ខេត្តកណ្ដាល ៖ នគរបាលស្រុកពញាឮបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាប៉េអឹមមានកាំភ្លើងខ្លី និងខ្នោះដៃ ហើយបានជំរិតទាប្រាក់១៥០០ដុល្លារពីអ្នកប្រើប្រាស់គ្រឿងញៀនពីរនាក់ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា នៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ រស់ ចាន់រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ជននេះមិនមានក្របខណ្ឌជាប៉េអឹមទេ តែក្លែងជាប៉េអឹម ។
វត្ថុតាងចាប់យកម៉ូតូ១គ្រឿង C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GR-1798, អាវុធខ្លីម៉ាក K54 ចំនួន១ដើម, បង់១ គ្រាប់៧គ្រាប់, វិទ្យុទាក់ទងចំនួន១គ្រឿង, ខ្នោះដៃចំនួន១, ទូរស័ព្ទដៃ៣គ្រឿងម៉ាកអុិនចុចពិល១គ្រឿង ម៉ាក iPhone ១ គ្រឿង និង Samsung ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, ប្រាក់ដុល្លារ១០ដុល្លារ, ប្រាក់រៀល១៥០០០៛ និងឯកសារផ្សេងៗមួយចំនួន ។
ចំណែកដើមបណ្ដឹង២នាក់មានទី១-ឈ្មោះ ផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល និងទី២-ឈ្មោះ ហុិន យន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងអណ្ដូង ឃុំទំនប់ ស្រុកពញាឮ ខេត្តកណ្តាល ។ ដោយឡែកជនរងគ្រោះ២នាក់ទី១-ឈ្មោះមុំ ល័ក្ខ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករដឹកអង្កាម ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទី២-ឈ្មោះ សាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅ ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
លោកអធិការបានឱ្យដឹងបន្ថែមថា វេលាម៉ោងកើតហេតុខាងលើដើមបណ្ដឹងទាំង២នាក់ខាងលើ កំពុងនៅផ្ទះរៀងខ្លួនពេលនោះមានជនសង្ស័យឈ្មោះ រស់ ចាន់រ៉ន បានជិះម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ជិះពីក្រោយម៉ូតូជនរងគ្រោះឈ្មោះ មុំ លក្ខ័ ភេទប្រុស និងឈ្មោះ សាន់ ដារ៉ា ភេទប្រុស ជាកូនប្រុសរបស់ដើមបណ្ដឹងឈ្មោះ ផាត់ សាម៉ុន ហើយមានដៃជាប់ខ្នោះទាំង២នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះភ្លាមជនសង្ស័យឈ្មោះ រស់ ចាន់រ៉ន បាននិយាយទៅកាន់ដើម បណ្ដឹងថា កូនរបស់មីងមានថ្នាំញៀនជាប់នឹងខ្លួនឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទី នេះ ឬក៏ចង់បញ្ជូនឡើងទៅលើ ។
បន្ទាប់មកដើមបណ្ដឹងបាននិយាយថា មិនបាច់បញ្ជូនឡើងលើទេសម្រួលនៅទីនេះហើយ ពេលនោះជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងម្នាក់៥០០ដុល្លារ និងម៉ូតូ១គ្រឿងចំនួន៥០០ដុល្លារដែរ សរុបទាំងមនុស្ស២នាក់ និងម៉ូតូ១គ្រឿងចំនួន១៥០០ដុល្លារ ។
ពេលនោះជនរងគ្រោះក៏និយាយសុំសម្រួលជនសង្ស័យត្រឹមចំនួន១២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មកជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេដើម្បីយកលុយតែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹងទៅកាន់សមត្ថកិច្ចពីរឿងហេតុខាងលើបន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃលាស់ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ។
តាមការចម្លើយជនសង្ស័យបានសារភាពថា នៅពេលកើតហេតុខាងលើខ្លួនបានទទួលព័ត៌មានបានប្រាប់ថា មានក្មេង២នាក់ជិះម៉ូតូមកយកថ្នាំញៀននៅប្រឡាយ ហើយឥឡូវពួកវាជិះចេញទៅវិញហើយបន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើក្មេងប្រុសទាំង២នាក់នោះក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះឃើញមានថ្នាំញៀន១កញ្ចប់តូច ។
ក្រោយមកខ្លួនក៏ចាប់ដាក់ខ្នោះក្មេងនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេងនោះជិះម៉ូតូឌុបគ្នាមកផ្ទះម្តាយ ឯខ្លួនជិះម៉ូតូពីក្រោយ ។ ពេលមកដល់ផ្ទះក្មេងនោះខ្លួនក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹងដូចបានរៀបរាប់ខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ