ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចង់​ទិញ​ផ្ទះ​បង់​រំលស់ ត្រូវ​ពិចារណា​ចំណុច​ទាំងនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ ការ​ទិញ​លំនៅ​ឋាន​បង់​រំលស់ ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​​មួយ​សម្រាប់​អ្នកធ្វើការ​ងារ ឬ​រកស៊ី​សម​ល្មម ដែល​មាន​ចំណូល​ថេរ និង​ពុំ​មាន​ប្រាក់​ទាំង​ដុំ​យក​ទៅ​បង់​ផ្ដាច់ ។ ជម្រើស​នេះ​ពិតជា​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងច្រើន…

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ ការ​ទិញ​លំនៅ​ឋាន​បង់​រំលស់ ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​​មួយ​សម្រាប់​អ្នកធ្វើការ​ងារ ឬ​រកស៊ី​សម​ល្មម ដែល​មាន​ចំណូល​ថេរ និង​ពុំ​មាន​ប្រាក់​ទាំង​ដុំ​យក​ទៅ​បង់​ផ្ដាច់ ។ ជម្រើស​នេះ​ពិតជា​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មានផ្ទះ​ជា​កម្មសិទ្ធិ​រស់នៅ​ផ្ទាល់ខ្លួន ។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកទិញ​ក៏​ត្រូវ​ពិចារណា​ផង​ដែរ ពិសេស​គឺ​ចំណូល និង​ចំណាយ​ប្រចាំខែ ព្រោះ​នៅ​ពេល​សម្រេច​ទិញ​លំនៅ​ឋាន​បង់​រំលស់​នោះ ក្រុមហ៊ុន​នឹង​តម្រូវ​ឲ្យ​បង់​ទាំង​ដើម និង​ការ​ប្រាក់​។ ដូច្នេះ ការ​ជ្រើស​យក​សេវាកម្ម​បង់​រំលស់​នេះ ក៏​មាន​បញ្ហា​ផង​ដែរ ប្រសិនជា​មិន​បាន​គិត​ពី​បញ្ហា​ចំពោះ​មុខ​ឲ្យ​បាន​ច្បាស់លាស់ ។

ជា​ទូទៅ អ្នក​ដែល​មាន​បំណង​ចង់​ទិញ​លំនៅ​ឋាន​ដោយ​បង់​រំលស់​នេះ តែងតែ​សួរ​ខ្លួនឯង​ថា​តើ​ជម្រើស​នេះ វា​ល្អ​ប្រសើរ​សម្រាប់​ខ្លួន​ឬ​យ៉ាងណា ?

ច​ម្ង​ល់​មួយ​នេះ​ត្រូវ​បាន​លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ពន្យល់​នា​ពេល​ថ្មី​ៗ​នេះ​ថា ការ​បង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺ​ត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយ​គ្នា​រវាង​ថ្លៃដើម និង​ការ​ប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹង​មើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការ​ប្រាក់​ច្រើន​ក្នុង​១​ខែ​ៗ​។ បើ​យើង​បង់​រំលស់​ក្នុង​រយៈពេល​កាន់តែ​យូរ យើង​បង់ខាត​កាន់តែ​ច្រើន ដូច្នេះ សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅ​លើ​ស្ថានភាព​នៃ​ចំណូល​របស់​ខ្លួន​ជា​មុន​សិន​ថា តើ​ចំណូល​ដែល​បាន​មកនេះ វា​ស័ក្តិសម​នឹង​ការ​បង់​រំលស់​ទិញ​ផ្ទះ​ដែរ​ឬទេ ។

មួយវិញទៀត សម្រាប់​អ្នក​ដែល​មាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការ​ជួល​ផ្ទះ និង​ការ​ទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយ​ណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។ បើ​ពុំនោះ​ទេ នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​កាន់តែ​លំបាក ដោយសារ​តែ​ចំណូល​របស់​យើង​មិន​សមាមាត្រ​នឹង​ការ​ចំណាយ ។

យ៉ាងនេះ​ក្ដី លោក​ឧកញ៉ា​បាន​លើក​ជា​ឧទាហរណ៍​ថា បើសិនជា​យើង​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល ដោយ​ចំណាយ​២០០​ដុល្លារ​ក្នុង​១​ខែ ប៉ុន្តែ​នៅ​ពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការ​បង់​រំលស់​ត្រឹម​២០០​ដុល្លារ​ក្នុង​១​ខែ​ដូច​គ្នា សួរ​ថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួល​បន្ត​ទៀត​ឬ​យ៉ាងណា ?

លោក​ឧកញ៉ា​បន្ដ​ថា ជា​ការ​ពិត បើ​យើង​បូក​សរុប​ចំនួន​ការ​ប្រាក់​ដែល​បង់​លើ​ថ្លៃ​ផ្ទះ​នោះ គឺ​មាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការ​បង់​រំលស់​នេះ គឺ​បាន​ជួយ​ដល់​អ្នកមាន​លទ្ធភាព​មធ្យម និង​ក្រោម​មធ្យម ទទួល​បាន​ផ្ទះ​ស្នាក់​នៅ​ងាយស្រួល ហើយ​ក្នុង​ពេល​កំពុង​បង់​រលស់​នោះ​ទៀត​សោត ប្រសិនបើ​យើង​អាច​យក​ផ្ទះ​នេះ​មក​វិនិយោគ​ផ្សេង​ៗ កាន់តែ​ប្រសើរ​ថែម​ទៀត ។

លោក​ឧកញ៉ា​បញ្ជាក់​ថា និយាយ​រួម ការ​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំលស់​មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន ។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់​នៅ​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិន​ទាន់​មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ។ ចំណែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃ​បង់ការ​ប្រាក់​ប្រចាំខែ​ច្រើន ហើយ​បើ​រយៈពេល​នៃ​ការ​បង់​រំលស់​នោះ​ច្រើន​ឆ្នាំ ការ​ប្រាក់​កាន់តែ​ច្រើន​ថែម​ទៀត ។ ដូច្នេះ កត្តា​សំខាន់​បំផុត យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់ចត់​ពី​ចំណូល និង​ចំណាយ​របស់​យើង​ថា រត់​រួច​ដែរ​ឬទេ ជៀសវាង​មាន​បញ្ហា​កណ្ដាល​ទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ