កម្ពុជានាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិជាង3,8លានតោនក្នុងឆ្នាំ2017
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ឆ្នាំ២០១៧…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ឆ្នាំ២០១៧…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ឆ្នាំ២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហិកតា និងទទួលបានទិន្នផលជាង ១៣,៨លានតោន។
ទោះយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីធ្វើការអភិវឌ្ឍផលិតកម្មនេះ ប្រាកដណាស់ ត្រូវការទាមទារអនុវត្តបច្ចេកទេសដាំដុះ វិទ្យាសាស្ត្រស្រាវជ្រាវ និងផ្សព្វផ្សាយ បង្កើនប្រសិទ្ធភាពស្តង់ដាផលិត ដោយត្រូវអនុវត្តតាមគោលការណ៍ការអនុវត្តផលិតល្អ (Good Manufacturing Practices, GMP) ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ហើយនេះគឺជាគោលនយោបាយថ្នាក់ជាតិដែលកំពុងរៀបចំនឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារសំខាន់នេះ លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គពិធីទាំងមូលរួមគ្នាពិនិត្យ ពិចារណារួចដាក់ចេញផែនការសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផ្នែកសត្វល្អិត និងជំងឺដី និងគុណភាពដី ពូជនិងការបង្កាត់ពូជដែលទាមទារឲ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាគជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់គ្រប់អ្នកពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវយកទៅពិចារណា ដើម្បីស្វែករកគន្លឹះដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ។
គួរបញ្ជាក់ថា ការលេចឡើងនូវជំងឺម៉ូសាអុិកដ៏គ្រោះថ្នាក់លើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌា និងស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាមនិងកម្ពុជាដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឲ្យមានការសិក្សានិងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការរាលឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕
ចែករំលែកព័តមាននេះ