រាជធានីភ្នំពេញ ៖ បច្ចុប្បន្នអាជីវកម្មពុះដីឡូត៍លក់កំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគគ្រប់កម្រិត គ្រប់ផ្នែកទាំងនៅក្នុងនិងក្រៅវិស័យនេះ ។ ការរីកដុះដាល់នៃអាជីវកម្មនេះដោយសារតែអ្នកវិនិយោគមានឱកាសទទួលបានប្រាក់ចំណេញគួរសម ធៀបនឹងអាជីវកម្មផ្សេងៗ ។
អ្នកជំនាញអចលនទ្រព្យ និងជានាយក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ មានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ អាជីវកម្មពុះដីឡូត៍លក់មានការរីកចម្រើនខ្លាំង មិនថាតែអ្នកជំនាញនៅក្នុងវិស័យនេះទេ សូម្បីតែអ្នកនៅក្រៅវិស័យដូចជា តារាចម្រៀង តារាសម្ដែងមួយចំនួនក៏ងាកមករកស៊ីវិស័យនេះដែរ ។ មូលហេតុដោយសារគាត់ទទួលបានផលចំណេញសមរម្យ បើធៀបនឹងអាជីវកម្មផ្សេងទៀត ។
លោក វ៉ា វីរៈ បន្ដថា ៖« កន្លងទៅ តំបន់ដែលមានការពុះដីឡូត៍លក់មានភាពពុះកញ្ជ្រោលខ្លាំងដូចជានៅប៉ែកខាងលិច, ខាងជើង និងខាងត្បូង ហើយសកម្មទាំងនេះអាចកើតឡើងតាមគ្នីគ្នា មានន័យថាឃើញគេរកស៊ីបាន ក៏ចាប់ផ្ដើមរកស៊ីនឹងគេ ហើយកត្តាដែលជំរុញឲ្យមានការវិនិយោគលើវិស័យនេះកាន់តែខ្លាំងនោះ ដោយសារមានគម្រោងវិនិយោគធំៗនៅតំបន់នោះ គួបផ្សំនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែប្រសើរឡើង »។
លោកបន្ថែមថា ការពុះដីឡូត៍នេះមានតម្លៃសមរម្យ ជាហេតុធ្វើឱ្យប្រជាជនមានលទ្ធភាពទិញយកធ្វើអ្វីមួយបាន តាមរយៈអនុញ្ញាតឱ្យមានការបង់រំលស់ក្នុងរយៈពេលណាមួយបាន ។
លោក សន សៀប នាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ការពុះដីឡូត៍លក់ឬអាជីវកម្មដីឡូត៍វាកាន់តែរីកច្រើនទៅៗ ជាពិសេសនៅតំបន់ជាយក្រុង តំបន់ព្រែកព្នៅ, ដង្កោ និងខេត្តជាប់រាជធានី ។ ក្រៅពីនេះ នៅខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ច ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម ។
លោកបន្ដថា អាជីវកម្មពុះដីឡូត៍លក់នេះគឺមានសកម្មភាពទិញលក់ច្រើន ហើយអ្នកដែលទិញភាគច្រើនគឺទិញទុកចំណេញលក់ពេលក្រោយ ។ លោកថា ៖« បច្ចុប្បន្ននេះ យើងឃើញដីឡូត៍ បានក្លាយជាប្រភេទផលិតផលមួយទៅហើយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលកំពុងមានប្រជាប្រិយភាព ដោយសារតែដីឡូត៍ហ្នឹងមានតម្លៃធូរថ្លៃ ហើយមានភាពងាយស្រួលក្នុងការលក់បន្ត ។ តំបន់ណាដែលមានការអភិវឌ្ឍគឺការលក់ដីឡូត៍បានចំណេញច្រើន ជាក់ស្តែងដូចនៅជាយក្រុងភ្នំពេញ និងនៅខណ្ឌព្រែកព្នៅ និងនៅក្រុងព្រះសីហនុជាដើម »។
លោក សុខ ប៊ុនធឿន ប្រធានផែ្នកលក់នៃគម្រោងអចលនទ្រព្យ និងដីពុះឡូត៍នៅផ្សារអង្គស្នួល បានឱ្យដឹងថា អង្គស្នួលជាទីប្រជុំជនធំមួយនៅជាប់ផ្លូវជាតិលេខ៤ និងជាប់រាជធានីភ្នំពេញ ដែលជាតំបន់សក្ដានុពលសេដ្ឋកិច្ចខ្ពស់ធ្វើឲ្យវិនិយោគិនចូលទៅបណ្តាក់ទុនរកស៊ីកាន់តែច្រើនឡើងៗ ហើយរោងចក្រវាយណភ័ណ្ឌ ក៏បានពង្រាយខ្លួននៅទីនោះច្រើនដែរ ដែលធ្វើឱ្យតម្លៃដីនៅទីនោះហក់ឡើងខ្ពស់ និងមានសកម្មភាពទិញលក់យ៉ាងផុលផុសនៅរយៈពេលចុងក្រោយនេះ ។
លោកបន្ដថា ៖« តម្លៃដីក្នុង១ឡូត៍ ទំហំ៥ម៉ែត្រគុណនឹង២០ម៉ែត្រកាលពីឆ្នាំមុន មានតម្លៃចន្លោះពី២.០០០ទៅ៣.០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែស្របពេលដែលរោងចក្រពង្រីកខ្លួនកាន់តែច្រើនទីនោះបានធ្វើឲ្យតម្លៃដីកើនឡើងទ្វេដង ដោយក្នុងមួយឡូត៍តម្លៃដល់ទៅជាង៦.០០០ដុល្លារ ហើយគម្រោងពុះដីឡូត៍ត្រឹមទំហំ២ទៅ៣ហិកតា គេពុះលក់តែជាង១ខែទៅ២ខែប៉ុណ្ណោះ នឹងលក់អស់មិនខាន »។
ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្តាល បានទទួលស្គាល់ថាសកម្មភាពពុះដីឡូតិ៍លក់តំបន់នោះ ពិតជាមានការកើនឡើងមែន ដោយមន្ទីរទទួលបានសំណើពុះដីឡូត៍លក់ កើនឡើងគួរឱ្យកត់សម្គាល់ ។
លោក លឹម ចាន់សុភី ប្រធានមន្ទីររូបនេះបានអះអាងថា ៖« ធម្មតា ទីប្រជុំជននៅពេលមានមនុស្សរស់នៅកាន់តែច្រើនឡើងៗ និងមានការអភិវឌ្ឍវិស័យផ្សេងៗ ដូចជាសំណង់ និងវិស័យវាយនភ័ណ្ឌកើនឡើង ប្រាកដជាធ្វើឱ្យមានសកម្មភាពទិញលក់ដីធ្លី និងតម្លៃកើនឡើងមិនខាន ។ លោកថា ៖« នេះក៏ដោយសារប្រទេសជាតិមានសុខសន្ដិភាពពេញលញ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាតិបន្ដមានកំណើនរឹងមាំដែលផ្ដល់ឱកាសដល់អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋក្នុងការរកស៊ីទទួលទាន »៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ