ខេត្តស្វាយរៀង ៖ ឧបករណ៍ឆក់ត្រីខុសចំនួន៤១គ្រឿងត្រូវបានកម្លាំងចម្រុះសហការគ្នាចុះបង្ក្រាប និងដកហូត យកមករក្សាទុកព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ដល់ ពលរដ្ឋដែលមាន លួចលាក់នូវឧបករណ៍ឆក់ត្រីសរុបចំនួន៤១នាក់។ បើតាមសមត្ថកិច្ចស្វាយទាបបានឲ្យដឹងថា ការចុះបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ដល់ម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាល ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តទៀតថា មុនធ្វើការបង្ក្រាប និងដកហូតឧបករណ៍ឆក់ខាងលើនេះ គឺមានពលរដ្ឋរាយការណ៍ថា មានអ្នកភូមិប្រើប្រាស់ឧបករណ៍ឆក់ដើរលួចឆក់ត្រីតាមបឹងប្រឡាយ ទើបកម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក កើត សុខា ក្រុមប្រឹក្សាឃុំគគីរសោម ចុះបង្ក្រាបដកហូត និងពលរដ្ឋបានប្រគល់នូវឧបករណ៍ឆក់រួមមាន៖ ដុំឆក់ត្រី៤១គ្រឿង ប្រម៉ោយឆក់៣២គូ និងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ ព្រមទាំងនេសាទត្រីដោយខុសច្បាប់ទៀត។ ក្រោយពីធ្វើកិច្ចសន្យា និងអប់រំសមត្ថកិច្ចបានដោះលែងប្រជាពលរដ្ឋទាំង៤១នាក់នោះឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ចែករំលែកព័តមាននេះ