ម្ដុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ជា​តំបន់​ពាណិជ្ជកម្ម​កំពុង​ទាក់ទាញ​ការ​វិនិយោគ


រាជធានី​ភ្នំពេញ ៖ តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​វិនិយោគិន​នានា ពិសេស​ក្រោយ​ពេល​វិនិយោគិន​ចិន​មក​អភិវឌ្ឍន៍​អគារ​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​តំបន់​នោះ ។

បើ​តាម​លោក Li Min តំណាង​វិនិយោគិន​ចិន​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចក្ខុវិស័យ​របស់​ខ្លួន គឺ​ចង់​ប្រែក្លាយ​ទីតាំង​តំបន់​ក្បាលថ្នល់​នេះ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន និង​កំណើន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​ដែល​វិនិយោគ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ពួក​យើង​បាន​ប្រមូល​ទិញ​ដី​ក្នុង​ទីតាំង​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នេះ​ជា​ច្រើន​ម៉ឺន​ម៉ែត្រការ៉េ​រួចរាល់​ហើយ ដើម្បី​សាងសង់​គម្រោង​ធំ​ៗ​ឲ្យ​លេចធ្លោ និង​ទាក់ទាញ​សម្រាប់​រាជធានី​ភ្នំពេញ ហើយ​យើង​ក៏​បាន​សាងសង់​គម្រោង​ចំនួន​ពីរ​រួច​ដែរ និង​ត្រៀម​អភិវឌ្ឍន៍​គម្រោង​បន្ថែម​ទៀត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ »​។

លោក​បញ្ជាក់​ថា ៖« តាំងពី​យើង​បាន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​បណ្ដាក់​ទុន​សរុប​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ យើង​បាន​ត្រៀម​ទុន​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម ដើម្បី​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រៀម​វិនិយោគ​ក្នុង​តំបន់​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​មាន​សក្ដា​នុ​ល​សម្រាប់​អភិវឌ្ឍន៍ »​។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ប្រទេស​កម្ពុជា ពិតជា​បាន​ចួ​ល​រួម​ចំណែក​លើកកម្ពស់​ការ​ស្នាក់​នៅ​បែប​ទំនើប ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ដែល​កំពុង​មានការ​កើនឡើង​ខ្លាំង​នៅ​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​កន្លង​មក​ថា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​គម្រោង​ចំនួន​១.៩៧៣ ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​២.៩៩៦​លាន​ដុល្លារ ក្នុង​នោះ​មាន​ប្រទេស​១០​ដែល​លេចធ្លោ​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​រយៈពេល ៧​ខែ​ដើមឆ្នាំ​២០១៨ វិនិយោគិន​ចិន ដែល​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ខណៈ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​កន្លង​ទៅ​នេះ ចិន​បាន​បណ្ដាក់ទុន​វិនិយោគ​សរុប​ចំនួន​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ