សង្ខារសត្វលោកទាំងអស់ជារបស់មិនទៀង ជារបស់មិនប្រាកដ មានការប្រែប្រួល ផ្លាស់ប្តូរទៅជានិច្ចគ្រប់គ្នា កុំថាឡើយមនុស្សសត្វ ដែលមានការផ្លាស់ប្តូរពីតូចទៅធំ ពីក្មេងទៅចាស់ ពីចាស់ទៅជរា ពីជរាទៅឈឺ ពីឈឺទៅស្លាប់នោះ សូម្បីតែវត្ថុសម្ភារ មានឡានម៉ូតូជាដើម ដែលជារបស់គ្មានវិញ្ញាណ ក៏មានការប្រែប្រួលពីថ្មីទៅចាស់ ពីចាស់ទៅខូចបាក់បែកដែរ ។
ត្រង់នេះយើងត្រូវកត់សម្គាល់ថា របស់ណាដែលមិនទៀងទាត់ របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះគឺមិនមែនជារបស់ខ្លួន ព្រោះអាការទាំងអស់របស់ជីវិត វាសុទ្ធសឹងតែមិននៅក្រោមអំណាចនៃការបង្គាប់បញ្ជារបស់អ្នកណាឡើយ ដូច្នេះហើយទើបអាចនិយាយបានថា វាជារបស់មិនមែនខ្លួន បើសិនជាយើងប្រកាន់រឹងត្អឹងថាជារបស់ខ្លួនយើងនោះ យើងប្រាកដជាមានសេចក្តីទុក្ខកាន់តែខ្លាំងឡើងមិនខាន ។
បើយើងយល់ថា ជីវិតនេះជារបស់មិនទៀង ជាទុក្ខ ជាអនត្តាប្រាកដហើយនោះ តើយើងគួរធ្វើយ៉ាងណា ដើម្បីឲ្យជីវិតរបស់យើងប្រព្រឹត្តទៅប្រកបដោយប្រយោជន៍ មានន័យ មានខ្លឹមសារ គឺត្រូវព្យាយាមប្រឹងប្រែងប្រមូលនូវអំពើល្អទាំងឡាយយកមកទុកក្នុងជីវិតរបស់យើងឲ្យហើយទៅ ព្រោះជីវិតនេះវាមិននៅយឺនយូរប៉ុន្មានទេ បន្តិចទៀតគង់តែនឹងចាស់ គង់តែនឹងឈឺ គង់តែនឹងស្លាប់គ្រប់ៗគ្នា គ្មាននរណាម្នាក់រស់បានរហូតជាដាច់ខាត។
ចែករំលែកព័តមាននេះ