រាជធានីភ្នំពេញ ៖ ខេត្តព្រះសីហនុ កំពុងល្បីល្បាញផ្នែកទីផ្សារអចលទ្រព្យ មិនចាញ់រាជធានីភ្នំពេញឡើយ ខណៈដែលជនជាតិចិនរាប់ម៉ឺននាក់កំពុងរកស៊ី និងវិនិយោគយ៉ាងគំហុកនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ ដែលបានជំរុញឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់ដល់កម្រិត។
![Picture]()
ដោយសារតែបែបនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់វិស័យដីធ្លីនៅខេត្តកំពត ធ្វើឲ្យខេត្តដែលទើបមានសក្តានុពលសេដ្ឋកិច្ចដ៏ក្មេងខ្ចីមួយនេះ ចាប់ផ្ដើមមានសកម្មភាពទិញលក់គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ ចំណែកតម្លៃដីវិញ ក៏កើនឡើងខ្លាំងដែរ ពិសេសដីដែលស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដូចជា គម្រោងសាងសង់មណ្ឌលពាណិជ្ជកម្មអន្តរជាតិ, គម្រោងសាងសង់កំពង់ផែទឹកជ្រៅអន្តរជាតិ, ដីនៅតំបន់ឆ្នេរសមុទ្រ និងតាមមាត់ព្រែក ជាដើម ។
ឈ្មួញរកស៊ីលើវិស័យដីធ្លីម្នាក់បានឲ្យដឹងថា បច្ចុប្បន្នតម្លៃដីនៅខេត្តកំពតកំពុងមានសន្ទុះខ្លាំងមែន ពិសេសដីដែលស្ថិតនៅចំណុចសំខាន់ៗមួយចំនួន ដូចជាដីនៅតំបន់ដងព្រែក នៅជាប់តំបន់ឆ្នេរ និងនៅតំបន់កម្សាន្តមួយចំនួនទៀត ។
លោក គឺ ប្រាសិទ្ធិ ឈ្មួញរកស៊ីរូបនេះ បានបន្ដថា សម្រាប់ដីដែលស្ថិតនៅតំបន់ព្រែកកំពង់បាយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ និងដីនៅតាមសងខាងផ្លូវជាតិ ឆ្លងកាត់ពីខេត្តកំពតមកខេត្តព្រះសីហនុតែម្តង កំពុងតែបន្តឡើងថ្លៃ ដែលកាលពីឆ្នាំមុន មានតម្លៃប្រមាណជា២៥ទៅ៣០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមកទល់បច្ចុប្បន្នដីនៅតំបន់នោះមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងមួយម៉ែត្រការ៉េ តម្លៃដល់ទៅជាង១៣០ទៅ១៥០ដុល្លារឯណោះ ។
អ្វីដែលធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្ពស់ ដោយសារជនបរទេស ចូលមករស់នៅទីនោះកាន់តែច្រើនឡើងៗ មកបើកធ្វើអាជីវកម្មផ្សេងៗ ពិសេសធ្វើជាភោជនីយដ្ឋានលក់ទំនិញម្ហូបអាហារជូនភ្ញៀវទេសចរបរទេសដូចគ្នា ។
មួយវិញទៀត វិនិយោគិនក៏កំពុងឈានជើងទៅទីនោះ ដើម្បីទិញដីទ្រង់ទ្រង់ធំទុកធ្វើវិនិយោគផងដែរ ។ ដោយឡែកដីនៅតាមបណ្តោយផ្លូវជាតិពីទីរួមខេត្តកំពត ឆ្ពោះទៅខេត្តកែបវិញ នៅមានតម្លៃទាបនៅឡើយ ដោយក្នុងមួយម៉ែត្រការ៉េ ត្រឹម១៥០ដុល្លារ ខណៈដែលតម្លៃដីដែលស្ថិតនៅតំបន់កម្សាន្តភ្នំដូង និងតំបន់ក្បែរគម្រោងសាងសង់កំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ ឡើងខ្ពស់រហូតដល់ជាង៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd ក៏បានទទួលស្គាល់ដែរថា តម្លៃដីនៅខេត្តកំពត កំពុងមានសន្ទុះកើនឡើងបណ្តើរៗ ស្របពេលដែលរាជរដ្ឋាភិបាលប្រកាសសាងសង់កំពង់ផែអន្តរជាតិជម្រៅទឹកជ្រៅ និងការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ។
លោកស្រីថា ៖« នៅពេលដែលហេដ្ឋារចនាសម្ព័ន្ឋនេះសាងសង់រួច តម្លៃដីនៅទីនោះនឹងកាន់តែឡើងថ្លៃខ្ពស់ឡើងៗ ដូចទៅនឹងខេត្តព្រះសីហនុដែរ ដោយសារតម្លៃដីនៅខេត្តនោះឡើងថ្លៃខ្ពស់រួចទៅហើយ ដូច្នេះអ្នកវិនិយោគនឹងងាកទៅរកតំបន់ណា ដែលមានទីតាំងភូមិសាស្ត្រប្រហាក់ប្រហែលគ្នា ពិសេសខេត្តកំពត ដែលមានទីតាំងជាប់មាត់សមុទ្រដូចទខេត្តព្រះសីហនុដែរ ។
យ៉ាងណាក៏ដោយលោកស្រីក៏បានព្រមានផងដែរថា ចំពោះវិនិយោគដើម្បីទទួលបានចំណេញ សម្រាប់ឈ្មួញក៏ដូចជាប្រជាពលរដ្ឋ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញដី ដែលគួរមើលទីតាំងភូមិសាស្ត្រ ពិនិត្យមើលឯកសារឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងហានិភ័យកើតឡើងក្រោយពេលទិញរួច ៕
ចែករំលែកព័តមាននេះ