ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ក្នុងនោះស្រី្ត២នាក់ ពីបទជួញដូរគ្រឿងញៀនជិត២គីឡូក្រាម និងរឹបអូសអាវុធខ្លី៤ដើម រថយន្ត២គ្រឿង រួចបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ ។ ការបង្ក្រាបករណីគ្រឿង ញៀនដ៏ធំនៅភាគខាងលិចប្រទេសនេះ គឺមិនធម្មតានោះទេ ក្នុងការបង្ហាញអត្តសញ្ញាណក្រុមជនទាំងនេះ ដោយសារតែមេខ្លោងម្នាក់ជាមន្ត្រីយោធា និងជាកូនប្រុសរបស់លោកឧត្តមសេនីយ៍កងពលម្នាក់ ។
ជាការពិត ទោះបីជាយ៉ាងណា សាធារណមតិនិយាយថា គ្មានឪពុកណាចង់ឱ្យកូនក្លាយជាជនជួញដូរគ្រឿង ញៀននោះទេ តែការពិតវាបានកើតឡើងទៅហើយ ។ ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៦នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ នៅក្នុងភូមិសាស្គ្រស្រុកអូរជ្រៅ ដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុកអូរជ្រៅ ដែលដំបូងឃាត់ខ្លួន២នាក់គឺម្នាក់ឈ្មោះ សន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេងសុមេធា ភេទប្រុស អាយុ២៣ឆ្នាំ ។
ជនសង្ស័យស្នាក់នៅក្នុងក្រុងសិរីសោភ័ណ ធ្វើសកម្មភាពនៅស្រុកអូរជ្រៅ ដោយចាប់បានវត្ថុតាង គ្រឿង ញៀនប្រភេទមេតំហ្វេតាមីនខេទឹកកក២ថង់ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងគ្រឿងញៀនហើយធ្វើការសាកសួរ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងបន្តឃាត់ខ្លួនជន សង្ស័យម្នាក់ទៀតតាមដីកាពាក់ព័ន្ធនឹងគ្រឿងញៀនដែរ នៅថ្ងៃទី១២ខែកញ្ញា ក្នុងភូមិសាស្គ្រក្រុងសិរីសោ ភ័ណ គឺឈ្មោះ ឱ បូរ៉ានីត ភេទស្រី អាយុ២៥ឆ្នាំ ។
បន្ទាប់មក កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវកំណត់មុខសញ្ញា ដោយសហការជាមួយកម្លាំង កង រាជ អាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត កាលពីវេលាម៉ោង៣និង៥២នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណដែលមាន ៖
១-ឈ្មោះ ឃីម ចំរើនកូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាមន្ត្រីយោធាមានឋាន្តរស័ក្តិវរសេនីយ៍ទោ និងជាកូនប្រុសលោកឧត្តមសេនីយ៍មួយរូប ២-ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និង៣-ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅពេលឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ សមត្ថកិច្ចបានដកហូត កាំភ្លើងខ្លី១ដើមម៉ាក CPZ-១០C លេខC៤២៣៩៨៦ ពណ៌ខ្មៅបិទស្កុតពណ៌ត្រេអុី បង់១មាន១៥គ្រាប់ និងកាំភ្លើងខ្លី១ដើមទៀតម៉ាកបេរេតា លេខPZ-២៧៦៦៦ពណ៌ខ្មៅ បង់១មាន១២គ្រាប់ កាំបិតស្នៀត១ រថយន្ត១គ្រឿងម៉ាកម៉ាស្ដា ស៊េរីឆ្នាំ២០១៨ ពណ៌ស បិទស្កុតខ្មៅ គ្មានផ្លាកលេខ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។
បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យប្រុសស្រីដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនថ្ងៃនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលខេត្តសៀមរាប បានធ្វើការឆែកឆេរផ្ទះជនសង្ស័យនិងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន១.៩៩៥គ្រាប់ គ្រឿងញៀនប្រភេទកេតាមីន៨,៥១ក្រាម ថ្នាំញៀនប្រភេទអិចស្តាស៊ី២,៩៦ក្រាម ជញ្ជីងសម្រាប់ថ្លឹង៤ កាំភ្លើងខ្លី២ដើម និងរថយន្ត១គ្រឿងទៀតនៅក្រុងសៀមរាប ខេត្តសៀមរាប
អ្នកតាមដានពីការចាប់បានមេខ្លោងគ្រឿងញៀនធំម្នាក់ ហើយជាមន្ត្រីយោធាផងនោះ ធ្វើឱ្យមានការលេចឮថា មានគេរត់ការចង់ឱ្យដោះលែងមេខ្លោងគ្រឿងញៀនរូបនេះ ដោយសារតែសំណុំរឿងនេះអូសបន្លាយយូរថ្ងៃរហូតអត្តសញ្ញាណក្រុមជនសង្ស័យ ពិសេសមេខ្លោងរូបនេះមិនត្រូវបានសមត្ថកិច្ចឱ្យដឹងឡើយ ។ ទោះបីជាបែបណា ប្រហែលគ្មាននរណាថ្លើមពាសមេឃដោះលែងនោះទេ ៕
ចែករំលែកព័តមាននេះ