រាជធានីភ្នំពេញ ៖ បុរស៥នាក់ បានចូល ទៅផឹកស៊ីច្រៀងខារ៉ាអូខេជាមួយគ្នា តាំងពីព្រលប់រហូតដល់វេលារំលងអធ្រាត្រ ។ ក្រោយពីផឹកស៊ីឆ្អែត និងច្រៀងសប្បាយអស់ចិត្តទើបឈប់ ខណៈនោះម្ចាស់ហាងបានគិតប្រាក់អស់ជាង១០០ដុល្លារ ។

ពេលនោះស្រាប់តែបុរស៣នាក់បានរត់គេចខ្លួនបាត់ នៅសល់២នាក់គ្មានប្រាក់គ្រប់ដើម្បីទូទាត់ឲ្យម្ចាស់ហាង ក៏ត្រូវម្ចាស់ហាងខាងលើឃាត់ខ្លួនមិនឲ្យទៅណា រួចរាយការណ៍ជូននគរបាលឲ្យទៅអន្តរាគមន៍សម្របសម្រួលទាំងយប់ ។ ហេតុការណ៍នេះ កើតឡើងនិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅហាងខារ៉ាអូខេយីហោ «KTV 7777» ស្ថិតនៅតាមផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បុរស២នាក់ខាងលើរួមជាមួយនឹងគ្នីគ្នាចំនួន៣នាក់ទៀត បាននាំគ្នាចូលទៅផឹកសុីច្រៀងខារ៉ាអូខេនៅក្នុងហាង KTV 7777 នោះ ។ នៅពេលចូលទៅដល់បានកុម្មង់ស្រាបៀរ និងគ្រឿងក្លែម ព្រមទាំងនំ ផឹកសុីច្រៀងសប្បាយរហូតដល់វេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ទើបឈប់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈនោះម្ចាស់ហាងបានគិតប្រាក់អស់ចំនួន១៣៥ដុល្លារ ស្រាប់តែគ្នីគ្នាចំនួន៣នាក់បានលួចគេចខ្លួនចោលបុរស២នាក់ខាងលើនោះបាត់អស់ ។ ពេលនោះដោយសារតែគ្មានប្រាក់គ្រប់ចំនួនដើម្បីទូទាត់ថ្លៃផឹកស៊ី និងច្រៀងសប្បាយ បុរស២នាក់នេះក៏ត្រូវម្ចាស់ហាងឃាត់ខ្លួនដើម្បីដោះស្រាយគ្នាតែម្ដង ។

បន្ទាប់មក ម្ចាស់ហាងបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍ ហើយនគរបាលប៉ុស្តិ៍ក៏បានទៅធ្វើការសម្របសម្រួលភ្លាមៗដើម្បីចៀសវាងកុំឲ្យមានអំពើហិង្សាកើតឡើង ។ នៅពេលនគរបាលទៅដល់ បុរស២នាក់នោះបានសុំទូទាត់ត្រឹម៣០ម៉ឺនរៀលប៉ុណ្ណោះហើយដោយសារតែបើមិនយកមានតែអត់ និងខ្ជិលមានរឿងវែងឆ្ងាយតទៅទៀតផងនោះ ម្ចាស់ហាងក៏យល់ព្រមទទួលយក ដេីម្បីបញ្ចប់រឿងត្រឹមហ្នឹង ។

ចាត់ទុកថា ជួបរឿងស៊យទៅចុះ ហើយបន្ទាប់មកបុរស២នាក់នោះក៏ត្រូវបានអនុញ្ញាតឲ្យ
ត្រឡប់ទៅផ្ទះវិញទាំងយប់ ៕
ចែករំលែកព័តមាននេះ