ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ចំនួន៤ ដែលកំពុងមានជម្លោះជាមួយថៃលែងជាប្រធានបទ ការពិភាក្សា និងដោះស្រាយនៅក្នុងក្របខ័ណ្ឌJBCទៀតហើយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​អះអាង​នៅ​ចំពោះ​មុខ​ភាគី​ថៃ​ថា ចាប់ពី​ពេល​នេះ​តទៅ តំបន់​(​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី​) ទាំង​បួន​នេះ លែង​ជា​ប្រធានបទ…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​អះអាង​នៅ​ចំពោះ​មុខ​ភាគី​ថៃ​ថា ចាប់ពី​ពេល​នេះ​តទៅ តំបន់​(​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី​) ទាំង​បួន​នេះ លែង​ជា​ប្រធានបទ ឬ​កម្មវត្ថុ​នៃ​ការ​ពិភាក្សា និង​ដោះស្រាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មការ​ចម្រុះ ព្រំដែន (JBC) កម្ពុជា​-​ថៃ ទៀត​ហើយ ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) កម្ពុជា​-​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ឡាំ ជា បាន​បញ្ជាក់​ថា ក្រៅពី​តំបន់​ទាំង​បួន ដែល​ស្ថិត​ក្នុង​បណ្ដឹង​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ និង​សុច្ឆន្ទៈ​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការ​វាស់វែង ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) កម្ពុជា​-​ថៃ​។

ឯកឧត្តម ឡាំ ជា ក៏​បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រកាន់​យក​នូវ​សន្តិភាព​និយម និង​ចង់បាន​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​ភាគី​ថៃ ដោយ​ផ្អែក​លើ​មូលដ្ឋាន​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ផែនទី​ដែល​បាន​ឯកភាព​គ្នា ដូច​មាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ឆ្នាំ​២០០០ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រើប្រាស់ ផែនទី​មាត្រដ្ឋាន​១/២០០.០០០ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៧ ដើម្បី​អនុវត្ត​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ។

ក្នុង​ន័យ​នេះ ភាគី​កម្ពុជា បាន​បដិសេធ​យ៉ាង​ដាច់ខាត មិន​ទទួលស្គាល់​ផែនទី​ដែ ល​ភាគី​ថៃ​បាន​គូស​ជា​ឯកតោភាគី ហើយ​យក​មក​ប្រើប្រាស់​ជា​សំអាង ដែល​ជា​ប្រភព​ចម្បង​នាំ​មក​នូវ​ជម្លោះព្រំដែន​ដ៏​រ៉ាំរ៉ៃ នា​ពេល​កន្លង​មក​ក៏​ដូច​ជា ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។

គួរ​បញ្ជាក់​ថា ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) កម្ពុជា​-​ថៃ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មិត្តភាព យោគយល់​គ្នា ក្នុង​ស្មារតី​ពិភាក្សា​គ្នា​បើកចំហ​ទៅ​វិញ​ទៅ​មក និង​ប្រកបដោយ​ភាព​វិជ្ជមាន ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ការ​ពិភាក្សា​ទាំងស្រុង​លើ​របៀបវារៈ​ដែល​បាន​ឯកភាព​គ្នា និង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ ជា​ផ្លូវការ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​គ្រោង​ជួប​ប្រជុំ​គ្នា​សា​ជា​ថ្មី នៅ​ខែកញ្ញា ឆ្នាំ​២០២៥ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ