ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ទើប​ភ្ញាក់ខ្លួន​ឱ្យ​ផ្អាក ខណៈ​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​ជាង​៣.០០០​ហិ​កតា

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​មាន​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត ដឹកនាំ​កម្លាំង​ប្រដាប់ អាវុធ​ទាំង​៣​ប្រភេទ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​កាប់​រាន​ដី​ព្រៃ…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​មាន​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត ដឹកនាំ​កម្លាំង​ប្រដាប់ អាវុធ​ទាំង​៣​ប្រភេទ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​កាប់​រាន​ដី​ព្រៃ មក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។ មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំងយោធា បាន​ទៅ​ដល់ ចំណុច​ទីតាំង​ឆ្ការព្រៃ ដែល​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ កំពុង​ធ្វើ​សកម្មភាព កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ មា​នទី​តាំងនៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ និង​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៊ុត សុខ​ជា តំណាង​ខ្មែរឥស្លាម ដែល​កំពុង​កាន់កាប់​ដី​ព្រៃ នៅ​ចំណុច​ទីតាំង​ខាងលើ​បានឱ្យ​ដឹង​ថា ក្រុម​គាត់​បាន​សំណើ​ទៅ​ថ្នាក់លើ​ចំនួន​៣.៥៨០​ហិ​កតា ដើម្បី​សង់​លំនៅ ឋាន និង​ដី​បង្កបង្កើន​ផល សម្រាប់​ប្រជាពលរដ្ឋ​៣៩២​គ្រួសារ តែ​ការ​រស់នៅ​ជាក់ស្តែង​មាន​តែ​២៧៤ គ្រួសារ​ប៉ុណ្ណោះ ហើយ​សង់​លំនៅ​ដ្ឋា​ន​សម្រេច​រួចរាល់​បាន​២៣០​គ្រួសារ​។ ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ថា ការ​កាប់​រាន​ព្រៃ​នេះ គឺ​មាន​រយៈពេល​ជាង​៣​ខែ​ហើយ ដែល​គ្រួសារ​នីមួយ​ៗ​កាប់​តាម​លទ្ធភាព ដែល​អាចយ​កបាន ដោយ​មិន​មានការ​ហាមឃាត់​ថា ត្រូវ​កំណត់​ម្នាក់​ប៉ុន្មាន​ហិ​កតា​ឡើយ​។

លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់ មាន​ប្រសាសន៍​ថា លោក​បានឃើញ​ហើយ​លិខិតស្នើ​សុំ​បញ្ជូន​មក​រដ្ឋបាល​ខេត្តស្ទឹងត្រែង ហើយ​ក៏​បានឃើញ​នៅ​ចំណារ​ភ្ជាប់​ជាមួយ​លិខិត​នោះ​ដែរ តែ​ចំណារ​នោះ​គឺ​ឱ្យ​ពិនិត្យ​លទ្ធភាព​សិក្សា លើ​ដី​ព្រៃ​ទាំងនោះ​។ មិនមែន​ចំណារ​ឱ្យ​ប្រជាពលរដ្ឋ​មក​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​នោះ​ឡើយ ដោយ​គ្រួសារ​ខ្លះ កាប់​យក​បាន​ក្បាលដី ៥០​ម៉ែត្រ បណ្តោយ​១.០០០​ម៉ែត្រ និង​ខ្លះ​ក្បាលដី ៣០​ម៉ែត្រ បណ្តោយ​១.០០០ ម៉ែត្រ ស្រេច​តែ​ចិត្ត មិន​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​នោះ​ឡើយ​។

លោក ជា ថា​វរិ​ទ្ធ បាន​មាន​ប្រសាសន៍ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា សុំ​ឱ្យ​ផ្អាក​សកម្មភាព​កាប់​ទន្ទ្រាន​រុករាន​យក​ដី និង​ផ្អាក​សកម្មភាព នាំ​មនុស្ស​ចូល​មក​បន្ថែម​ទៀត ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាល​ខេត្ត​សិក្សា និង​រក​វិធានការ​ដោះស្រាយ​។ តែបើ​ជន​ណាមួយ​នៅ​តែ​បន្ត​កាប់​ព្រៃ​យក​ដី នៅ​ចំណុច​ខាងលើ​នេះ គឺ​នឹង​ប្រើ​វិធានការ ដោយ​មិន​បណ្តោយ ឱ្យ​កាប់​ឆ្ការព្រៃ​ក្លាយជា​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត បង្កើត​ជា​តំបន់​អនាធិបតេយ្យ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ