ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លទ្ធផល​បាក់​ឌុ​ប​ធ្វើ​ឲ្យ​ក្រសួង​អប់រំ​ទទួល​បាន​ប្រមាណ​៥០០​បណ្តឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឌី​ខាំ បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​(​តេ​ឡេ​ក្រាម​)​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ថា «​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​នេះ​មាន​សមាសភាព…

រាជធានី​ភ្នំពេញ ៖ លោក​ឌី​ខាំ បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​(​តេ​ឡេ​ក្រាម​)​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ថា «​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​នេះ​មាន​សមាសភាព លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ធ្វើ​ជា​ប្រធាន និង​មាន​តួនាទី​ទទួល និង​ដោះស្រាយ​រាល់​ពាក្យបណ្តឹង​របស់​សិស្ស​ដែល​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​ឆ្នាំ​២០១៨​នេះ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​តម្លាភាព និង​អាច​ទទួលយក​បាន​» ។

ជា​គោលការណ៍​បេក្ខជន​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​មក​ក្រសួង​អប់រំ ហើយ​ចំនួន​តួលេខ​បេក្ខជន​ដាក់​ពាក្យ​ត្រឹម​ថ្ងៃ​ទី​១២ ខែកញ្ញា ២០១៨ ចំនួន​ប្រមាណ​៥០០​បណ្តឹង នៅ​ទូ​ទាំង​ប្រទេស ។ លោក​បាន​អះអាង​ថា ការ​បង្កើត​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​តវ៉ា​ពី​សំណាក់​សិស្ស​ប្រឡង​បាក់​ឌុ​ប​មួយ​ចំនួន​ទៅ​លើ​លទ្ធផល​ប្រឡង​ពិសេស​ទាក់ទង​ទៅ​នឹង​មុខ​វិជ្ជា​មួយ​ចំនួន​ដូច​ជា គណិត​វិទ្យា ឬ​គីមីវិទ្យា​ជាដើម ។ លោក​ថា​«​រហូត​មក​ដល់​ពេល​នេះ​គណៈកម្មការ​កំពុង​ពិនិត្យ​មើល​លើ​ពាក្យបណ្តឹង​របស់​បេក្ខជន​» ។ នៅ​ពេល​សួរ​ថា មានមុខ​វិជ្ជា​អ្វីខ្លះ​ដែល​នឹង​ត្រូវ​សើរើ​ឡើង​វិញ លោក​ថា មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​គណៈកម្មការ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា លោក ឌី​ខាំ បូ​លី បាន​ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា ចាប់តាំងពី​ថ្ងៃ​ទី​១០​រហូត​មក​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ទទួល​ពាក្យបណ្តឹង​ពី​សិស្ស​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៥០០​បណ្តឹង ក្នុង​នោះ​បណ្តឹង​ទាក់ទង​នឹង​មុខ​វិជ្ជា​គណិត​វិទ្យា​មាន​ច្រើន​ជាងគេ បន្ទាប់​មក​មាន​បណ្តឹង​មុខ​វិជ្ជា​គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​មុខ​វិជ្ជា​ជីវវិទ្យា ។ លោក ឌី​ខាំ​បូ​លី ថា សិស្ស​ដែល​មិន​សុខចិត្ត​នឹង​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​មាន​សិទ្ធិ​តាម​ច្បាប់​ត្រូវ​រៀបចំ​ពាក្យបណ្តឹង​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ជា បញ្ជាក់​អត្ថ​សញ្ញាណ​ឈ្មោះ​មណ្ឌល​ប្រឡង និង​ភា្ជ​ប់​ជាមួយ​កម្មវត្ថុ​នៃ​ការ​ប្តឹង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ឲ្យ​គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​ដោះស្រាយ​បាន​លឿន​ព្រោះថា តាម​ច្បាប់​ក្រសួង​ទុក​ពេល​ឲ្យ​សិស្ស​ប្តឹង​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​រយៈពេល​១​ខែ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ប្រឡង​ជា​ផ្លូវការ ។

មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​ថា ការ​ប្តឹង​តវ៉ា​របស់​សិស្ស​ចំពោះ​លទ្ធផល​ប្រឡង​នេះ​មិនមែន​ជា​លើ ក​ទី​១​នោះ​ទេ គឺ​មាន​យូរហើយ គ្រាន់តែ​នៅ​ឆ្នាំ​នេះ​មានកា​បណ្តឹងតវ៉ា​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ប៉ុណ្ណោះ ។ គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ​នឹង​ខិតខំ​ដោះស្រាយ​បណ្តឹង​របស់​សិស្ស​ជា​បណ្តើរ​ៗ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​ដោះស្រាយ​ចប់ ។ តែ​លោក​ឌី​ខាំ បូ​លី បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា​« ជា​គោលការណ៍​បេក្ខជន​មាន​សិទ្ធិ​តវ៉ា ក្រសួង​មិន​បាន​ប្រាប់​បេក្ខជន​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទេ ។ ពេល​នេះ​មិន​មាន​តួលេខ​នៃ​ពាក្យបណ្តឹង​បាន​ដាក់​មក​ក្រសួង​បន្ថែម​នៅឡើយ​ទេ » ។ ពេល​សួរ​ថា ពេល​ណា​បាន​គណៈកម្មការ​នេះ​នឹង​បញ្ចប់​ការ សើរើ​សន្លឹក​កិច្ចការ​សិស្ស​នៅ​ពេល​ណា ? លោក​ថា​«​ជា​ការងារ​របស់​គណៈកម្មការ ។ ខ្ញុំ​មិន​មានបាន​ទទួល​ព័ត៌មាន​ពី​គណៈកម្មការ​នៅឡើយ​ទេ​» ។

កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា យុវ​សិស្ស​ម្នាក់​ឈ្មោះ ឆាយ លី​អាន បេក្ខជន​មក​ពី​ខេត្តកំពត​ធ្លាប់​ទទួល​បាន​មេដាយមាស ទូ​ទាំង​ប្រទេស​ឆ្នាំ​២០១៨ និង​ទទួល​បាន​និទ្ទេស D លើ​ពិន្ទុ​រួម និទ្ទេស A បី​មុខ​វិជ្ជា​និង B បី​មុខ​វិជ្ជា បាន​អះអាង​ថា ខ្លួន​ជា​សិស្ស​ពូកែ​ធ្លាប់​ជាប់​ជ័យ​លា​ភី​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធិ​លើ​វិញ្ញាសារ​គណិត​វិទ្យា​ទាំង​ក្នុង និង​ក្រៅប្រទេស ប៉ុន្តែ​បែរជា​ធ្លាក់​គណិត​វិទ្យា​ទៅ​វិញ ។

ក្នុង​ចំណោម​សិស្ស​បេក្ខជន​ច្រើន​នាក់​មក​ដល់​ក្រសួង​អប់រំ​យុវ​សិស្ស ឆាយ លី​អាន បាន​សំណូមពរ​ឲ្យ​ក្រសួង​អប់រំ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​បាន​ដាក់​ពាក្យ​សិក្សា​បន្ត​នៅ​តាម​មហាវិទ្យាល័យ​នានា ។
គួរ​បញ្ជាក់​ថា តាម​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ប្រឡង​ជាប់ សរុប​ចំនួន​៧៥ ០៥៩​នាក់ ស្មើនឹង​៦៦. ២១% ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង​១១​ម៉ឺន​ក្នុង​នោះ​មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២៩០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ