រាជធានីភ្នំពេញ ៖ ក្បាលរថយន្តសម្រាប់សណ្តោងរ៉ឺម៉កដឹកកុងតឺន័រមួយគ្រឿង បើកបរដោយជនស្រវឹងធ្លាក់ភ្នែក បោះពួយក្នុងល្បឿនលឿនកាត់ភូមិប្រជាពលរដ្ឋ ទៅដល់ត្រង់ចំណុចផ្លូវកោងវា៉ក់ជាមួយម៉ូតូ ធ្វើឱ្យអ្នកបើកបរប្រឹងគេច ជ្រុលបុកចូលក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៣ ឧសភា នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តខាងលើមា៉កហ៊ីយា៉ន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4468 បើកបរដោយបុរសម្នាក់ឈ្មោះ ហយ ហេន អាយុជាង៣០ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើស្រវឹងស្រាជោគជាំ ហើយក្រោយពេលកើតហេតុរត់គេចខ្លួន ចំណែកឯនារីរងគ្រោះឈ្មោះ ផុន ស្រីគា អាយុ២២ឆ្នាំ ជាជាងអ៊ុតសក់ មានលំនៅផ្ទះកើតហេតុនោះ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ។ លុះទៅដល់ត្រង់ចំណុចកើតហេតុជាផ្លូវកោងក៏វាក់ជាមួយនឹងម៉ូតូមួយគ្រឿងមកពីមុខ ទើបអ្នកបើកបររថយន្តខំបើកគេច រេចង្កូតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យនារីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ ។ ប៉ូលិសការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ទៅធ្វើការវាស់វែង និងនាំយករថយន្តនោះទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ