ឈុតក្រណាត់សូត្រខ្មែរ ១០ ម៉ូត បានបង្អួតរាងលើឆាកអន្តរជាតិ
- ភ្នំពេញ
ក្រណាត់សូត្រខ្មែរ បានដើរតួយ៉ាងសំខាន់នៅក្នុងវប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ កាលពីសម័យដើម ក្រណាត់សូត្រនេះត្រូវបានប្រើប្រាស់សម្រាប់តែខ្សែរាជវង្ស និងអ្នកមានបណ្តាសក្ដិធំៗតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្រណាត់សូត្រត្រូវបានប្រជាជនទូទៅគ្រប់ជាន់ថ្នាក់យកមកកាត់ជាសម្លៀកបំពាក់ប្រើប្រាស់ទៅតាមកម្មពិធីផ្សេងៗ ដូចជាពិធីមង្គលការ ឡើងគេហដ្ឋាន…
យ៉ាងណាមិញក្រៅពីភាពពេញនិយមនៅក្នុងស្រុកហើយ អ្នកនាង វ៉ាន់ ណាតាសា ដែលជាអ្នកកែច្នៃសម្លៀកបំពាក់ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា មានមហិច្ចតាផ្សព្វផ្សាយក្រណាត់សូត្រខ្មែរទៅលើឆាកអន្តរជាតិតាមរយៈការប្រើប្រាស់ក្រណាត់សូត្រខ្មែរ ច្នៃប្រឌិតជាម៉ូតសម្លៀកបំពាក់ទាន់សម័យចំនួន ១០ឈុត និងបានពាំនាំទៅបង្អួតលើព្រឹត្តិការណ៍ Borneo Fashion Week 2018 នៅលើទឹកដីទីក្រុងកូចជីង នៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងអ្នកច្នៃម៉ូតជាង ៣០នាក់ផ្សេងទៀតមកពី ថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
អ្នកនាង វ៉ាន់ ណាតាសា បានឲ្យដឹងថា អ្នកសង្ឃឹមថានឹងមានការពេញចិត្តច្រើនសម្រាប់ការច្នៃប្រឌិតថ្មីមួយនេះ មិនថានៅលើឆាកអន្តរជាតិ ឬសម្រាប់ប្រជាជនកម្ពុជាផ្ទាល់។
ក្នុងនោះ អ្នកនាង វ៉ាន់ ណាតាសា បានបន្តថា «ការច្នៃប្រឌិតរបស់ខ្ញុំ ភាគច្រើនគឺមានមនោភាពបែប Fairytale ព្រោះការច្នៃម៉ូតនីមួយៗសំខាន់ណាស់ត្រូវតែផ្សាភ្ជាប់ទៅនឹងតថភាពសង្គម»។ អ្នកនាងបន្តទៀតថា ម៉ូតសម្លៀកបំពាក់នីមួយៗរបស់អ្នកនាង ត្រូវតែរំលេចពីទិដ្ឋភាព និងបែបផែននៃការរស់នៅរបស់ប្រជាជន ទើបអ្នកជំនាន់ក្រោយអាចចងចាំនូវការវិវត្តន៍ពីមួយសម័យកាលទៅមួយសម័យកាល តាមរយៈសម្លៀកបំពាក់ដែលអ្នកនាងបានច្នៃចេញនីមួយ។ និយាយឲ្យខ្លីទៅ វាដូចជាការស្រមើស្រម៉ៃដែលបង្កប់នូវប្រវត្តិសាស្ត្រ ក្នុងវិស័យសម្លៀកបំពាក់។
គួរបញ្ជាក់ផងដែរថា អ្នកនាង វ៉ាន់ ណាតាសា គឺជាកូនខ្មែរកាត់ហុងកុងមួយរូប ដែលបានបញ្ចប់ការសិក្សាផ្នែកថតរូប និងសម្លៀកបំពាក់ពីទីក្រុងឡុនដុន ប្រទេសអង់គ្លេង។ មកដល់ពេលនេះ អ្នកនាងបានវិលត្រលប់មកកាន់ប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ និងមានហាងច្នៃម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះថា Natacha Van Collection នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។
កន្លងមកកូនខ្មែរកាត់ហុងកុងរូបនេះ តែងនាំយកការច្នៃប្រឌិតរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិញឹកញាប់ ហើយអ្នកនាងក៏សង្ឈឹមថា នាពេលខាងមុខនឹងមានកូនខ្មែរជាច្រើនផ្សេងទៀត មានភាពក្លាហាននាំយកទីផ្សាររបស់ខ្លួនទៅលើឆាកអន្តរជាតិផងដែរ៕ ដោយសហការ

ចែករំលែកព័តមាននេះ