ការ​អភិវឌ្ឍ​ទីក្រុង​ជា ​Smart City​ ចាំបាច់​ត្រូវ​មាន​ផែនការមេ​ច្បាស់លាស់


រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ទីក្រុង​នា​សតវត្សរ៍​ទី​២១​នេះ​កាន់តែ​មានការ​គិតគូរ​ខ្លាំង​ឡើង​​ពី​និរន្តរភាព​បរិស្ថាន ការ​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ និង​សំឡេង​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​សុខដុម ។

នៅ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​​សិង្ហ​បុរី​កាលពី​ខែមេសា​កន្លង​ទៅ ទីក្រុង​របស់​កម្ពុជា​ចំនួន​៣​រួម​មាន រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​ត្រូវ​បាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​(Smart City) បន្ទាប់​ពី​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ទីក្រុង​ឆ្លាត​វៃ ដែល​ស្នើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong ។

ទោះបីជា​យ៉ាងណា ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ ទៅ​បាន តម្រូវ​ឲ្យ​កម្ពុជា​មាន​ផែនការមេ​ច្បាស់លាស់ និង​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ទៀត ។ អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យ​ករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន លោក​ទួ​ស សា​ភឿន បាន​លើក​ឡើង​ថា ទីក្រុង​ឆ្លាត​វៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល មិនមែន​ត្រឹម​ទីក្រុង​រណប​នោះ​ទេ ។

លោក​មាន​ប្រសាសន៍​ថា ៖« ទីក្រុង​ឆ្លាត​វៃ​អាច​កើតឡើង​បាន លុះត្រាតែ​មាន​មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ (Master Plan)​ដ៏​ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ពោល​គឺ​មាន​ផែនការមេ​តាម​ផ្លូវច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ដី​សំណុំ​បែបបទ ការ​រចនា ឬ​ការ​ប៉ុនប៉ង​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​ទីក្រុង »​។

លោក​បន្ត​ថា ៖« តំបន់​នីមួយ​ៗ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​ជា​តំបន់​លំនៅ​ឋាន ពាណិជ្ជ​កម្ម ឬ​ឧស្សាហកម្ម ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង និង​ដែល​អាច​ជួយ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​ទីក្រុង​កាន់តែ​ប្រសើរ​ឡើង »​។

តាម​ការ​ព្យាករ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ ប្រជាជន​ជិត​៨​លាន​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​រស់នៅ​ក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួក​គេ នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ការ​សាងសង់​អគារ​ធំ​ៗ និង​ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ជា​ការងារ​របស់​យើង​ដែល​ត្រូវ​ផ្តោត​យកចិត្តទុកដាក់​លើ​អ្វី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Smart City ព្រោះ​ទីក្រុង​បែប​ឆ្លាត​វៃ​នេះ ទាមទារ​ការ​គិតគូរ​ច្រើន​ណាស់ ដើម្បី​សម្រេច​បាន​នូវ​ស្តង់ដា​ទី​ក្រុង​មួយ ដែល​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា ៖« ការ​សាងសង់​អគារ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​ទីធ្លា​បៃតង កន្លែង​លេង​កម្សាន្ដ ការ​ទាញ​យក​ពន្លឺព្រះអាទិត្យ​មក​ប្រើ​ជំនួស​ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ការ​ដាំ​ដើមឈើ​ក្នុង​អគារ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ជាដើម ដែល​សុទ្ធតែ​ជា​រឿង​ចាំបាច់ ដើម្បី​ធានា​និ​ន្ត​រ​ភាព​នៃ​ការ​អភិវឌ្ឍ ដោយ​ត្រូវ​គោរព​នូវ​ពាក្យស្លោក ការ​អភិ​វឌ្ឍ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អភិរក្ស »​។

លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា ៖« បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​អភិវឌ្ឍន៍​ទៅ​រក​ទីក្រុង​ឆ្លាត​វៃ​បណ្ដើរ​ៗ​ដោយ​មិនដឹង​ខ្លួន​ហើយ​។ ជាក់ស្ដែង​នៅ​តាម​ភ្លើងស្តុប​នីមួយ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​បំពេញ​កាមេរ៉ា​សុវត្ថិភាព​បណ្ដើរ ហើយ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺជា​ចំណែក​មួយ​នៃ​ទីក្រុង​ឆ្លាត​វៃ ដែល​មាន​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក៏​កំពុង​តែ​ធ្វើ​ផង​ដែរ​។​ម្យ៉ាងទៀត ការ​កសាង​ដែល​ផ្ដោត​លើ​បរិស្ថាន ការ​មិន​បំពុលបរិស្ថាន និង​ស្រូប​យក​នូវ​ធាតុ​ពុល​ក្នុង​បរិស្ថាន​ក៏​គេ​ហៅ​ថា ទីក្រុង​ឆ្លាត​វៃ​ដែរ »​។

លោក​បន្ត​ថា ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ត្រូវ​ពឹង​លើ​កត្តា​បួន​សំខាន់​ៗ​គឺ​ទី​១ បច្ចេកវិទ្យា ទី​២​ធនធានមនុស្ស​ដែល​តម្រូវ​ឲ្យ​មនុស្ស​មានការ​គិតគូរ​ឲ្យ​បាន​ខ្ពស់ និង​ត្រូវ​ដឹង​ពី​ការ​រួម​ចំណែក​ក្នុង​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ។ ទី​៣ តាម​ស្ថាប័ន ដោយ​តម្រូវ​ឲ្យ​ស្ថាប័ន​ដែល​ជា​អ្នក​ប្រើប្រាស់​នូវ​ប្រភព​ថាមពល ត្រូវ​ចេះ​សន្សំ​សំចៃ និង​ទី​៤ ការ​ការពារ​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​រស់នៅ​។ ទាំង​បួន​នេះ បើសិនជា​យើង​អាច​ធ្វើ​បាន គឺជា​ការ​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​បន្ថែម​ថា សម្រាប់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ការ​កសាង​ទី​ក្រុង​ឆ្លាត​វៃ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​មានការ​សហការ និង​ធ្វើការ​ជាមួយ​គ្នា​រវាង​វិស័យ​រដ្ឋ និង​ឯកជន ។ ជាក់ស្ដែង​វិស័យ​ឯកជន​ត្រូវ​រិះរក និង​នាំ​ចូល​នូវ​សម្ភារ​សាង​សង់​បែប​ទំនើប ដើម្បី​បង្ហាញ​ដល់​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​ក្នុង​ប្រទេស​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ជាទី​ក្រុង​ឆ្លាត ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​OCIC ដែល​កំពុង​វិនិយោគ​ទីក្រុង​រណប​ជ្រោយចង្វា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទីក្រុង​នេះ​នឹង​រៀបចំ​ឡើង​តាម​បែប Smart City ដោយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​រៀបចំ​ជា​ពិសេស ដោយ​ខ្សែភ្លើង​នឹង​ត្រូវ​កប់​ក្រោម​ដី​ទាំងអស់ អំ​ពូ​ល​ភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំ​ពូ​ល​LED ដែល​មានការ​បំពាក់​កាមេរ៉ា​និង​ទឹក​កខ្វក់​ទាំងអស់​ចេញពី​ទីក្រុង​នេះ នឹង​ត្រូវ​ឆ្លងកាត់​ការ​ចម្រោះ​ទាំង​អស់​មុន​នឹង​បង្ហូរ​ចេញ ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​ទីក្រុង​បែប​ស្មា​ត​ស៊ី​ធី ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប៉ុន្តែ​ដើម្បី​និរន្តរភាព​បរិស្ថាន និង​ភាព​សុខសាន្ត ក៏​ដូច​ជា​ផាសុកភាព​ដល់​ប្រជាពលរដ្ឋ ពិតជា​អ្វី​ដែល​យើង​ត្រូវ​ផ្តោត »៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ