ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេច​ប្រាក់​ឈ្នួល… ប្រហែលជា​តានតឹង​បន្ដិច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​អំពី​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩ ទំនងជា​តានតឹង​ជាង​មុន ខណៈ​កម្ពុជា​កំពុង​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដោយសារ​ប្រាក់​ឈ្នួល​របស់​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ឡាវ វៀតណាម និង​មី​យ៉ា​ន់​ម៉ា ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​អំពី​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩ ទំនងជា​តានតឹង​ជាង​មុន ខណៈ​កម្ពុជា​កំពុង​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដោយសារ​ប្រាក់​ឈ្នួល​របស់​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ឡាវ វៀតណាម និង​មី​យ៉ា​ន់​ម៉ា ទៅ​ហើយ ។

នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​ជា​លើក​ទី​២ ដើម្បី​ពិភាក្សា​ឲ្យ​បាន​សម​ស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែល​អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ​ក្នុង​ការ​ប្រជុំ​សម្រេច។

លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​បន្ត​ផ្តោត​សំខាន់​លើ​ការ​វិនិច្ឆ័យ​ទាំង​៧​ចំណុច​ដដែល គឺ​បែប​លក្ខណៈ​សង្គម​និង​សេដ្ឋកិច្ច ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​​ក្នុង​ការ​ពិភាក្សា ព្រមទាំង​លើក​ជា​អនុសាសន៍​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​​ពិនិត្យ​សម្រេច ។ លោក​បន្ត​ថា សម្រាប់​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​នេះ គ្រោង​បញ្ចប់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៥ ខែតុលា​ខាង​មុខ (​មុន​បុណ្យ​ភ្ជុំបិណ្ឌ​) ។

គិត​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ប្រាក់​ឈ្នួល​អប្បបរមា (​ប្រាក់ខែ​គោល​) របស់​កម្មករ​និយោ​ជិត​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។  ជាមួយនឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ផលិតភាព​ក្នុង​វិស័យ​នេះ​មិន​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ដែល​ជា​ក្ដី​កង្វល់​មួយ​របស់​ម្ចាស់​​រោងចក្រ ។

អគ្គលេខាធិការ​ង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែង​ថា ទោះជា​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ផលិតភាព​ការងារ​របស់​កម្ម​ករនិយោជិត មិន​បាន​ប្រសើរ ឬ​កើនឡើង​ដូច​អ្វី​ដែល​ប្រាក់ខែ​ពួក​គេ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​នោះ​ទេ ។

លោក​បន្ត​ថា ៖« កម្ពុជា​កំពុង​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ។ កំណើន​ប្រាក់​ឈ្នួល​របស់​យើង​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ហេតុនេះ​ផលិតភាព​ការងារ​គួរតែ​កើនឡើង​ផង​ដែរ »​។

កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ថ្លែង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គួរតែ​មាន​ភាព​សម​ស្រប​មួយ ខណៈ​បច្ចុប្បន្ន​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ខ្ពស់​ជាងគេ​រួច​ទៅ​ហើយ ហេតុនេះ​យើង​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​រហូត​ថៅកែ​រោងចក្រ​បិទទ្វារ ឬ​ចាក​ចេញពី​កម្ពុជា​នោះ​ទេ ។

សម្តេច​ថ្លែង​ថា ៖« យើង​ត្រូវ​ថ្លឹងថ្លែង​ពី​បញ្ហា​នេះ មិនមែន​ចេះ​តែ​ដំឡើង​រហូត​ដល់​និយោ​ជ​ក​មិន​អាច​ទទួលយក​បាន ហើយ​ចាកចេញ​ទៅ​ប្រទេស​ផ្សេង​ៗ​ឡើយ »​។

តាម​គម្រោង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សម្រេច​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល នឹង​បញ្ចប់​មុន​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ