ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​7,2%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ រួម​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ធ្វើការ​ព្យាករ​ដូច​គ្នា​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​អត្រា​៧,២% ហើយ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ក្នុង​ម្នាក់​ៗ នឹង​កើនឡើង​ប្រហាក់ប្រហែល​១.៥០០​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ រួម​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ធ្វើការ​ព្យាករ​ដូច​គ្នា​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​អត្រា​៧,២% ហើយ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ក្នុង​ម្នាក់​ៗ នឹង​កើនឡើង​ប្រហាក់ប្រហែល​១.៥០០​ដុល្លារ​អា​មេ​រិ​ក ។

លោកស្រី​បណ្ឌិត Junhong Chang ប្រធាន​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ (ARMO) បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​លើក​នេះ​គឺ​ជួប​ពិភាក្សា​ជាមួយ​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ សំដៅ​ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​បន្ថែម ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការ​វាយតម្លៃ​ពី​និន្នាការ និង​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ការងារ​របស់​AMRO ក្នុង​ការ​អង្កេត​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អាស៊ាន​បូក​៣ ។

ចំពោះ​ការ​វាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា ភាគី​ទាំង​ពីរ​មានការ​យល់​ឃើញ​ដូច​គ្នា​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើស​ការ​គ្រោងទុក គឺ​ក្នុង​រង្វង់​អត្រា​៧,២% ក្នុង​នោះ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់​ៗ នឹង​កើនឡើង​ស្ទើរតែ​ស្មើ​ដល់​១.៥០០​ដុល្លារ​អា​មេ​រិ​ក ជាមួយ​អត្រា​អតិផរណា​ទាប​ប្រមាណ​៣%​ក្នុង​មួយ​ឆ្នាំ គឺ​ស្រប​ពេល​ដែល​សមតុល្យ​ពាណិជ្ជកម្ម​មាន​ភាពរឹងមាំ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ​។ ចំណែក​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​សង្កេត​ឃើញ​បន្ត​កើនឡើង ស្រប​ពេល​ដែល​កម្ពុជា​រក្សា​បាន​នូវ​ស្ថានភាព​បំណុល​ល្អ​ប្រសើរ និង​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​រឹង​មាំ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​បង្កើន​ចំណាយ​លើ​សេវា​សង្គម​សំខាន់​ៗ​ដូច​ជា សុខាភិបាល និង​អប់រំ​ជាដើម ។

ទោះជា​យ៉ាងនេះ​ក្ដី សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ប្រឈម​ផង​ដែរ​ទៅ​នឹង​ហានិភ័យ​នៃ​កត្តា​ខាងក្រៅ​មួយ​ចំនួន ខណៈ​ដែល​បញ្ហា​ប្រឈម​ក្នុងស្រុក​កំពុង​បន្ត​ដោះស្រាយ ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ឆាប់រហ័ស ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​លើក​ឡើង​អំពី​រការ​បន្ត​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព សំដៅ សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។ ក្នុង​នោះ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា បាន​រៀបចំ​និង​ដាក់​ចេញ​នូវ​ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​មិន​ត្រឹមតែ​សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ខាងលើ​នោះ​ទេ គឺ​ថែម​ទាំង​ត្រៀមខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ជា​និន្នាការ​ថ្មី​នៃ​សេដ្ឋកិច្ច​សកលលោក​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើ​សុំ​AMRO បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា តាម​រយៈ​ការ​ជួយ​បណ្តុះបណ្តាល​សេដ្ឋវិទូ​កម្ពុជា នៅ AMRO និង​សុំ​AMRO​ពិនិត្យ​លទ្ធភាព​បន្ត​ជ្រើសរើស​សេដ្ឋវិទូ​កម្ពុជា ទៅ​ហ្វឹកហាត់​ការងារ​នៅ​ក្នុង​AMRO​បន្ថែម​ទៀត ។ ជា​ការ​ឆ្លើយ​តប លោកស្រី Junhong Chang ក៏​បាន​សំដែង​នូវ​ការ​គាំទ្រ​ខ្ពស់​ចំពោះ​ការ​ស្នើ​សុំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព និង​ធនធានមនុស្ស​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ