ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មក​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​2​ខ្សែ​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន​បង្ហាញ​ពី​គម្រោង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​២​ខ្សែ​ទៀត​នៅ​កម្ពុជា ដោយ​មួយ​ខ្សែ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បា​វិត និង​មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ចំនួន​៣ គឺ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន​បង្ហាញ​ពី​គម្រោង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​២​ខ្សែ​ទៀត​នៅ​កម្ពុជា ដោយ​មួយ​ខ្សែ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បា​វិត និង​មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ចំនួន​៣ គឺ​ក្រុមហ៊ុន China One Belt and One Road International Barter Operation Co., Limited របស់​ចិន និង​ក្រុមហ៊ុន​ចំនួន​២​របស់​កម្ពុជា គឺ​ក្រុមហ៊ុន Smile Sheen International Co.,Ltd និង​ក្រុមហ៊ុន Green Cambodia Property Investment Co., Ltd កាលពី​ថ្ងៃ​ទី​៧ កញ្ញា កន្លង​មក តំណាង​ក្រុមហ៊ុន China One Belt and One Road International Barter Operation Co., Limited លោក ហ្វូ ឆាង​ឈឹង បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​បាន​សិក្សា​ស្រាវជ្រាវ​ពី​ការ​បង្កើត​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា ដោយ​ខ្សែ​ទី​១​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បា​វិត​ដែល​តាម​ការ​ប៉ាន់ស្មាន អាច​ចំណាយ​អស់​ប្រមាណ​៣.៥០០​លាន​ដុល្លារ​ទៅ​៤.៥០០​លាន​ដុល្លារ និង​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ កាន់​ក្រុងព្រះសីហនុ​អាច​ចំណាយ​អស់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ។

តាម​រយៈ​ឯកសារ​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ខាង​លើ​​នេះ ក្រុមហ៊ុន​ទាំង​៣ បាន​សម្រេច​កិច្ចព្រមព្រៀង​លើ​គម្រោង​វិនិយោគ​សំខាន់​ៗ​ជា​ច្រើន ដូច​ជា តំបន់​ពាណិជ្ជកម្ម​សេរី ខ្សែក្រវាត់​មួយ ផ្លូវ​មួយ , គម្រោង​ឧទ្យាន​ជីវៈចំរុះ​, គម្រោង​អភិវឌ្ឍន៍​ទូលំទូលាយ​នៃ​ឧទ្យាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ចិន កម្ពុជា ជាដើម ។
ដោយឡែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន ផ្លូវ​ល្បឿន​លឿន​, ផ្លូវ​រូង​ក្រោម​ដី​, ស្ពាន​ទូរគមនាគមន៍​, ការ​ជីក​យក​រ៉ែ​មាស និង​ទង់ដែង ។

ចំណែក​គម្រោង​ថាមពល មាន​ដូច​ជា ការ​កែ​ច្នៃ​ប្រេងកាត​, ឧស្ម័ន​ធម្មជាតិ​, រោងចក្រ​កែ​ច្នៃ​កាក​សំណល់់​ទៅ​ជា​ថាមពល​, រោងចក្រ​ថាមពល​វា​រី​អគ្គិសនី​, រោងចក្រ​ថាមពល​នុយ​ក្លេអ៊ែរ​, ការ​ដាក់​ពាក្យ​ស្នើ​សុំ​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ស៊ា​មេន​, រៀប​ចំការ​បង្កើត​ក្រុម​សាជីវកម្ម​វិនិយោគ​ចិន​-​កម្ពុជា​នៅ​កម្ពុជា​, ការ​លើកកម្ពស់​និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​, គម្រោង​សហប្រតិបត្តិការ​កីឡា​អន្តរជាតិ​, ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ចិន​, និង​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដោត​លើ​ព័ត៌មាន​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ។

លោក ហ្វូ ឆាង​ឈឹង បាន​បន្ត​ថា ការ​មក​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​ដោយ​មើល​ឃើញ​ច្បាស់​ពី​ស្ថិរភាព​នយោបាយ​ពេញលេញ ពុំ​មានការ​ផ្ទុះអាវុធ​តាម​ដងផ្លូវ​នានា ក៏​ដូច​ជា មាន​បំណង​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន និង​ទទួល​បានការ​គាំទ្រ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ។

គួរ​រំឭក​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​១​ខ្សែ​រួច​ហើយពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា​ខាង​មុខ​។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ចាប់ផ្ដើម​ចេញពី​តំបន់​អូរ​ដឹ​ម​នៃ​ចំណុចប្រសព្វ​រវាងផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ និង​អូស​កាត់​ផ្នែក​​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ​៤ ប្រមាណ​៣០​គីឡូម៉ែត្រ ទើប​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ងាក​មក​ខាងស្តាំ​ដៃ​រហូត​ដល់​ក្រុងព្រះសីហនុ​តែ​ម្ដង ។
ការ​​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​កើនឡើង​ថែម​មួយ​កម្រិត​ទៀត​។

លោក​បណ្ឌិត​ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ