ្មី ផ្តល់សម្បទានដីសង្គមកិច្ចជូនប្រជាជនដែលគ្មានដីពិតប្រាកដនៅទូទាំងប្រទេស ។ នេះជាប្រវត្តិសាស្ត្រដំបូងហើយដែលមានយុទ្ធនាការបែបនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកម្រឃើញមានអនុវត្តនៅប្រទេសនានាក្នុងសកលលោក ។ យុទ្ធនាការនេះនឹងជួយជំរុញក្នុងផ្នែកកសិកម្ម សិប្បកម្ម និងឧស្សាហកម្មខ្នាតតូច ។ល។ ព្រោះប្រជាជនដែលទទួលបានកម្មសិទ្ធិនឹងដាក់ទុនវិនិយោគអភិវឌ្ឍន៍លើដីកម្មសិទ្ធិរបស់គាត់ ។
ចំណែកការចាប់ផ្តើមនាំចេញកសិផលដំឡូងមីស្ងួតជាទ្រង់ទ្រាយធំទៅប្រទេសចិនកាលពីថ្ងៃទី១ ខែមីនាកន្លងមកនេះ បានធ្វើឱ្យកសិករលែងមានក្តីព្រួយបារម្ភពីគ្មានទីផ្សារលក់កសិផល នៅពេលអនាគតនឹងធ្វើឱ្យមានការដាំដុះកាន់តែទ្វេឡើង ។ ហេតុនេះនឹងផ្តល់នូវការងារដល់ប្រជា ពលរដ្ឋឱ្យមានចំណូល ធានាបាននូវសុវត្ថិភាព ស្បៀង ហើយកាត់បន្ថយភាពក្រីក្របន្ថែមដល់កសិករនៅទូទាំងប្រទេស ។
ថ្មីៗនេះដែរ វិនិយោគិនជប៉ុនប្រមាណ៣០០ក្រុមហ៊ុនបន្ថែមទៀត បានសម្លឹងឃើញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានមកសិក្សាចង់ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ។ រហូតមកទល់ពេលនេះ ចំនួនអ្នកវិនិយោគទុនជប៉ុនមកកម្ពុជាមានកំណើន៣ទៅ៤ដងពីមួយឆ្នាំទៅមួយឆ្នាំ ។ តាមវិនិយោគិនជប៉ុនមួយរូប គឺលោក ShinobuWashizawa អគ្គនាយកក្រុមហ៊ុន AEON ដែលបានមកវិនិយោគសង់ផ្សារទំនើបតម្លៃ២០០លានដុល្លារ ត្រូវការបុគ្គលិកជាង២.០០០នាក់នៅទីក្រុងភ្នំពេញបានឱ្យដឹងថា មូលហេតុដែលលោកមកវិនិយោគនេះ គឺដោយសារឃើញប្រទេសកម្ពុជាមានស្ថិរភាព សន្តិសុខសង្គមល្អ និងមានកំណើនសេដ្ឋកិច្ច ។ ជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើរ ហើយក្រុមហ៊ុនលោកបានប្រកាសថា មានគម្រោងសង់ផ្សារទំនើបទី២បន្ថែមទៀតនៅជាយរាជធានីភ្នំពេញ។ នេះមិនមែនជាការចៃដន្យទេ ជាទូទៅអ្នកវិនិយោគជប៉ុនភាគច្រើនមានទិសដៅវិនិយោគយូរអង្វែង ដូច្នេះប្រាកដជាមានការសិក្សាច្បាស់លាស់ និងល្អិតល្អន់ណាស់មុននឹងធ្វើការវិនិយោគទុននៅប្រទេសណាមួយ ។
និន្នាការរើសអើងនៃការវិនិយោគរបស់លោកខាងលិចចំពោះប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន កំពុងផ្លាស់ប្តូរឥរិយាបថ ហើយចាប់ផ្តើមមើលឃើញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នេះដោយសារការផ្សព្វផ្សាយព័ត៌មានដោយបំភ័ន្ត បំភ្លៃ បំផ្លើសបំប៉ោង និងលាបពណ៌ឱ្យសភាពការណ៍ពិតនៅកម្ពុជាពីក្រុមមជ្ឈដ្ឋានដែលមានអរិភាពជាមួយរាជរដ្ឋាភិបាលត្រូវបានលាតត្រដាងពីការពិត ។
បើពិនិត្យលើកត្តាទាក់ទាញ (Pull Factor): ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ រក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច មានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជាប្រទេសធានាបាននូវសន្តិសុខស្បៀង ។ បច្ចុប្បន្នប្រទេសកម្ពុជាមានបរិយាកាសវិនិយោគ និងបទដ្ឋានច្បាប់កាន់តែល្អ កម្លាំងពលកម្មមិនខ្ពស់ ហើយមានសមត្ថភាពកាន់តែប្រសើរជាងមុន ។ វិនិយោគិនក្នុងនិងក្រៅប្រទេស មើលឃើញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ជួយសម្របសម្រួលដល់គ្រប់វិនិយោគិនដែលវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា ។
ចំណុចមួយទៀត ប្រទេសកម្ពុជាមានស្ថានភាពទីតាំងភូមិសាស្ត្រប្រសើរជាងគេក្នុងចំណោមប្រទេសអាស៊ាន ព្រោះនៅចំណុចកណ្តាលហើយជិតប្រទេសចិននិងងាយស្រួលក្នុងការតភ្ជាប់បណ្តាញផលិតកម្ម និងការពង្រីកទីផ្សារ ។ ទីតាំងគេចផុតពីគ្រោះធម្មជាតិ ហើយជាទូទៅទឹកជំនន់ភាគច្រើនមាននៅតែតំបន់ទំនាបលើដីកសិកម្ម ។
យើងឃើញមានកត្តារុញច្រាន (Push Factor): វិបត្តិគ្រោះធម្មជាតិ តម្លៃពលកម្មខ្ពស់ បញ្ហាទំនាស់សមុទ្រចិនខាងត្បូងរបស់ប្រទេសនៅតំបន់អាស៊ីដទៃ ។ល។ មួយវិញទៀត វិនិយោគិនបរទេសលើពិភពលោកងាកមកវិនិយោគទុនច្រើនក្នុងតំបន់អាស៊ី ដោយសារអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិជាច្រើនយល់ឃើញថា ចាប់ពីពេលនេះតទៅ សេដ្ឋកិច្ចតំបន់អាស៊ីមានសញ្ញាកើនឡើងខ្ពស់ បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងបន្តជួបនឹងបញ្ហាចាក់ស្រេះដូចជា វិបត្តិប្រាក់បំណុលនៅអឺរ៉ុប, កំណើនដ៏សែនយឺតយ៉ាវ និងភាពរំជើបរំជួលដោយសារនយោបាយសារពើពន្ធថ្មីរបស់សហរដ្ឋអាមេរិកជាដើម ។
ឧទាហរណ៍ ការវិភាគសេដ្ឋកិច្ចរបស់ធនាគារ GoldmanSachs ថា តំបន់អាស៊ីអាចនឹងទទួលបានកំណើន៦,៩% នៅឆ្នាំ២០១៣ នឹងបន្តកើនដល់៧,៣% ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ ជាក់ស្តែង ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១២ មានកំណើនសេដ្ឋកិច្ច៧,៣% បានធ្វើឱ្យអត្រានៃភាពក្រីក្រធ្លាក់មកនៅត្រឹម២០% ក្នុងឆ្នាំ២០១២ ហើយរំពឹងថា ឆ្នាំ២០១៣ នឹងធ្លាក់ដល់១៩% ។ លទ្ធផលដ៏ល្អកន្លងមកនេះ ទើបកម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែលនឹងអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងជាប្រទេសមានចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ។ ទាំងអស់នេះជាកត្តារុញច្រានឱ្យវិនិយោគទុនបរទេសមើលឃើញពីផលវិជ្ជមាននៃការវិនិយោគយូរអង្វែងនៅកម្ពុជា ។
តាមស្ថានភាពពិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបរស់នៅដោយមានសិទ្ធិ មានសេរីភាព ទទួលបាននូវសិទ្ធិជាពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។ ជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯង ហើយកំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាពនៅទូទាំងប្រទេស បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពកសាង និងអភិវឌ្ឍន៍ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម សហគមន៍របស់ខ្លួនឱ្យរីកចម្រើនលូតលាស់ធូរធារទៅតាមការខិតខំរបស់ខ្លួន ។
ជាលទ្ធផលឃើញថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើន បានស្តារកិត្តិយសកិត្យានុភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិ ធ្វើឱ្យប្រទេសកម្ពុជាមានឯករាជ្យ អធិបតេយ្យ ស្មើភាព ស្មើសិទ្ធិជាមួយបណ្តាប្រទេសជុំវិញខ្លួន ក៏ដូចជាបណ្តាប្រទេសលើពិភពលោក ដែលនេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាគិតចាប់ពីក្រោយការធ្លាក់ចុះនៃចក្រភពអង្គរ ។
ចំពោះជីវភាពប្រជាជន បើប្រៀបធៀបទៅនឹងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺខុសគ្នាដាច់ស្រឡះ ។ ពេលនោះអត្រានៃភាពក្រីក្រគឺ១០០% ប្រជាជនមានស្បែកដណ្តប់ឆ្អឹង មានជំងឺប្រចាំកាយ បាក់កម្លាំង ពេលនោះមិនត្រឹមតែក្រទេ គឺទាល់ទៀតផង ។ តែពេលនេះ ប្រជាជនកម្ពុជាម្នាក់ៗមានជីវភាពនិងសមត្ថភាពកាន់តែប្រសើរក្នុងការប្រកបរបរទទួលទានទៅតាមលទ្ធភាពរបស់ខ្លួន មានការរីករាយនឹងលទ្ធផលដែលខ្លួនទទួលបាន ហើយតែងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។
នេះដោយសារភាពឈ្លាសវៃនៃការដឹកនាំប្រទេសប្រកបដោយចក្ខុវិស័យ មើលឃើញវែងឆ្ងាយ និងការប្តេជ្ញាចិត្តធ្វើអ្វីៗដើម្បីការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានស្តារ និងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសខឿនសេដ្ឋកិច្ចជាតិឡើងវិញជាជំហានៗតាំងពីកម្រិតសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ន និងកំពុងកសាងមូលដ្ឋានស្នូលដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ដែលនេះគឺជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់អ្នកជំនាន់ក្រោយរបស់ព្រះរាជាណាចក្រកម្ពុជានៅពេលអនាគត៕
ចែករំលែកព័តមាននេះ