នារីៗខ្មែរប្រហែលពិតជាហត់នឿយខ្លាំងមែនទែនហើយ លើរឿងហាមឃាត់ស្វាមីរបស់ខ្លួនមិនអោយទទួលទានគ្រឿងស្រវឹងនេះ បានជាថ្មីៗនេះមានស្ត្រីជាច្រើនដែលបានត្អូញត្អែរបញ្ហានេះឡើងនៅលើបណ្តាញសង្គម ហើយនាំគ្នាធ្វើការចែកចាយគួរសម នៅក្នុងរយៈពេលថ្មីៗនេះ ។
រូបតំណាង Status នៅលើបណ្តាញសង្គម ប៉ុន្មានឃ្លារដូចជា «ហត់នឹងការប្រដៅប្តីកុំអោយផឹក» ក៏ដូចជា «ប្រដៅប្តីកុំអោយផឹកដូចចាក់ទឹកលើក្បាលទា » គឺកំពុងតែចែកចាយព្រោងព្រាត ។ ជាការពិត ពាក់ព័ន្ធនឹងការត្អូញត្អែរនេះ វា គឺជាតថភាពជាក់ស្តែង នៅក្នុងសង្គមទូទៅនៅកម្ពុជាបច្ចុប្បន្ននេះ ខណៈដែលតម្លៃស្រាបៀរ និងគ្រឿងស្រវឹង កាន់តែធូរថ្លៃ ហើយការផ្សព្វផ្សាយក៏នៅតែមានភាពទូលំទូលាយ ទោះបីជាបានកាត់បន្ថយខ្លះក្តី ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី ចាន់ថា ជាប្រជាពលរដ្ឋ វ័យ៤៦ឆ្នាំ មួយរូបបានលើកឡើងថា ហាមប្តីមិនអោយមានស្រីដូចជា ស្រួលជាង ហើយមិនសូវហត់ដូចហាមប្តីមិនអោយផឹកដោយសារបើប្តីទៅរកស្រី សេវាអាចថ្លៃចឹងអត់លុយទៅណាទៅណីមិនកើតទេ ។ ប៉ុន្តែរឿងហាមរឿងគ្រឿងស្រវឹងដូចគេថា «ចាក់ទឹកលើក្បាលទា» មែន ។
លោកស្រីបានបញ្ជាក់ថា «រឿងហាមមិនអោយផឹកនេះពិបាកណាស់ ។ ហាមយ៉ាងម៉េច បើមានលុយត្រឹមតែ៥ពាន់រៀលអី គឺទិញស្រាមកផឹកបានហើយនោះ » ។ ដោយឡែកអ្នកស្រី កន្និកា ដែលជាស្ត្រី វ័យ៣៦ឆ្នាំមួយរូបបានលើកឡើងថា បុរសៗសម័យនេះបាទ តែជាមួយនឹងមុខប្រពន្ធទេ រឿងហាមគ្រឿងស្រវឹងនេះ តែក្រោយខ្នងដឹងតែជុំគ្នាពិសាហើយ មិនខ្វល់ថា ខ្លួនមានជំងឺ ពេទ្យហាមមិនអោយផឹកឡើយ ។ លោកស្រីបានបន្តថា«ប្តីខ្ញុំអី ហាមបាន តែពេលឈឺទេ ។ ក្រោយខ្នងផឹកទៀតហើយ» ។
រូបតំណាង ដោយឡែក បុរសជាមន្ត្រីរាជការ វ័យ៤៧ឆ្នាំ មួយរូបបានលើកឡើងថា គ្រឿងស្រវឹងនេះវាមិនល្អទេ រឿងសុខភាព ហើយលោកសព្វថ្ងៃនេះ ក៏មានជំងឺដែរ ហើយពេទ្យក៏ហាមឃាត់រឿងគ្រឿងស្រវឹងនេះដែរ ប៉ុន្តែចេះតែវាកាត់មិនដាច់ ។
លោកបានបញ្ជាក់ «ខ្ញុំពិនិត្យឈាមឃើញលើសអាស៊ីត ហើយពេទ្យក៏ប្រាប់ថា កម្រិតរលាកថ្លើមក៏ឡើងដែរ ដូច្នេះត្រូវតមគ្រឿងស្រវឹង ។ ប៉ុន្តែវាពិបាកតម »។ លោកបានបញ្ជាក់ទៀតថា «ថា ពេទ្យគាត់ហាម ប្រពន្ធយើងអោបរាល់ថ្ងៃនោះ ក៏ហាមសំបើមដែរ ដោយខ្លាចយើងឈឺយើងគ្រោះថ្នាក់ ប៉ុន្តែមិត្តភក្តិ អ្នករួមការងារចេះតែបង្ខំ ពិបាកប្រកែក » ។ លោកបានបន្តទៀតថា គេហៅយើងផឹកគេរាប់អានយើង បើយើងប្រកែកគេលែងរាប់អាន ចេះតែទ្រាំៗទៅ ។
វិទ្យាស្ថានជាតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹង និងការញៀ.នគ្រឿងស្រវឹង (National Institute on Alcohol Abuse and Alcoholism) របស់សហរដ្ឋអាមេរិកបានអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹងមិនល្អឡើយ ។
ស្ថាប័ននេះបានអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹង វារំខានដល់ផ្លូវទំនាក់ទំនងរបស់ខួរក្បាល ហើយអាចប៉ះពាល់ដល់របៀបដែលខួរក្បាលដំណើរការដែលនាំឲ្យប្រែប្រួលចិត្តគំនិត និងឥរិយាបទ ផ្លាស់ប្តូរអារម្មណ៍ និងអាកប្បកិរិយា ។ បើទទួលទានជាប្រចាំវាប៉ះពាល់ដល់បេះដូង ដូចជា ធ្វើឲ្យសាច់ដុំបេះដូងខ្សោយ ចង្វាក់បេះដូងលោតមិនប្រក្រតី ឡើងសំពាធឈាម ដាច់សរសៃឈាម ។
ដោយឡែក ថ្លើមវិញធ្វើឲ្យរលាកថ្លើមខ្លាញ់រុំថ្លើម ដុំសាច់នៅថ្លើម ក្រិនថ្លើម ។ សម្រាប់លំពែងវិញជាតិអាល់កុលធ្វើឱ្យលំពែងផលិតសារធាតុពុលដែលអាចនាំឱ្យកើតជំងឺរលាកលំពែងដែលអាចបណ្តាលឱ្យហើម និងឈឺចាប់ ហើយនិងធ្វើឱ្យខូចសមត្ថភាពបង្កើតអង់ស៊ីម និងអរម៉ូនសម្រាប់ការរំលាយអាហារ ។
ក្រៅពីនោះ ស្ថាប័នដដែលក៏បានបន្តទៀតថា អ្នកដែលទទួលទានគ្រឿងស្រវឹងនេះ ជាប្រចាំ គឺងាយហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកតាំងពីក្រពះ បំពង់ក មហារីកមាត់ មហារីកបំពង់អាហារ មហារីកពោះវៀនធំ និងថ្លើមជាដើម ៕
ចែករំលែកព័តមាននេះ