ខេត្តកំពង់ចាម ៖ រាល់ថ្ងៃមានរោងចក្រសហគ្រាសធំៗ ចំនួន២៧កន្លែង កំពុងតែបើកទ្វារចាំទទួលពលករ ដែលចង់ចូលបម្រើការងារដោយប្រាក់ខែ ទទួលបានក្នុងរង្វង់២២៥ដុល្លារទៅ១០០០ដុល្លារក្នុងមួយខែ តាមជំនាញរបស់ខ្លួន ។

នេះជាការលើកឡើងពីសំណាក់ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តនៅក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយធ្វើឡើង នាព្រឹកថ្ងៃទី១៥ មិថុនាឆ្នាំ២០២៥ ជាមួយនោះមានការចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសិស្សនិស្សិតចូលរួមច្រើនកុះករ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ដោយលើកឡើងថា តាមរយៈសាលាបណ្ដុះបណ្ដាលនេះ គឺពិតជាបានផ្ដល់ជំនាញពិតប្រាកដដល់យុវជន សំខាន់យុវជនម្នាក់ ត្រូវតែមានជំនាញយ៉ាងតិចណាស់ក៏មួយដែរ ។ ដើម្បីឈានឆ្ពោះទៅក្នុងឱកាសនៃការងារតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញដោយយុវជនចំនួនមួយលាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារហានិភ័យ ឬពាក់ព័ន្ធផ្សេងៗទៀត ដែលគ្មានការងារធ្វើគ្រួសារក្រីក្រត្រូវធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានជំនាញការងារធ្វើ ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍បន្តថា ជាមួយនោះរាជរដ្ឋាភិបាលបានដាក់ចេញដោយបានបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាននៅតាមបណ្ដារាជធានីខេត្តសម្រាប់ផ្ដល់ឱកាសក្នុងការជ្រើសរើសយុវជនឲ្យបានចូលរៀនជំនាញនីមួយៗដែលមានរយៈពេល៤ខែ ទៅ៦ខែ ហើយសិក្ខាកាមម្នាក់ៗទទួលបានប្រាក់ខែចំនួន២៨ម៉ឺនរៀលក្នុងមួយខែ ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៤ ដល់២០២៥នេះ នៅសាលាបណ្ដុះបណ្ដាលបានទទួលសិកាមជាង១០០០នាក់ ជាមួយនោះក៏មានអ្នកខ្លះបានចេញទៅប្រកបការងារអាជីពរបស់ខ្លួនតាមក្រុមហ៊ុន ឬបើកអាជីវកម្មដោយខ្លួនឯង ដើម្បីទទួលបានប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងហើយដឹងទៀតថា សម្រាប់នៅក្នុងខេត្តកំពង់ចាមទាំងមូល ក្នុងនោះមានគ្រួសារក្រីក្រជាង៧៧០០០គ្រួសារ ហើយតាមរយៈសាលាបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយអាចឲ្យពួកគាត់បានចុះឈ្មោះមកចូលរៀនយកជំនាញ ។

ជាមួយនោះក៏មានពលករពលការិនីដែលបម្រើការងារនៅប្រទេសថៃ ក្នុងស្ថានភាពតានតឹង ពីវិវាទព្រំដែនកម្ពុជា-ថៃ ដែលត្រៀម និងវិលត្រឡប់មកស្រុកកំណើតវិញ ។ ហើយរដ្ឋបាលខេត្តកំពង់ចាម ក៏បានត្រៀមរថយន្តចំនួន៤០គ្រឿង ដើម្បីទៅដឹកពួកគាត់ដែលវិលត្រឡប់មកវិញតាមច្រកខេត្តកោះកុង ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ហើយក៏មានកន្លែងសម្រាប់ជូនដល់ពួកគាត់ឲ្យបម្រើការងារដែលមានរហូតទៅដល់ចំនួន១២០០០កន្លែង បើមិនចង់ត្រឡប់ទៅវិញធ្វើការនៅក្នុងស្រុក គឺមានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ៕


ចែករំលែកព័តមាននេះ