ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព និង​និយោជក​មិន​ទាន់​ឯកភាព​គ្នា​លើ​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយោជក និង​សហជីព មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ ប្រឹក្សា​ការងារ​លោក ហេង…

រាជធានី​ភ្នំពេញ ៖ និយោជក និង​សហជីព មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ ប្រឹក្សា​ការងារ​លោក ហេង សួរ បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ចរចា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ម្សិលមិញ​ថា លទ្ធផល​សម្រេច​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ជា​លើក​ទី​៣ ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់​កម្មករនិយោជិត​ឆ្នាំ​២០១៩​ខាង​មុខ​នេះ សម្រាប់​ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ និយោជិត បាន​បន្ថយ​តួលេខ​ពី​១៩២​ដុល្លារ មក​ត្រឹម​១៨៩​ដុល្លារ​។ ចំណែក​ភាគី​និយោជក​បាន​ដំឡើង​ដល់​១៧៦​ដុល្លារ គ្រា​ដែល​តួលេខ​ចាស់់​មាន​ចំនួន​១៧៥​ដុល្លារ​អា​មេ​រិ​ក ។ លោក​បន្ត​ថា តាម​រយៈ​តួលេខ​របស់​ភាគី​សហជីព និង​ភាគី​និយោជក​ឃើញ​ថា កាន់តែ​កៀក​គ្នា​ហើយ បើ​ធៀប​នឹង​ការ​ចរចា​ប្រាក់​ឈ្នួល​លើក​ទី​២ ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ។ លោក​បន្ត​ថា ជា​ការ​រំពឹង​ទុក​សម្រាប់​កិច្ចប្រជុំ​ថ្ងៃ​ខាង​មុខ តួលេខ​នឹង​ខិត​ជិត​គ្នា​បន្ថែម​ទៀត មុន​នឹង​យក​ទៅ​ពិភាក្សា​បន្ត​នៅ​ដើមខែ​តុលា​ខាង​មុខ ហើយនឹង​ឈាន​ទៅ​ដល់​ការ​ប្រជុំ​សម្រេច​របស់​ថ្នាក់លើ​ជា​ចុង​ក្រោយ ។

ទាក់ទង​នឹង​ការ​ដំឡើង​តួលេខ​ប្រាក់​ឈ្នួល​កើន​តែ​១​ដុល្លារ​របស់​ភាគី​និយោជក​នេះ លោក កាំ​ង ម៉ូ​នី​កា ដែល​តំណាង​ឲ្យ​ភាគី​និយោជក​បាន​បញ្ជាក់​ថា ក្នុង​មូលហេតុ​ដែល​ត្រូវ​ប្រៀបធៀប​ការងារ ក៏​ដូច​ជា ផលិតភាព​របស់​កម្មករ និយោជិត​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់​ដូច​ជា​ប្រទេស​វៀតណាម និង​បង់​ក្លា​ដេ​ស​ជាដើម ។ លោក​បន្ត​ថា ៖« ផលិតភាព​ការងារ​នៅ​កម្ពុជា​កើន​ប្រមាណ​២%​ប៉ុណ្ណោះ​សម្រាប់​កម្មករ​ម្នាក់​បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់ ហេតុនេះ​យើង​រំពឹង​ថា​ការ​ចរចា​នឹង​បញ្ចប់​ដោយ​បរិយាកាស​ល្អ​ប្រសើរ »​។
ជាមួយ​គ្នា​នេះ លោក ហ្វា សាលី តំណាង​ឲ្យ​ភាគី​កម្មករ និយោជិត​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ទម្លាក់​តួរ​លេខ​ពី​១៩២​ដុល្លារ​មក​ត្រឹម​១៨៩​ដុល្លារ ដោយសារ​មើលឃើញ​ថា ទោះបីជា​និយោជក​ដំឡើង​ថ្លៃ​តែ​១​ដុល្លារ​មែន ប៉ុន្តែ​បើ​ធៀប​នឹង​ការ​ផ្តល់​ជូន​ដល់​កម្មករ និយោជិត​គឺ​ច្រើន ដែល​មាន​ចំនួន​សរុប​ដល់​ជាង​៧០​ម៉ឺន​នាក់​ឯណោះ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ។

ទោះ​យ៉ាងនេះ​ក្តី លោក​តំណាង​ភាគី​សហជីព​បាន​អះអាង​ថា ចំពោះ​តួរ​លេខ​ចំនួន​១៨៩​ដុល្លារ ក៏​ស្ថិត​ក្នុង​ការ​ចរចា​បន្ត​ទៀត​ផង​ដែរ ប្រសិនបើ​ភាគី​និយោជក​អាច​ដំឡើង​តួលេខ​ខ្ពស់​ជាង​ពេល​នេះ គឺជា​ការ​ប្រសើរ ។
បច្ចុប្បន្ន​នេះ ប្រាក់​ឈ្នួល​អប្បបរមា (​ប្រាក់ខែ​គោល​) របស់​កម្មករនិយោជិត​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​។

កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គួរតែ​មាន​ភាព​សម​ស្រប​មួយ ខណៈ​បច្ចុប្បន្ន​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ខ្ពស់​ជាងគេ​រួច​ទៅ​ហើយ ហេតុនេះ​យើង​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​រហូត​ថៅកែ​រោងចក្រ​បិទទ្វារ ឬ​ចាក​ចេញពី​កម្ពុជា​នោះ​ទេ ។ សម្តេច​ថ្លែង​ថា ៖« យើង​ត្រូវ​ថ្លឹងថ្លែង​ពី​បញ្ហា​នេះ មិនមែន​ចេះ​តែ​ដំឡើង​រហូត​ដល់​និយោជក​មិន​អាច​ទទួលយក​បាន ហើយ​ចាកចេញ​ទៅ​ប្រទេស​ផ្សេង​ៗ​ឡើយ »​។

តាម​គម្រោង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សម្រេច​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល នឹង​បញ្ចប់​មុន​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ